យោងតាមការចុះផ្សាយដោយសារព័ត៌មាន The Nation នៅថ្ងៃទី០៤ ខែមេសានេះ បានឱ្យដឹងថារដ្ឋាភិបាលថៃបានដាក់ក្តីរំពឹងនិងជឿជាក់ថាប្រទេសថៃអាចរកចំណូលបានរហូតដល់ ៥២.៥ពាន់លានបាតពីវិស័យទេសចរណ៍ក្នុងស្រុកពី កម្មវិធីសង្ក្រាន្តឆ្នាំ២០២៤ រយៈពេល ២១ថ្ងៃ។
ក្នុងនោះអាជ្ញាធរទេសចរណ៏ថៃ រំពឹងថាមនុស្សប្រហែល ១៥លាននាក់នឹងធ្វើដំណើរជុំវិញប្រទេសចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី ២១ ខែមេសាដោយកត្តានេះនឹងអាចទាញប្រាក់ចំណូលប្រមាណ៥២.៥ ពាន់លានបាតចូលសេដ្ឋកិច្ចជាតិ។
ប្រភពពី Bangkok Post ចុះផ្សាយថ្ងៃដដែលបានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោកជំទាវ Thapanee Kiatphaibool បានគូសបញ្ជាក់ថាចំនួននៃការធ្វើដំណើរក្នុងស្រុកនឹងកើនឡើងដល់ ១៥លាននាក់ ដែលនេះជាការព្យាករណ៍ខ្ពស់ជាង បើធៀបនឹងការប៉ាន់ប្រមាណដែលបានធ្វើឡើងសម្រាប់រយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានត្រឹមតែ ៣.៨ លាននាក់ការធ្វើដំណើរប៉ុណ្ណោះ។
លោកជំទាវបានបន្តថា តំបន់ដែលធានាអ្នកធ្វើដំណើរក្នុង ស្រុកភាគច្រើនគឺភាគឦសានជាមួយនឹងការធ្វើដំណើរចំនួន ៣.៧៣លាននាក់ បន្ទាប់មកគឺតំបន់កណ្តាលដែលមានការធ្វើដំណើរ ចំនួន៣.៤៣លាននាក់ និងភាគខាងកើតមានការធ្វើដំណើរ ចំនួន២.៧៨លាននាក់។
ទន្ទឹមនឹងនេះក្រសួងទេសចរណ៍ថៃ បានទទួលភារកិច្ចរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត នៅគ្រប់តំបន់ទាំង៥នៃប្រទេសថៃ ដោយក្នុងនោះព្រឹត្តិការណ៍សំខាន់ៗរួមមានព្រឹត្តិការណ៍លេងទឹកនៅទីក្រុងបាងកក ឈៀងម៉ៃ ខនកែន សាមុតប្រាកាន ឈុនបុរី និងភូកេត។ ជាមួយនឹងព្រឹត្តិការណ៍វប្បធម៌នៅតំបន់បេតិកភណ្ឌពិភពលោកចំនួន៤គឺ សុខោទ័យ កំផាងភេត ឧទ្យានប្រវត្តិសាស្ត្រអយុធ្យា និងឧទ្យានប្រវត្តិសាស្ត្រស៊ីថេប ក្នុងខេត្តភេតចាប៊ុន។
គួរជម្រាបផងដែរថាពិធីបុណ្យសង្រ្កាន្តថៃដ៏ធំនៅឆ្នាំ២០២៤ ដែលប្រារព្ធឡើងរយៈពេល២១ថ្ងៃនេះ គឺក្នុងគោលបំណងដើម្បីអបអរសាទរការចុះបញ្ជើសង្ក្រាន្តថៃទៅអង្គការយូណេស្កូ ជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិកាលពីខែធ្នូឆ្នាំ២០២៣កន្លងទៅ ខណៈគេសម្លឹងឃើញថាការប្រារព្ធពិធីនេះអាចទាញចំណូលចូលសេដ្ឋកិច្ចជាតិថៃបានមួយភាគផងដែរ៕
អត្ថបទដោយ៖ ពីង ជូអេង