អត្ថបទ >
ចាប់ផ្តើមអាជីវកម្ម
ខោ១តម្លៃ៤៤$! យីហោ ឡៅលីន ផ្តើមពីជាងដេរម្នាក់ កើនដល់១០០នាក់ លក់ចេញដល់ថៃ

Meng Songly

May 10 2022

2.4K

ផ្តើមចេញពីជាងដេរម្នាក់ លក់ត្រឹមតែក្រណាត់រយ យីហោសម្លៀកបំពាក់ ឡៅលីន បានប្រែខ្លួនមកជាសិប្បកម្មផលិតសម្លៀកបំពាក់មានគុណភាពខ្ពស់ មានជាងដេររហូតដល់១០០នាក់ និងអាចលក់បានក្នុងតម្លៃដល់៤៤ដុល្លារ ក្នុង១ខោ ហើយថ្មីៗនេះ អាចនាំចេញទៅលក់ដល់ប្រទេសថៃថែមទៀត។

នៅក្នុងបទសម្ភាសន៍ជាមួយ Business Cambodia ក្នុងកម្មវិធីក្តីស្រមៃខ្ញុំ ដែលមានលោក សំ កុសល ដែលជាអ្នកសម្របសម្រួល អ្នកស្រី ចាន់ គីមលីន ដែលជាម្ចាស់យីហោសម្លៀកបំពាក់ខាងលើនេះ បានឱ្យដឹងថា “យើងបានលក់ក្រណាត់រយអស់រយៈពេលជាង១៥ឆ្នាំមកហើយ មុននឹងយើងចាប់ផ្តើមបង្កើតឱ្យមានយីហោ ឡៅលីន នេះឡើង នៅដើមឆ្នាំ២០២០ អំឡុងពេលជាមួយនឹងវិបត្តិកូវីដ១៩” ។

អ្នកស្រី បានបន្តថា កត្តាសំខាន់ដែលជំរុញឱ្យមានការផលិត និងបង្កើតយីហោ ឡៅលីន នេះឡើង គឺដោយសារអ្នកស្រីចង់ឃើញផលិតផលស្នាដៃកូនខ្មែរមានទីផ្សារក្នុងស្រុក និងនៅលើឆាកអន្តរជាតិទទួលស្គាល់ មិនតែប៉ុណ្ណោះការផលិតនេះ ក៏មានគោលបំណងជួយដល់ប្រជាជនខ្មែរ ឱ្យមានការងារធ្វើកាន់តែច្រើន ដើម្បីកាត់បន្ថយការទៅធ្វើចំណាកស្រុកផងដែរ។

ប៉ុន្តែទោះជាយ៉ាង ម្ចាស់យីហោសម្លៀកពាក់នៅក្រុងប៉ោយប៉ែតរូបនេះ បានឱ្យដឹងថា ការចាប់ផ្តើមបង្កើតយីហោដំបូងៗនោះ គឺមានគេគិតថា មិនអាចទៅរួចនោះឡើយ ពីព្រោះគេគិតថា ផលិតផលខ្មែរ ពិបាកទាញយការគាំទ្រខ្លាំងណាស់។ ហើយជាការពិត ទម្រាំតែអាចធ្វើឱ្យយីហោមួយនេះ មានការគាំទ្រច្រើន គឺលោកស្រីជួបឧបសគ្គជាច្រើន ជាពិសេសនោះ គឺនៅអំឡុងពេលកូវីត-១៩ តែម្តង។

សហគ្រិនចិត្តស៊ូរូបនេះ បានសង្កត់ធ្ងន់ថា ទោះបីជាមានគេប្រាប់ថា មិនអាចទៅរួច ក៏អ្នកស្រីមិនបោះបង់ដែរ រហូតដល់ពេលនេះ យីហោខោឡៅលីន មានចំណុចពិសេសច្រើន ដែលអាចទាញអតិថិជនឱ្យហ៊ានចំណាយលុយទិញ។ អ្វីដែលពិសេសនោះ គឺខោរបស់យីហោ ឡៅលីន មានច្រើនទំហំសម្រាប់ក្នុងការជ្រើសរើស និងមានតម្លៃចាប់ពី២៩ដុល្លារ ដល់៤៤ដុល្លារ​ ម៉ូតស្អាតប្លែកគ្នា ដែលតម្លៃសម្យនិងគុណភាពរបស់ខោ។

ជាចុងក្រោយ អ្នកស្រី ចាន់ គីមលីន បានលើកទឹកចិត្ត សម្រាប់សហគ្រិនដែលចេញរកស៊ីដំបូងៗ កុំឱ្យមានអារម្មណ៍ឆាប់បាក់ទឹកចិត្ត ត្រូវចាំថាអ្វីក៏ដោយ គឺយើងធ្វើសិនបើសិនណាយើងធ្វើមិនទាន់បានសម្រេចទេក៏យើងធ្វើមក ព្រោះអ្នកស្រីផ្ទាល់ មិនមែនធ្វើភ្លាមបានសម្រេចភ្លាមទេ គឺតែងតែជួបឧបសគ្គច្រើន ដូច្នេះហើយអ្នកស្រី លើកទឹកចិត្តសហគ្រិនចេញរកស៊ីដំបូងគឺចាប់ផ្តើមធ្វើ អ្វីដែលជាក្តីស្រមែរបស់ខ្លួន ធ្វើទាំងយើងមិនពូកែក៏ដោយ ប្រសិនបើដួលត្រូវងើប ហើយរៀនពីបញ្ហា ធ្វើម្តងទៀត ៕

អត្ថបទដោយ៖ ស្រេង យិនលីវ

ពាណិជ្ជកម្ម

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth