ពេលនិយាយដល់ពាក្យថា “រកស៊ី” មួយម៉ាត់ ប្រិយមិត្តប្រហែលជាដឹងហើយថាវាមិនមែនជារឿងស្រួលទេ ប៉ុន្តែវានឹងធ្វើឱ្យអ្នករស់ស្រួលប្រសិនបើអ្នកជាប្រភេទមនុស្សដែលចេះអត់ធ្មត់ក្នុងអាជីវកម្ម មានទំនួលខុសត្រូវ និងពូកែលក់។ ប៉ុន្តែបើអ្នកកំពុងស្ថិតនៅជំពូកមនុស្សទាំងប្រាំមួយនេះវិញ អ្នកមិនគួរចេះរកស៊ីខ្លួនឯងទេ ពោលពិបាករីកចម្រើនណាស់។ ដោយក្នុងនោះរួមមាន៖
១. មនុស្សដែលមិនចូលចិត្តការគ្រប់គ្រងមនុស្ស
វាមិនមែនជារឿងអាក្រក់នោះទេ ប្រសិនបើអ្នកជាប្រភេទមនុស្សដែលចូលចិត្តធ្វើការតែម្នាក់ឯង ប៉ុន្តែនៅក្នុងអាជីវកម្មយើងតែងតែចង់រីកចម្រើន មានភ្ញៀវច្រើន ដូច្នេះអ្នកមិនអាចធ្វើការតែម្នាក់ឯងបានទេ អ្នកប្រាកដជាត្រូវការមនុស្សមកជួយជាមិនខាន។
ជាក់ស្តែង ពេលដែលអាជីវកម្មអ្នកចាប់ផ្តើមលូតលាស់ អ្នកត្រូវចំណាយពេលដើម្បីរត់ទៅបង់ពន្ឋ រត់ទៅកាត់ស្តុកទំនិញផង រត់ទៅលក់ផង ហើយគ្រប់គ្រងចំណាយចំណូលទៀត និងត្រូវត្រូវពិនិត្យមើលទំនិញប្រចាំថ្ងៃទៀត។ លើសពីនេះអាជីកម្មនឹងមិនរីកចម្រើនទេប្រសិនបើអ្នកជាម្ចាស់ហាងមិនសិក្សារអ្វីថ្មី ដើម្បីអាប់ឌែតឱ្យទាន់សម័យការនោះ។ ដូច្នេះហើយអ្នកសាកស្រមៃមើលថា តើអ្នកតែម្នាក់ឯងរត់រួចទេ?
២. មនុស្សដែលមិនចូលចិត្តការសម្រេចចិត្ត
ការសម្រេចចិត្តសម្រាប់ម្ចាស់អាជីវកម្មគឺជៀសមិនរួចសូម្បីតែការជ្រើសរើសទីតាំង បង្កើតហាង ជ្រើសរើសបុគ្គលិក ការចំណាយ ការរៀបចំហាង ការជ្រើសរើសបុគ្គលិក ការចាយវាយផ្សេងៗ សុទ្ធតែត្រូវការម្ចាស់អាជីវកម្មផ្ទាល់ជាអ្នកសម្រេចទាំងអស់។ ពិតណាស់អ្នកអាចជួលបុគ្គលិកឱ្យធ្វើការងារជំនួសអ្នកបាន ប៉ុន្តែសម្រាប់ការងារធំៗ បុគ្គលិកមិនមែនជាអ្នកសម្រេចធ្វើទេ ពោលគឺជាអ្នកដែលត្រូវសម្រេចចិត្ត។
៣. មនុស្សដែលចង់បានប្រាក់ខែថេរ
ត្រង់ចំណុចនេះ ប្រសិនបើអ្នកជាមនុស្សដែលចង់បានប្រាក់ខែថេរ យល់ល្អអ្នកទៅធ្វើការឱ្យគេវិញល្អជាង ព្រោះពាក្យថាបើកអាជីវកម្មខ្លួនឯងនេះកុំរំពឹងថាបានប្រាក់ថេរ បើកដំបូងៗរកតែរួចដើមមិន ឃើញផង កុំថាឡើយប្រាក់ចំណេញ។ លើសពីនេះទាមទាឱ្យចិត្តរបស់អ្នកមាំទៀត បើខ្ជិលច្រើន ខ្វះការអត់ធ្មត់ទៀតនោះស៊ូមិនរួមទេ មិនយូរទេអាជីវកម្មរបស់អ្នកនឹងដួល។
៤. មនុស្សដែលមិនចូលចិត្តចេញក្រៅច្រើន
អ្នកមិនចេញក្រៅ អ្នកមិនដឹងទេថា សង្គមយើងដើរដល់ចំណុចណានោះទេ បើអ្នកនៅតែសង្ងំធ្វើតែរឿងដដែល មិនព្រមដើរតាមពិភពលោកនោះទេ ច្បាស់ណាស់ពិភពលោកនឹងដើរទៅមុនអ្នកជាពុំបាន។ ឧទារហណ៍ថា ពីមុនមនុស្សលក់តែចាប់ហួយក៏អាចរកប្រាក់បានច្រើនដែរ តែសម័យថ្មីនេះមនុស្សចូលម៉ាតច្រើន ដូច្នេះបើអ្នកមិនព្រមអាប់ឌែត មើលពីបរិបទជុំវិញខ្លួនទេ នោះអ្នកនឹងចាញ់គេ។
៥. មនុស្សដែលរំពឹងចង់ក្លាយជាអ្នកមានពេញមួយយប់
មាគ៌ាឆ្ពោះទៅរកភាពជោគជ័យនៃការបើកអាជីវកម្មមួយ គឺជាផ្លូវដ៏វែងឆ្ងាយ។ គោលដៅនៃការបើកអាជីវកម្មច្រើនតែចង់ក្លាយជាអ្នកមាន ប៉ុន្តែវាប្រហែលជានឹងមិនកើតឡើងពេញមួយយប់ទេ។ តាមពិតទៅ វាអាចនឹងមានរយៈពេលយូរ មុនពេលដែលអ្នកទទួលបានផលចំណេញ។
៦. មនុស្សដែលចូលចិត្តគិត តែមិនព្រមធ្វើ
ទាំងនេះគឺជាមនុស្សដែលតែងតែហៅខ្លួនឯងថា "មនុស្សមានគំនិត" ដែលចូលចិត្តនិយាយតែអំពីចក្ខុវិស័យ ហើយទុកការអនុវត្តទៅមនុស្សមួយចំនួនតូច។ ដូច្នេះវាមិនមានអ្វីដែលចំឡែកទេដែលគំនិតនៅតែជាគំនិត ហើយលទ្ធិផលក៏នៅតែក្នុងការគិតដែរ ជាក់ស្តែងធាតុពិតមិនមានអ្វីទាំងអស់៕