មូលហេតុបរាជ័យងើបមិនរួច របស់ហាង គុយទាវទូក នៅកម្ពុជា

0
49

តើអ្នកនៅចាំហាង គុយទាវ 8 Boat Noodle និង ហាងគុយទាវទូក ឈ្មោះប្រហាក់ប្រហែល គ្នានេះដែរទេ? ធ្លាប់តែមានមនុស្សច្រើន តម្រង់ជួរគ្នាចូលញុាំ ធ្លាប់តែពង្រីកសាខាបានលឿន តែឥទ្បូវហាងទាំងនោះទៅបាត់ហើយ។ តើអ្វីជាមូលហេតុបរាជ័យងើបមិនរួច របស់ហាងគុយទាវទុក នៅកម្ពុជា?

ចុងឆ្នាំ ២០១៤ ដើមឆ្នាំ ២០១៥ ហាងគុយទាវទូកមួយ បានចាប់កំណើតហាងទី១ របស់ខ្លួននៅ កោះពេជ្យ។ Business Cambodia មានឱកាសបានជួយសម្ភាសន៍ ជាមួយសហម្ចាស់ហាង 8 Boat Noodle ដែលជាជនជាតិម៉ាទ្បេសុី ពីគំនិតបង្កើតហាងរបស់គាត់។

គាត់បង្កើតបានតែ៣ខែ គាត់អាចលក់ Franchise បានយ៉ាងលឿន នេះហើយជាចម្ងល់ទី១ ដែលខ្ញុំបានសួរទៅគាត់។ គាត់បានឆ្លើយថា កម្ពុជាកំពុងតែរីកចម្រើន យុវជនកម្ពុជា ត្រូវការបែបបទថ្មីក្នុងការញុាំ គុយទាវ ដែលនេះហើយដែលធ្វើឲ្យហាងជោគជ័យ។

ពេលដែលខ្ញុំសួរគាត់ថា អ្វីដែលធ្វើឲ្យគាត់ពេលយប់ដេកមិនលក់? គាត់បានឆ្លើយថា គឺ ការយល់សុបិន ខ្លាចថា ថ្ងៃណាមួយ គេនឹងចម្លងតាមជោគជ័យរបស់គាត់ ដោយបើកហាង ដូចគាត់។ នេះជាមូលហេតុដែលគាត់ខំលក់ Franchise ឲ្យគេបើកហាងគាត់ឲ្យបានច្រើន ឲ្យបានលឿន។ ៣ខែក្រោយ ដែលខ្ញុំបានជួបគាត់នៅដើមឆ្នាំ ២០១៥ សុបិន​គាត់បានក្លាយជាការពិត។

ចំនួនហាងច្រើន ការគ្រប់គ្រង ក៏វិលមុខដែរ។ ស្របពេលដែលគាត់ពង្រីកហាងមានច្រើន ក្នុងរយៈពេលខ្លី ប្រាកដណាស់ថា គាត់នឹងប្រឈមនូវបញ្ហា ក៏កាន់តែច្រើនដែរ ដែលបញ្ហានេះ អាចធំហួសសមត្ថភាព របស់អ្នកដឹកនាំ អាជីវកម្មមេរបស់ហាងគុយទាវទូកនោះ។ គ្រប់គ្រងមិនបានល្អ បានធ្វើឲ្យប៉ះពាល់ផងដែរ ដល់ហាងគុយទាវទូកក្នុងវិស័យនេះទាំងមូល។

មូលហេតុបន្ទាប់ ដែលជាមូលហេតុធំ តាមពិតទៅគឺដោយសារ ហាងគុយទាវទូក ទាំងនោះ បានយក អារម្មណ៍ប្លែកមករកសីុ។ Business Cambodia ធ្លាប់បានលើកមកហើយថា អារម្មណ៍ប្លែក មិនអាចយកមករកសីុបានទេ ប្លែកថ្ងៃនេះ គេមកញុាំម្តងទៀត លែងប្លែកហើយ ហើយបើលែងប្លែកហើយ គេក៏លែងញុាំទៀតដែរ។

មេរៀនចំណុចពិសេស ត្រង់អារម្មណ៍ប្លែកនេះ ជាមេរៀនដែលសហគ្រិនកម្ពុជាទាំងអស់ គួរចងចាំ។ ចំណុចពិសេសដែលនឹងធ្វើឲ្យយើងលក់ដាច់គឺអារម្មណ៍ តែយើងមិនគួរប្រើអារម្មណ៍ប្លែកមករកសីុទេ។ ដោយសារការរីកចម្រើនលឿន បានធ្វើឲ្យហាង គុយទាវទូក មិនបានរកអ្វីក្រៅពីអារម្មណ៍ប្លែក មកទាក់ទាញភ្ញៀវទ្បើយ នេះហើយជាដើមចម នៃការបរាជ័យងើបមិនរួចរបស់ខ្លួន៕

អត្ថបទដោយ៖ សំ កុសល

អ្នកនិពន្ធសៀវភៅ ចង់ពូកែរកសីុ ត្រូវចេះសំលៀងពូថៅ

ទំនាក់ទំនងអ្នកនិពន្ធផ្ទាល់ http://www.facebook.com/sam.kosal.7

LEAVE A REPLY

Please enter your comment!
Please enter your name here