ខេត្ដសំណាង! តំបន់សេដ្ឋកិច្ចពិសេសចំនួន ៣ កំពុងសាងសង់នៅខេត្ដ១នេះ
Bunthoeun KoemFEBRUARY 1 20261.5 K views

តំបន់សេដ្ឋកិច្ចពិសេសថ្មីៗចំនួន ៣ បាននិងកំពុងសាងសង់នៅលើទឹកដីខេត្ដស្វាយរៀង។ ដោយតំបន់សេដ្ឋកិច្ចដែលកំពុងដំណើរការសាងសង់នេះរួមមាន៖ តំបន់សេដ្ឋកិច្ចពិសេស ហ្វុងហ៊្វូ, តំបន់សេដ្ឋកិច្ចពិសេស ហ័រស៊ាំង និងតំបន់សេដ្ឋកិច្ច ហ្វ័រសុន ហ្គីហ្គា។

 

622377272 122254199210248245 6406294690911650366 N

 

យោងតាមការចេញផ្សាយ ដោយគណៈកម្មាធិការវិនិយោគកម្ពុជា បានឲ្យដឹងថា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ឆ្លៀតក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីពិសាអាហារសាមគ្គីនៃសមាគមសហគ្រាសវិនិយោគបរទេសនៅកម្ពុជា ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះទៅពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ខាងលើ និងបានពិនិត្យមើលការរៀបចំអគាររដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស និងការិយាល័យច្រកចេញចូលតែមួយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងបីនេះ។

 

622595775 122254198868248245 7439324766837648966 N

 

ជាមួយគ្នានេះផងដែរ ឯកឧត្តមអគ្គលេខាធិការក៏បានជួបពិភាក្សាការងារជាមួយលោកប្រធានក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស ហ័រស៊ាំង អំពីការទាក់ទាញវិនិយោគិនដែលនឹងរើមូលដ្ឋានផលិតកម្មទៅក្រៅប្រទេសឱ្យមកវិនិយោគនៅកម្ពុជាបន្ថែមទៀតសម្រាប់ឆ្នាំ២០២៦ និងការទាក់ទាញនូវកន្សោមឧស្សាហកម្ម ដូចជា ឧស្សាហកម្មផលិតគ្រឿងសង្ហារិម និងឧស្សាហកម្មគាំទ្រផ្សេងៗដែលអាចធានាដល់ស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក។

 

622984571 122254199384248245 9204870162413568247 N

 

ប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្ដស្វាយរៀងបានក្លាយជាទីតាំងដ៏សំខាន់មួយសម្រាប់ការវិនិយោគទាំងក្រុមហ៊ុនក្នុងស្រុក និងក្រៅប្រទេស។ ជាក់ស្ដែងកាលពី ១ ឆ្នាំ២០២៥ កន្លងទៅ ខេត្ដមួយនេះទទួលបានគម្រោងវិនិយោគសរុប ១៣៩​ គម្រោងឈរនៅរៀងទី២ បន្ទាប់ពីខេត្ដកំពង់ស្ពឺដែលទទួលបាន ១៤២ គម្រោងឯណោះ៕

 

608879896 1347501064074823 2448135427252994048 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia