ឆាប់កែចេញភ្លាម! របៀបសន្សំប្រាក់ ៤ យ៉ាង អ្នកកាន់តែសន្សំ អ្នកកាន់តែដាច់យ៉ៃ
Pov SaruJANUARY 11 2026601 views

មនុស្សភាគច្រើនចង់សន្សំលុយ ចង់ឱ្យហិរញ្ញវត្ថុរបស់ខ្លួនរឹងមាំ ប៉ុន្តែពេលខ្លះ ពាក្យថា “សន្សំ” ធ្វើឱ្យមនុស្សខ្លះយល់ច្រឡំ ហើយធ្វើសកម្មភាពមួយចំនួនដែលហាក់ដូចជាជួយសន្សំ ប៉ុន្តែជាការចំណាយច្រើនដោយមិនដឹងខ្លួន។ ហើយសកម្មភាពទាំងនោះមានដូចជា៖ 

 

១. ចូលចិត្តប្រើរបស់ចាស់ៗ៖ មិនទិញរបស់ថ្មីព្រោះខ្លាចចំណាយច្រើន ប្រើរបស់ចាស់ជួយសន្សំសំចៃ នេះជាគំនិតរបស់បុគ្គលមួយចំនួន។ តែអ្នកប្រហែលគិតមិនដល់ថារបស់ចាស់ៗទាំងនេះនឹងធ្វើឱ្យអ្នកមានការចំណាយកាន់តែច្រើនជាងមុន។ ព្រោះពេលកាន់តែយូរ របស់ទាំងនេះនឹងចាប់ផ្ដើមសឹករិចរិល ធ្វើឱ្យខូចជាបន្តបន្ទាប់ ហើយពេលនោះអ្នកនឹងត្រូវចំណាយរាល់ខែដើម្បីជុះជុលវា។ បើសិនជាអ្នកបូកសរុបការចំណាយលើការជុះជុល នឹងឃើញថាវាអាចមានតម្លៃស្មើរឬច្រើនជាងតម្លៃដែលត្រូវទិញថ្មីទៅទៀត។ ដូច្នេះ ការជ្រើសរើសវត្ថុដែលមានគុណភាពល្អ និងប្រើបានយូរ ទើបជាវិធីសន្សំប្រាក់ដ៏ល្អបំផុត។ 

 

២. ចូលចិត្តទិញរបស់បញ្ចុះតម្លៃ៖ ការលក់បញ្ចុះតម្លៃគឺជាចំណាប់អារម្មណ៍របស់អ្នកចូលចិត្តសន្សំ។ ប៉ុន្តែចូរចាំថា មិនមែនរបស់ដែលមានតម្លៃថោកគ្រប់យ៉ាងសុទ្ធតែជួយអ្នកក្នុងការសន្សំបានទេ។ ជារឿយៗ យើងឃើញថាអ្នកមួយចំនួនចូលចិត្តទិញទំនិញច្រើននៅពេលឃើញគេលក់បញ្ចុះតម្លៃ ដោយគិតថាវាចំណេញទោះបីទំនិញនោះជាទំនិញដែលមិនចាំបាច់ក៏ដោយ។ ប៉ុន្តែត្រូវដឹងថា ផលិផលដែលមានតម្លៃទាបមួយចំនួនមិនសុទ្ធតែល្អទេ ទំនិញខ្លះប្រើបានត្រឹមរយៈពេលខ្លីក៏ខូច ហើយត្រូវទិញថ្មីជារឿយៗ។ ជាជម្រើសដ៏ឆ្លាតវៃ គួរជ្រើសរើសទិញផលិតផលដែលមានគុណភាពល្អ ទោះតម្លៃរាងខ្ពស់បន្តិច ប៉ុន្តែអ្នកចំណាយតែម្ដងអាចប្រើបានយូរ។ 

 

៣. ទិញបន្ថែមដើម្បីឱ្យបាន “ការដឹកជញ្ជូនឥតគិតថ្លៃ”៖ នេះជាយុទ្ធសាស្ត្រមួយរបស់អ្នកលក់មួយចំនួន។ មនុស្សជាច្រើនចូលចិត្តទិញទំនិញបន្ថែមដោយគិតថា ទិញច្រើនចំណេញលើថ្លៃដឹកជញ្ជូនទោះបីទំនិញនោះជាទំនិញដែលមិនចាំបាច់ក៏ដោយ។ ប៉ុន្តែបើអ្នកបូករុបឡើងវិញ ការចំណាយរបស់អ្នកគឺអស់ច្រើនជាងអ្វីដែលអ្នកគិត ។ ការសន្សំប្រាក់ពិតប្រាកដ មិនមែនទិញអ្វីដែលមានតម្លៃថោក ឬមានការហ្វ្រីលើការដឹកជញ្ជូនទេ ប៉ុន្តែជាការទិញតែអ្វីដែលអ្នកត្រូវការ និងប្រើប្រាស់បានពិតៗ។

 

៤. មិនទៅពិនិត្យសុខភាពប្រចាំឆ្នាំ៖ អ្នកទំនងជាគិតថា ការមិនទៅពិនិត្យសុខភាពជាប្រចាំជួយសន្សំប្រាក់បាន ប៉ុន្តែជាការពិត វាអាចនាំឱ្យមានការចំណាយច្រើនជាងមុននៅពេលអ្នកកើតជំងឺ។ ការទៅពិនិត្យសុខភាពជាប្រចាំ អ្នកមិនត្រូវចំណាយច្រើនខ្លាំងទេ បើធៀបនឹងការចំណាយនៅពេលអ្នកមានជំងឺ។ ហើយជាពិសេសនោះ ការទៅពិនិត្យសុខភាពជាប្រចាំក៏ជួយឱ្យអ្នកអាចការពារខ្លួន ឬព្យាបាលបានទាន់ពេលប្រសិនបើសុខភាពរបស់អ្នកមានបញ្ហាណាមួយ។ ប្រសិនបើរង់ចាំរហូតដល់រោគធ្ងន់ វាមិនត្រឹមតែចំណាយប្រាក់ច្រើនទេ តែអាចប៉ះពាល់ដល់ជីវិតផងដែរ។ ចាំថា ការថែសុខភាពគឺជាការវិនិយោគដ៏សំខាន់បំផុត។

 

ដូច្នេះ ការសន្សំដ៏ឆ្លាតវៃមិនមែនជាការចំណាយតិចបំផុតទេ ប៉ុន្តែជាការចំណាយឱ្យត្រូវ។ មនុស្សឆ្លាតមិនមែនជាមនុស្សមិនចេះចាយ តែជាមនុស្សដឹងថា តើគួរចាយលើអ្វី និងពេលណា។ នៅពេលអ្នករៀនចេះលើការចំណាយ ប្រើប្រាស់អ្វីៗដោយមានគ្រោងការណ៍ និងវិនិយោគដោយការយល់ដឹង ហិរញ្ញវត្ថុរបស់អ្នកនឹងកាន់តែរឹងមាំ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia