ហាងកាហ្វេ «Bean scene» បិទទ្វារពីអាមេរិកព្រោះ​បំណុលរត់​មកខ្មែរ​បើក​បា​​បីខែបិទទ្វារវិញ

0
30

ភ្នំពេញ៖ ហាង​កាហ្វេ «Bean scene» ​​ដែល​បាន​ដំណើរ​ការ​នៅ​លើ​ទឹក​ដី​លោក​ខាង​លិច​នៃ​សហរដ្ឋ​អាមេរិក ក្នុងអំឡុង​ឆ្នាំ​២០០៦​-២០០៩ ហើយ​បាន​បិទទ្វារ​ទៅ​វិញ​ព្រោះ​មាន​បញ្ហា​ហិរញ្ញវត្ថុ ចំពោះ​ការ​ជួល​ទីតាំង និង​ថ្លៃ​សេវា​កម្ម​ផ្សេៗទៀត រួច​ក៏​​បាន​បន្ដ​មក​បើក​នៅ​ប្រទេស​កម្ពុជាក្នុង​ឆ្នាំ​២០១៧​នេះ​​​បាន​ប្រហែល​​បីខែ​ក៏​​បន្ដ​បិទ​ទ្វារទៀត ។

តាម​ប្រភព​ពត៌មាន​ sfgate.com រាយ​ការ​ណ៍ និង​សរសេរដោយ Stephanie Rice and Nanette Asimov កាល​ពី​ថ្ងៃ​ព្រហស្បត៌ ទី១០ ខែកក្កដា ឆ្នាំ​ ២០១៤ បាន​ឲ្យ​ដឹង​ថា ហាង​កាហ្វេ Bean scene នេះ​បាន​បិទ​ទ្វារ​ដោយ​បទ​​ឆបោក​ចំពោះ​​ការ​មិន​បង់​ប្រាក់​ឈ្នួល និង​ថ្លៃ​សេវា​ផ្សេង​ៗទៀត ​ពី​សាលា  City College of San Francisco  គិត​ជាទឹក​ប្រាក់ ជិត 127,000. ដុល្លារអាមេរិក​។

តាម​ប្រភព​ពី​គណៈគ្រប់​គ្រង​សាលា​​ City College បាន​ឲ្យ​ដឹង​ថា ប្ដី​ប្រពន្ធ​ពីរនាក់ ដែល​មានឈ្មោះថា Amy Nget និង វណ្ណារិទ្ឋបាន​មក​ជួល​សាលា​ដើម្បី​បើក​ហាង​នេះ​​ ហើយមិន​បាន​បង់​ថ្លៃ​ជួល​ផ្ទះ​ក្នុង​អំឡុង​ឆ្នាំ ២០០៦ និង ​២០០៩ សរុបចំនួន ១៤ខែ ដែល​ក្នុង​១ខែ ត្រូវ​បង់​ថ្លៃ​ឈ្នួល​ផ្ទះ​ចំនួន 4,050 ដុល្លារ​អាមេរិក។

តាម​ប្រភព​ព័ត៌មាន​ពី​សហរដ្ធអាមេរិក ដែល​សូម​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា «ខ្ញុំពិត​ជា​ភ្ញាក់ផ្អើល​ពេល​ឃើញ​ហាង​កាហ្វេ Bean scene  បាន​បើក​នៅសណ្ឋាគារ Lumiere។ ខ្ញុំចងដឹង​ចង់ឃើញហើយ ខ្ញុំបាន​មើល​ព័ត៌​មាន​ជា​ថ្មីម្តង​ទៀត​ ហើយក៏ដឹងថា វាជាហាងកាហ្វេ Bean scene  តែមួយដូចសហរដ្ឋអាមេរិក។ ខ្ញុំក៏បានឃើញចៅហ្វាយស្រី និង​ចៅហ្វាយ​ប្រុសតែមួយដើរចុះឡើងនៅទីនោះ»។

ប្រភព​ដដែល​បន្ដ​ថា «មើលទៅហាក់ដូចជាថៅកែត្រឡប់មកនៅប្រទេសកម្ពុជាវិញ ហើយបាចាប់​ផ្តើមបើកហាងកាហ្វេ Bean scene មួយផ្សេងទៀតដែលមានឈ្មោះដូចគ្នា នៅសណ្ឋាគារថ្មីមួយដែលមានឈ្មោះថា​ សណ្ឋាគារ Lumiere ។ ខ្ញុំឆ្ងល់​ថាតើបញ្ហានេះត្រូវបានដោះស្រាយនៅអាមេ​រិក​ហើយមែនទេ? ព្រោះរបាយការណ៍របស់សហរដ្ឋអាមេរិក និយាយ​ថា​ករណី​នេះមិនទាន់ដោះស្រាយបានទេ»។

ពលរដ្ឋ​រូប​នេះបាន​អះអាងថា «ឥឡូវនេះហាងកាហ្វេ Bean scene នៅសណ្ឋាគារ​ Lumiere ត្រូវ​បាន​បិទ​ជាថ្មីម្តង​ទៀត​បន្ទាប់​ពីបើកបានតែពីរបីខែប៉ុណ្ណោះ»។

អ្នក​គ្រប់​គ្រង​នៅ​ហាង​កាហ្វេនៅ​សណ្ឋាគារ Lumiere ដែល​ជាកន្លែង​ Bean scene ទើប​បិទ​ទ្វារ​ បាន​ឲ្យ​ដឹង​ថា លោក​មិន​បាន​ដឹង​ពីពត៌មាន​ចំពោះ​ការ​បិទ​ទ្វារនៃ​ហាង​កាហ្វេ Bean scene នេះទេ លោក​គ្រាន់​តែ​ដឹង​ថា ហាង​កាហ្វេ​ Bean scene បិទទ្វារ​មួយ​រយៈទៅហើយ។

លោក​បាន​បន្ដថា «កាហ្វេ Bean scene ដែល​បាន​បើក​រកស៊ី​នៅ​ក្នុង សណ្ឋាគារ Lumiere បាន​បិទទ្វារ​ជិត​ពីរខែ​ហើយ  តែ​ចំពោះពត៌មាន​ផ្សេង​ៗពាក់​ព័ន្ធ​ចំពោះ​ កាហ្វេ Bean scene ខ្ញុំ​មិន​បាន​ដឹងទេ​​»៕​​

អត្ថបទ៖ វ៉ន ដារ៉ា

ប្រភព៖ www.sfgate.com/bayarea/article/CCSF-sues-Bean-Scene-cafe-over-127-000-in-unpaid-5603144.php

LEAVE A REPLY

Please enter your comment!
Please enter your name here