កាលពីពេលថ្មីៗកន្លងទៅនេះ រាជរដ្ឋាភិបាលបានលើកឡើងនូវគម្រោងបង្កើតតំបន់ប៉ូលសេដ្ឋកិច្ចថ្មីមួយទៀត ដែលជាតំបន់ប៉ូលទី៤ បន្ទាប់ពីតំបន់ប៉ូលសេដ្ឋកិច្ចរាជធានីភ្នំពេញ ប៉ូលសេដ្ឋកិច្ចខេត្ដព្រះសីហនុ និងប៉៉ូលសេដ្ឋកិច្ចខេត្ដសៀមរាប។ ក្នុងនោះដែរ បើតាមប្រសាសន៍លើកឡើងពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ការបង្កើតតំបន់ប៉ូលសេសកិច្ចទី៤ គឺនឹងគ្រប់ដណ្ដប់លើខេត្ដចំនួន ៤ រួមមាន៖ ខេត្ដពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្ដប៉ៃលិន។
ថ្លែងនៅក្នុងពិធីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដែលបានផ្លាស់ប្តូរទីលំនៅទៅទីតាំងថ្មី និងត្រួតពិនិត្យការដ្ឋានសាងសង់ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ សម្ដេចបានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំបានលើកជាគំនិតថា នឹងបង្កើតប៉ូលសេដ្ឋកិច្ចទី៤ ដែលគ្រប់ដណ្ដប់ខេត្ដ ៤ នៅទិសខាងលិច គឺរួមមានខេត្ដពោធិសាត់ ខេត្ដបាត់ដំបង ខេត្ដបន្ទាយមានជ័យ និងខេត្ដប៉ៃលិន»។
សម្ដេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍បញ្ជាក់ដែរថា គម្រោងបង្កើតតំបន់តំបន់ប៉ូលសេដ្ឋកិច្ចទី៤នេះ គឺផ្ដើមចេញពីការចរចារវាងសម្ដេច និងប្រធានាធិបតីចិន ស៊ី ជិនពីង ដែលនឹងបង្កើតជាគម្រោងរបៀង មច្ឆា និងអង្ក។ សម្រាប់មូលហេតុដែលជ្រើសរើសទីតាំងនេះ ព្រោះទិសនេះជាទិសដែលសម្បូរស្រូវ និងសម្បូរត្រីច្រើន។
ជាមួយគ្នានោះសម្ដេចនាយករដ្ឋមន្ដ្រីក៏បង្ហាញជំនឿដែរថា តាមរយៈការបង្កើតគម្រោងនេះ ក្រុមហ៊ុនចិននឹងចូលរួមវិនិយោគក្នុងការសាងសង់ផ្លូវលេខ ៥៥ ផ្លូវលេខ៥៦ ផ្លូវលេខ៥៧B និងផ្លូវលេខ៥៩ ផងដែរ។
អត្ថបទ៖ កឹម ប៊ុនធឿន