ជាធម្មតា មនុស្សគ្រប់គ្នាតែងតែគិតថាមុខរបរលក់ងៀតគោ ងៀតក្របីនេះ គឺជារបរកុំប៉ិកកុំប៉ុកប៉ុណ្ណោះ ព្រោះមុខរបរនេះភាគច្រើនរកចំណូលបានតិចតួចបំផុត។ ប៉ុន្តែអ្វីដែលគ្រប់គ្នាគិតមិនប្រាកដថាត្រូវទាំងអស់ឡើយ ដោយសារលោក ម៉ៃ ហង្ស លក់តែងៀតគោ មានអតិថិជនគាំទ្រខ្លាំងរហូតមួយថ្ងៃលក់បានរាប់រយគីឡូនិងអាចរកចំណូលបានខ្ទង់ពាន់ដុល្លារឯណោះក្នុងមួយខែ។
នៅក្នុងបទសម្ភាសន៍ជាមួយ Business Cambodia លោកម៉ៃ ហង្ស ដែលជាម្ចាស់យីហោសិប្បកម្មងៀត TDHR បាននិយាយថា នៅពេលដែលលោកបានចាប់ផ្តើមលក់ងៀតគោ ងៀតក្របីដំបូង លោកពុំទាន់មានដើមទុនគ្រប់គ្រាន់ក្នុងការរកស៊ីឡើយ ដូច្នេះលោកបានច្នៃលុយធនាគារដើម្បីមករកស៊ី។
បន្ទាប់ពីខ្ចីលុយគេមកធ្វើជាដើមទុនបានខ្លះ លោកបានឃើញក្រុមហ៊ុនក្នុងស្រុកមួយកន្លែងបាននាំងៀតគោ ងៀតក្របីពីក្រៅប្រទេសយកមកលក់នៅប្រទេសកម្ពុជា ឃើញដូច្នេះលោកក៏បានទៅកាត់ស្តុកដើម្បីយកមកលក់បន្ត។
ក្រោយពីបានលក់ក្នុងអំឡុងឆ្នាំ ២០១៩ គឺលោកទទួលបានការគាំទ្រយ៉ាងខ្លាំង ដោយសារតែងៀតគោ ងៀតក្របីនោះមានរសជាតិឆ្ងាញ់ និងតម្លៃធូរថ្លៃផងដែរ ដូចនេះពីមួយថ្ងៃទៅមួយថ្ងៃការលក់របស់លោកកាន់តែកើនឡើងខ្លាំងទៅ រហូតលោកទិញយកមកស្តុកអស់រាប់ពាន់ដុល្លារ ដើម្បីពេលអតិថិជនមកទិញគឺបានភ្លាមៗតែម្តង។
លោកហង្ស បានបន្តទៀតថា មូលហេតុដែលងៀតគោ ងៀតក្របីរបស់លោកលក់ដាច់ខ្លាំងបែបនេះគឺ ព្រោះតែ វាបានឆ្លងកាត់ពីការសម្ងួតដោយម៉ាស៊ីនទំនើបស្វ័យប្រវត្តិ មិនតែប៉ុណ្ណោះគ្រប់ផលិតផលនៅក្នុងហាងរបស់លោកគឺគ្មានគ្រឿងផ្សំ និងគ្មានសារធាតុក្រោមឡើយ ពោលគឺការវេចខ្ចប់អាចរក្សាទុកបានយូរដោយមិនភ័យខ្លាចទិញទុកធ្វើឱ្យខូចគុណភាពទេ។
លោកម៉ៃ ហង្ស ដែលជាម្ចាស់យីហោសិប្បកម្មងៀត TDHR បានបញ្ជាក់ថា ព្រោះតែផលិតផលរបស់លោកមានគុណភាពល្អបែបនេះហើយ ទើបធ្វើឱ្យលោកអាចលក់ដាច់ក្នុងមួយថ្ងៃចាប់ពី ៦០០ ទៅ៧០០ គីឡូឯណោះ។ លើសពីនេះទៅទៀត មុខរបរលក់ងៀតគោ ងៀតក្របីនេះធ្វើឱ្យលោកអាចរកចំណូលបានចន្លោះចាប់ពី ៤ ពាន់ដុល្លារទៅ៥ពាន់ដុល្លារក្នុងមួយខែផងដែរ៕
អត្ថបទ៖ ធី ស្រីល័ក្ខ