នៅក្នុងសៀវភៅ “ថៅកែវ័យក្មេង” បោះពុម្ពផ្សាយដោយ Business Cambodia អំពីសាច់រឿងរបស់ អ្នកឧកញ៉ាសួរ វីរៈ អ្នកនិពន្ធបានរំលេចថាឧកញ៉ារូបនេះធ្លាប់ធ្លាក់ខ្លួនក្រ ដោយសារឪពុកម្តាយរកស៊ីខាត បំណុលជុំទិស នាំឱ្យលោកខ្វះខាតលុយបន្តការសិក្សា នៅមហាវិទ្យាល័យផ្នែករូបវិទ្យាទាំងដែលមានឆន្ទៈក្លាយជាគ្រូបង្រៀនម្នាក់។
ត្បិតតែក្តីស្រមៃជាគ្រូបង្រៀនមិនបានសម្រេច តែកម្លាំងវាសនានិងកម្លាំងកាយចិត្ត បានរុញច្រានឱ្យ យុវជន សួរ វីរៈ ក្លាយជាអ្នកជំនួញម្នាក់ ក្តោបក្តាប់វិស័យមធ្យោបាយធ្វើដំណើរសាធារណៈនៅកម្ពុជា ទាំងផ្លូវគោក ផ្លូវទឹកនិងផ្លូវអាកាសបានយ៉ាងជោគជ័យបន្តទៅមុខ។
យ៉ាងណាមិញថ្មីៗនេះបន្ទាប់ពីនាំយកយីហោ វីរៈប៊ុនថាំ ទៅបង្ហាញនៅបរទេសនិងកំពុងដាក់ឱ្យអនុវត្តគោលដៅអាជីវកម្មផ្លូវអាកាស អ្នកឧកញ៉ា សួរ វីរៈ បានចែករំលែកទស្សនៈផ្ទាល់ខ្លួននៅលើបណ្តេញសង្គមមានអ្នកតាមដានជាង៥៧ម៉ឺននាក់ ដូច្នេះថា៖ “ភាពជោគជ័យមិនមែនកើតចេញពីក្រដាសមួយសន្លឹកនោះទេ តែវាជា ឆន្ទៈនៃការលះបង់ ទំនួលខុសត្រូវ មិនថាអាជីវកម្មនិងសង្គម ដើម្បីទទួលបាននូវលទ្ធផលទាំងនោះ។ បើសង្គមមិនរីកចម្រើន ក៏គ្មានអាជីវកម្មណាអាចដើរទៅរលូននោះដែរ #ចូលរួមទាំងអស់គ្នាដើម្បីប្រជាជននិងប្រទេសកម្ពុជា”។
នៅក្នុងសំណេរឌីជីថលនោះក៏មាន អ្នកបញ្ចេញមតិស្រដៀងៗគ្នាថាឯកភាពចំពោះទស្សនខាងលើនេះ ព្រោះថាបើអាជីវកម្មមិនធ្វើដើម្បីសង្គម អាជីវកម្មនោះក៏មិនអាចទទួលផលពីសង្គមត្រឡប់មកវិញដែរ។
តាមរយៈទស្សនៈនេះអ្នកឧកញ៉ាចង់រំលឹកថា ការបញ្ជាក់អំពីអ្វីមួយលើក្រដាសគឺវាគ្រាន់តែជាក្រដាស១សន្លឹកប៉ុណ្ណោះ វាមិនអាចបញ្ជាក់អំពីភាពជោគជ័យពិតប្រាកដនោះទេ បើបុគ្គលខ្លួនឯងខ្វះឆន្ទៈ លើការលះបង់កាយចិត្ត និងការធ្វើប្រកបដោយភាពក្លាហាន ប្រឈមមុខទទួលខុសត្រូវខ្ពស់នោះ។
ព្រោះថាកិច្ចការនីមួយៗទាំងតូចទាំងធំដែលអាចសម្រេចបាន មិនមែនដោយសារតែមានចំណេះដឹងតែមួយមុខគឺគ្រប់គ្រាន់នោះទេ ពោលគឺត្រូវមានចំណេះធ្វើប្រកបដោយឆន្ទៈនិងការទទួលខុសត្រូវ បណ្តើរគ្នាត្រសង។
ជាក់ស្តែងក្នុងដំណើរជីវិតនៃអាជីវកម្ម ដែលបញ្ជាក់ក្នុងសៀវភៅ “ថៅកែវ័យក្មេង” ផ្តើមពីកវែកកឆ្នាំង ចប់បាក់ឌុបចង់បន្តរកចំណេះឱ្យខ្ពង់ខ្ពស់តែគ្មានឱកាស ត្រសែតអណ្តែតពីកំពង់ធំមកដល់ភ្នំពេញ ហួសដល់ដីកោះកុង អ្នកឧកញ៉ា សួរ វីរៈ នៅតែចិញ្ចឹមឆន្ទៈបន្តការរៀនសូត្រ ទោះបីពេលរត់ម៉ូតូឌុបក៏អាចនិយាយភាសាអង់គ្លេសជាមួយជនបរទេសដែរ។
ខណៈទាំងនេះហើយ ជាសោរចាក់បើកទ្វារ មុជទៅរកឱកាសជាថៅកែម្នាក់ ព្រមទាំងទំនួលខុសត្រូវជាមេម្នាក់និងជាពលរដ្ឋម្នាក់ ដែលអាចផ្តល់ឱកាសការងារជាង៧ពាន់កន្លែងដល់បុគ្គលិកលើទឹកដីកំណើតខ្លួនឯង។
សូមរំលឹកថាបច្ចុប្បន្ននេះ អ្នកឧកញ៉ា សួរ វីរៈ គឺជា អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស ដែលបង្កើតឡើងដំបូងក្នុងឆ្នាំ២០០៤ ដោយចាប់ផ្ដើមពីការទិញ រថយន្តតូរីសចាស់១គ្រឿងដឹកអ្នកដំណើរ។ ជាអ្នកជំនួញឆ្អិនវស្សាមួយរូបក្នុងវិស័យមធ្យោបាយដឹកជញ្ចូននិងធ្វើដំណើរ អ្នកឧកញ៉ាមានទស្សនៈចំពោះជំនួញថា៖ ឥឡូវនេះអាជីវកម្មងាយៗគេគិត គេធ្វើអស់ហើយ ដូច្នេះបើចង់ជោគជ័យក្នុងអាជីវកម្មគួរគិតរឿងដែលពិបាកៗ ហើយមេរៀនដែលរៀនមិនចេះចប់ ហើយលំបាកបំផុតគឺ រៀនធ្វើជាម្ចាស់អាជីវកម្ម និងជាថ្នាក់ដឹកនាំអាជីវកម្ម៕
អត្ថបទដោយ៖ ពីង ជូអេង