សម្រាប់មនុស្សទូទៅ កន្ទុយបារីគឺជារបស់ដែលគួរឱ្យខ្ពើម និងអត់តម្លៃ ហើយគេតែងតែបោះវាចោលនៅតាមទីសារធារណ ប៉ុន្តែដោយឡែក លោក Naman Gupta និងមិត្តភក្ត្រម្នាក់ទៀតរបស់លោក Vipul Gupta បែរជាមានគំនិតកែច្នៃកន្ទុយបារីនេះ ធ្វើជាតុក្ដតា និងសម្ភារៈប្រើប្រាស់ជាច្រើនផ្សេងទៀត ដែលមានភាពល្បីល្បាញ និងជួយបរិស្ថានខ្លាំង នៅទូទាំងប្រទេសឥណ្ឌា។
ថ្លែងនៅក្នុងវីដេអូមួយរបស់ Nas Daily លោក Naman បានលើកឡើងថា គំនិតដែលនាំឲ្យមានការចាប់ផ្តើមសិប្បកម្មកែច្នៃកន្ទុយបារីនេះឡើង ព្រោះតែលោកមើលឃើញមានកន្ទុយបារីស្ទើរតែនៅគ្រប់ទីកន្លែង។ បើតាមស្ថិតិមានប្រមាណជាង ១២ពាន់លានកន្ទុយបារីដែលត្រូវបានគេបោះចោលជារាល់ថ្ងៃ។ ហើយគ្រាន់តែប្រទេសឥណ្ឌាមួយ មានអ្នកជក់បារីប្រមាណជាង១២០លាននាក់។
ហេតុផលទាំងអស់នេះហើយ ដែលលជម្រុញឲ្យសិប្បកម្មនេះកើតឡើង ដោយក្នុងមួយថ្ងៃ សិប្បកម្មរបស់លោក អាចកែច្នៃកន្ទុយបារី១លានដើម ដោយលោក Naman បានកែច្នៃកន្ទុយបារីទៅជាសម្ភារៈប្រើប្រាស់ផ្សេងៗដូចជា ពូក ប្រដាប់ក្មេង តុកត្ដា និងខ្នើយផ្សេងៗ ជាដើម។
ជាចុងក្រោយនេះ លោក Naman បាននិយាយថា “ប្រសិនបើមនុស្សជក់បារី វាជាបញ្ហាមនុស្ស ប៉ុន្តែការសម្អាតបរិស្ថានគឺជាបញ្ហាមួយផ្សេងទៀត”។ យោងទៅតាមកត្តាខាងលើ លោកបានក្លាយជាចំណែកសំខាន់មួយ ដែលអាចដោះស្រាយបញ្ហាពិភពលោក និងជាសញ្ញាបញ្ជាក់ថា អ្វីគ្រប់យ៉ាងដែលយើងឃើញនៅកន្លែងគេបោះចោល សុទ្ធតែអាចមានតម្លៃទាំងអស់ ឱ្យតែយើងផ្តល់តម្លៃឱ្យវា៕
ទស្សនាវីដេអូបន្ថែម៖
https://www.facebook.com/watch/?v=528332708910099
អត្ថបទដោយ៖ ផល ធារិត