តារាចម្រៀងរ៉េប វណ្ណដា ត្រូវបានកាសែតប្រទេសថៃ Bangkok Post ចុះផ្សាយកោតសរសើរអំពីទេពកោសល្យរបស់លោកក្នុងការ លាយបញ្ចូលតន្រ្តី Hip Hop ជាមួយនឹងចម្រៀងខ្មែរបានយ៉ាងល្អឥតខ្ជោះអន្ទងចិត្ត អ្នកគាំទ្រនិងទស្សនាបានជាសកល។
ទីភ្នាក់ងារសារព័ត៌មានដ៏ល្បីប្រចាំប្រទេសថៃ Bangkok Post នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានផលិតវីដេអូមួយដែលមានអ្នកទស្សនាជាង១លានដង អំពីតារាចម្រៀងរ៉េបកម្ពុជា លោក ម៉ាន់ វណ្ណដា ដោយភ្ជាប់ជាមួយចំណងជើងថា “ទទួលបានបទពិសោធន៍បទចម្រៀងហ៊ីបហបខ្មែរជាមួយ Vann Da តារារ៉េបដែលលាយសំឡេង ចង្វាក់ប្រពៃណីជាមួយចង្វាក់ទំនើប បង្កើតបានបទចម្រៀងបែបហ៊ីបហប ជាតន្ត្រីដែលអាចទាក់ទាញបេះដូងអ្នកទស្សនា ទូទាំងពិភពលោក”។
យ៉ាងណាមិញនៅក្នុងខ្លឹមសារវីដេអូនោះ គេបានបញ្ជាក់អំពីប្រវត្តិតស៊ូរបស់វណ្ណដា ជាមួយលុយ១០០$ ចាកចេញពីទឹកដីខេត្តព្រះសីហនុ ដើម្បីដើរតាមក្តីស្រមៃធ្វើជាតារាចម្រៀងអាជីព រហូតល្បីលំដាប់ជួរមុខនៅកម្ពុជា។
ជាមួយនឹងចម្រៀងហីតៗផ្ទុះៗដូចជា បទ Time to Rise អមដោយសំឡេងចាប៉ីដងវែង ធ្វើឱ្យកម្លោះសំឡេងមុតស្រួច រូបនេះកន្រ្តាក់អារម្មណ៍ទាំងទស្សនិកជនបរទេសនិងអ្នកគាំទ្រថៃផងដែរ។
ក្នុងនោះគេបានបញ្ជាក់ទៀតថា វណ្ណដា គឺជានិមិត្តរូបសម្រាប់អ្នកគាំទ្រកម្ពុជា ក្នុងនាមជាអ្នកបោះជំហាន ពួយល្បឿនលើវិស័យរ៉េបមុនគេដែលបាន នាំយកចង្វាក់ប្រពៃណីទៅកាន់ឆាកអន្តរជាតិ ដូចជាការប្រគុំតន្រ្តីនៅកីឡាអូឡាំពិច ជាមួយនឹងជំពូកតារាចម្រៀងអន្តរជាតិលំដាប់ហូលីវូដជាដើម។
គួររំលឹកថានេះមិនមែនជាលើកទី១ទេ ដែលតារាចម្រៀងមកពីផលិតកម្ម បារមី រូបនេះត្រូវបានកាសែតបរទេសចុះផ្សាយកោតសរសើរអំពីថ្វីដៃលើវិថីសិល្បៈ ខណៈកន្លងមកក៏មានកាសែតអាមេរិក forbes សារព័ត៌មានបារាំង និងវៀតណាមផងដែរ៕
អត្ថបទដោយ៖ ពីង ជូអេង