ជាទូទៅមនុស្សជាច្រើនគិតថាកាកអំពៅឬសំរាមជារបស់ឥតប្រយោជន៍ ផ្ទុយទៅវិញសហគ្រិន២រូបបែរជា ឃើញថាកាកអំពៅនិងសំរាមគឺជាមាសទៅវិញ ដោយបានកែប្រែពីរបស់ដែលអត់តម្លៃ ទៅជាផលិតផលចាននិងរបស់ប្រើប្រាស់រហូត អាចរកប្រាក់ចំណូលហើយ ថែមទាំងជួយដល់បរិស្ថានថែមទៀត ។ សហគ្រិនចិត្តសឿងទាំង២រូបដែលបានយកសំរាមនិងកាកអំពៅមកច្នៃជារបស់ប្រើប្រាស់គឺមានឈ្មោះថាលោកតាន់ សុជាតិ និង លោកលឹម វណ្ណី៖
១. លោកតាន់ សុជាតិ (ស្ថាបនិកក្រុមហ៊ុន MG Pacific Company)
នៅក្នុងបទសម្ភាសន៍ជាមួយ Business Cambodia ក្នុងកម្មវិធីក្តីស្រមៃខ្ញុំ ដែលមានលោក សំ កុសល ដែលជាអ្នកសម្របសម្រួល លោកតាន់ សុជាតិ ដែលជាម្ចាស់ក្រុមហ៊ុន MG Pacific Company Limited បានជម្រាបឱ្យដឹងថា លោកបានចំណាយពេលជាង២ឆ្នាំ និងលុយជាង២ម៉ឺនដុល្លារក្នុងការសិក្សាស្រាវជ្រាវរូបមន្តទាំងនេះឡើង។
ម្ចាស់អាជីវកម្មដែលមានបេះដូងស្រឡាញ់បរិស្ថានរូបនេះ បានបន្តទៀតថា ការចាយពេលជាច្រើនឆ្នាំ បូករួមទាំងលុយក្នុងហោប៉ៅផ្ទាល់ខ្លួន ក្នុងការច្នៃកាកអំពៅ អោយចេញជាផលិតផលចាន នេះក៏ដោយសារតែ លោកស្រឡាញ់ និងចង់បានអ្វីមួយដែលកើតចេញពីបេះដូង និងជាផលិតផលរបស់ខ្មែរក្នុងស្រុក ។
តួយ៉ាងការធ្វើចានពីកាកអំពៅនេះឡើងដំបូងឡើយគឺមានផលពិបាកខ្លាំង ដោយលោកត្រូវរកម៉ាស៊ីនកាត់ ពោលគឺគ្មានម៉ាស៊ីនណាអាចកាត់កាក់អំពៅបានទេ ដោយសារតែវាជាប្រភេទកាកសរសៃ ថែមទាំងស្វិតទៀតផង ប៉ុន្តែបញ្ហាមួយនេះមិនអាចរាំងបេះដូងដែក និងមានឈាមតស៊ូអ្នករកស៊ីរូបនេះឡើយ ។
ដោយទីបំផុតលោកបានរកឃើញគំនិតមួយដែលអាចដោះស្រាយបញ្ហាខាងលើបាន ដោយធ្វើការច្នៃម៉ាស៊ីនដោយខ្លួនឯង ដែលធ្វើអោយកាកអំពៅប្រែជារបស់មួយ ដែលងាយក្នុងការផលិតចេញជាចាន មិនត្រឹមតែមានភាពស្រស់ស្អាតទេ ថែមទាំងជួយដល់បរិស្ថានថែមទៀត និងងាយស្រួលទុកដាក់។
បើនិយាយអំពីតម្លៃវិញចានដែលធ្វើពីកាកអំពៅចំនួន១០ មានតម្លៃ ១ម៉ឺនរៀល ខណៈពេលដែលចានស្នោរ ១០០ចាន ត្រឹមតែ ៥-៦ ពាន់តែប៉ុណ្ណោះ ប៉ុន្តែគុណភាពក៏ខុសគ្នាដែរ។
ម្ចាស់ក្រុមហ៊ុន MG Pacific បានបញ្ជាក់ថា អ្នកគាំទ្រភាគច្រើន សុទ្ធតែជាអ្នកស្រលាញ់បរិស្ថាន និងស្រលាញ់ផលិតផលខ្មែរ និងមានទំនួលខុសត្រូវខ្ពស់ ព្រោះសំរាមដែលគាត់បោះចោលមិនបង្កអោយគ្រោះថ្នាក់ដល់អ្នកដទៃ និងជាជីថែមទៀតផង។
២. លោក លឹម វណ្ណី (ម្ចាស់សិប្បកម្មកែច្នៃសំរាម ចេញជារបស់ប្រើប្រាស់)
លោក លឹម វណ្ណី បាននិយាយ ថា ដោយសំរាមមានការកើនឡើយពីមួយថ្ងៃទៅមួយថ្ងៃ ហើយណាមួយវាប៉ះពាល់ដល់បរិស្ថានផងនោះ ទើបលោក សម្រេចចិត្តបើកសិប្បកម្មកែច្នៃ សំរាមប្លាស្ទិកឱ្យទៅជារបស់អ្វីមួយដែលអាចប្រើប្រាស់ជាប្រយោជន៍បាន។ ហើយមួយផ្នែកទៀត វាក៏អាចជួយដោះស្រាយបញ្ហាសំរាមបានមួយចំនួនតូចផងដែរនៅកម្ពុជា មិនត្រឹមតែប៉ុណ្ណឹងវាបានផ្ដល់ការងារឱ្យប្រជាពលរដ្ឋបានខ្លះផងទៀត។
សិប្បកម្មរបស់លោក បានដំណើរការអស់រយៈពេលជាង ១០ឆ្នាំទៅហើយ នៅក្នុងការប្រមូលសំរាមដើម្បីចម្រាញ់ឱ្យក្លាយជា “គ្រាប់ជ័រ” ដើម្បីនាំចេញទៅក្រៅប្រទេស។ លោកបន្តថា គ្រាប់ជ័រនេះបាននាំចេញទៅប្រទេសវៀតណាម និងចិន ដែលប្រទេសទាំងពីរនេះ គេយកទៅកែច្នៃធ្វើជារបស់របរប្រើប្រាស់មានដូចជា កៅអីជ័រ កញ្រ្ចែងជ័រ ខ្សែរ និងរបស់របរប្រើប្រាស់ជាច្រើនផ្សេងៗទៀង។
ម្ចាស់សិប្បកម្មវ័យចំណាស់រូបនេះ បានបន្ថែមទៀតថា “ដោយសារមានការនាំចេញទៅក្រៅប្រទេស លោកក៏ចោតជាសំនួរថា ហេតុអ្វីបានមិនកែច្នៃនៅក្នុងប្រទេសខ្លួនឯងវិញ”។ បន្ទាប់មក លោក វណ្ណី បានបម្រែង គ្រាប់ជ័រ ដែលគាត់បានធ្វើនេះ ឱ្យទៅជារបស់របរប្រើប្រាស់បានក្នុងនោះរួមមាន ប្រអប់បាយ ចានជ័រ ជាដើម។ បន្ថែមពីលើនេះ នៅថ្ងៃខាងមុនលោកនិងព្យាយាមច្នៃអ្វីផ្សេងៗក្រៅពីសំរាមប្លាស្ទិក។
ជាចុងក្រោយនេះ សិប្បកម្មកែច្នៃសំរាមប្លាស្ទិក របស់លោក លឹម វណ្ណី អាចផលិតគ្រាប់ជ័រ ប្រមាណជាង ២0តោនក្នុងមួយថ្ងៃ សម្រាប់ផ្គត់ផ្គង់នៅក្នុងស្រុក និងទៅបរទេស។ ហើយលោកបើកចិត្តទូលាយក្នុងការទទួលស្វាមគមន៍ ក្មេងៗជំនាន់ក្រោយដែលចង់រកស៊ីរបរដូចគាត់ ក្នុងជួយរបង្ហាត់បង្ហាញផ្លូវ៕
អត្ថបទ៖ ធី ស្រីល័ក្ខ