មនុស្សមិនសូវចាយលុយ លក់អត់ដាច់! អ្នកលក់ងាកមកផ្តោតលើរឿង៥នេះ បើមិនចង់ទឹកភ្នែកនៅឆ្នាំ២០២៤
THATSORNA NOVNOVEMBER 20 2023868 views

ស្របពេលមនុស្សមិនសូវចាយលុយ ធ្វើឱ្យការរកស៊ីលក់ដូរស្ទើរតែគ្រប់ប្រភេទទាំងអស់ ត្រូវជួបបញ្ហាលក់ស្ងាត់ភ្ញៀវ លក់មិនដាច់ រហូតធ្វើឱ្យម្ចាស់អាជីវកម្មមួយចំនួនត្រូវបង្ខំចិត្តបិទទ្វា ក្រោមហេតុផលគ្មានលុយបង្វិលយកអីវ៉ាន់ គ្មានសមត្ថភាពបើកលុយឱ្យបុគ្គលិក បង់ថ្លៃតូបនិងទឹកភ្លើងជាដើម។ ស្របពេលស្ថានការណ៍កំពុងជួបការលំបាកបែបនេះ ថ្ងៃនេះ Business Cambodia សូមលើកចំណុចសំខាន់ចំនួន៥ធ្វើឱ្យការលក់របស់អ្នកកាន់តែប្រសើរជាងមុន។ ដោយក្នុងនោះរួមមាន៖ ​

១. ផ្តោតលើគុណភាព និងអត្ថប្រយោជន៍៖ មែនទែនទៅនៅពេលដែរអតិថិជនរកលុយមិនសូវបាន ការចាយវាយរបស់គាត់នឹងតឹងរឹងជាងកាលដែលគាត់ធ្លាប់រកលុយបាន ដូច្នេះហើយក្នុងអំឡុងពេលនេះមុននឹងពួកគាត់សម្រេចចិត្តទិញអ្វីមួយ លុះត្រាតែទំនិញនោះមានការចាំបាច់ ឬផ្តល់អត្ថប្រយោជន៍ដល់គាត់ទើបគាត់ហ៊ានចំណាយលុយទិញប្រើ។

ត្រឡាប់មកវិញ ដើម្បីឱ្យអតិថិជន អាចជួយគាំទ្របាន ទី១ គុណភាពទំនិញល្អ ទី២ បង្ហាញពីអត្ថប្រយោជន៍ដែលផលិតផលអាចជួយដោះស្រាយបញ្ហាដល់អ្នកប្រើប្រាស ទី៣ ទំនាក់ទំនងជាមួយនឹងអតិថិជន និងទី៤ កេរ្តិ៍ឈ្មោះម្ចាស់អាជីវកម្មផ្ទាល់តែម្តង។ ចូរចងចាំថា កេរ្តិ៍ឈ្មោះអាជីវកម្មល្អ អតិថិជនមានការទុកចិត្ត និងមិនសូវតថ្លៃជាមួយនឹងអ្នកឡើយ ព្រមទាំងសម្រេចចិត្តដោយមានភាពរីករាយ ហើយពួកគេក៏មិនស្ដាយនឹងអ្វីដែលពួកគេចំណាយឡើយ។​

២. កំណត់ការផ្សាព្វផ្សាយអតិថិជនគោលដៅឱ្យត្រឹមត្រូវ៖ ពិតណាស់ការផ្សាព្វផ្សាយពិតជាមានសារៈសំខាន់ណាស់ ព្រោះវាជាផ្នែកធំមួយដែលធ្វើឱ្យអតិថិជនឆាប់ស្គាល់យើង ដូច្នេះហើយដូច្នេះហើយការផ្សព្វផ្សាយចំបាន អ្នកត្រូវដឹងជាមុនសិនថា នរណាជាអតិថិជនគោលដៅអ្នក ជាក្មេង វ័យជំទង់ ឬមនុស្សចាស់ បន្ទាប់មកអ្នកត្រូវវៃទីផ្សារបែបណាឱ្យចំគាត់។ បើជាក្មេង ឬវ័យជំទង់ អ្នកអាចធ្វើទីផ្សារបែបលេងសើច ឬក្រៅផ្លូវការបាន ប៉ុន្តែបើជាមនុស្សចាស់វិញ ពួកគាត់ភាគច្រើនចូលចិត្តបែបផ្លូវការ និងចូលចិត្តភាសាគោរពច្រើន។

៣. ផ្តោតលើសេវាកម្ម

ស្ថានភាពកំពុងលំបាកការពង្រឹងទៅលើសេវាកម្មជាជម្រើសល្អបំផុតដែលម្ចាស់អាជីវកម្មអាចរក្សាអតិថិជនបាន បើការរកស៊ីលំបាកហើយ សេវាកម្មអន់ទៀតនោះ ភ្ញៀវក៏បាត់ចំណូលក៏ធ្លាក់ ចង់មិនចង់អាជីវកម្មគង់នឹងបិទទ្វារ ហេតុនេះដើម្បីកុំឱ្យបញ្ហានេះរីករាលដាលកាន់តែធ្ងន់ធ្ងរម្ចាស់អាជីវកម្មគួរពង្រឹងជាបន្ទាន់មុនបញ្ហាកើតមានឡើងហើយទើបនឹកឃើញចង់កែប្រែ។ ចំពោះចំណុចដែលម្ចាស់អាជីវកម្មអ្នករកស៊ីគួរផ្តោតរួមមាន៖

  • ផ្តោតទៅលើអនាម័យធ្វើយ៉ាងណាឱ្យការធ្វើស្អាតមានអនាម័យ បរិយាកាសហាងឬតូបរៀបចំបានស្អាតមានបរិយាកាសល្អ
  • គុណភាពផលិតផលដោយធ្វើការពង្រឹងលើបរិមាណនៃផលិតផល និងដាក់តម្លៃមួយដែលសមរម្យអាចទទួលយកបានទាំងអ្នកលក់និងអ្នកទិញ កាលណាដាក់តម្លៃខ្ពស់ពេកអតិថិជនពិបាកទទួលយកក៏ជាកក្តាធ្វើឱ្យបាត់ភ្ញៀវដែរ។
  • ការទទួលមតិពីអតិថិជនរាល់ពេលមានការកែលម្អទៅលើផលិតឬសេវាកម្ម ស្តាប់ហើយត្រូវកែប្រែប្រសិនបើចំណុចពិតដូចអតិថិជននិយាយ។

៤. រក្សាភាពវិជ្ជមាន និងអត់ធ្មត់៖ ​ស្របគ្នានេះដែរមានម្ចាស់អាជីវកម្មមួយជំនួនធំគិតថា មនុស្សមិនសូវចាយលុយទេ លក់អ្វីក៏មិនដាច់ដែរ នោះវានឹងធ្វើឱ្យសកម្មភាពនៃការលក់របស់អ្នកកាន់តែតិចជាងមុន។ តែផ្ទុយទៅវិញស្របពេលដ៏លំបាកនេះ អ្នកគួរតែបង្កើនសកម្មភាពឱ្យច្រើន ហើយប្រើពាក្យទាំងនេះជាការព្រមាន និងការលើកទឹកចិត្តឱ្យខិតខំ ឱ្យឆ្លាតជាងមុនវិញ ពោលមិនមែនជាលេសដើម្បីថយក្រោយនោះទេ។​

៥. ផ្តល់ជូនការផ្សព្វផ្សាយ និងការបញ្ចុះតម្លៃ៖

ពេលនិយាយដល់ការប្រម៉ូសិន គឺមានច្រើនបែបច្រើនទម្រង់មែនទែន ជាក់ស្តែងដូចជា ការលក់បញ្ចុះតម្លៃ ទិញ១ថែម១ជាដើម ដោយការធ្វើប្រម៉ូសិននេះម្ចាស់ហាងជឿថាអាចទាញមនុស្សឱ្យមកទិញបានច្រើន។ ទន្ទឹមនឹងនេះដែរបើអ្នកធ្វើប្រម៉ូសិនញឹកញាប់ខ្លាំង មួយខែម្ដងឬមួយខែ២ទៅ៣ដង ច្បាស់ណាស់ភ្ញៀវគេនឹងមកទិញអ្នកតែពេលមានប្រម៉ូសិនប៉ុណ្ណោះ ថ្ងៃធម្មតាគេមិនមកទិញទេព្រោះគេយល់ថាគង់តែមានប្រម៉ូសិនទេ ចាំបញ្ចុះតម្លៃចាំទិញ។

លុះពេលយូរៗទៅភ្ញៀវលែងចាប់អារម្មណ៍ជាមួយនឹងប្រម៉ូសិនរបស់អ្នក គេក៏ឈប់មកទិញ អត់ប្រម៉ូសិនក៏អត់មក មានប្រម៉ូសិនក៏មិនខ្ចីអើពើ ព្រោះយល់ថាជារឿងធម្មតាអត់មានអ្វីពិសេសផង។ ប្រម៉ូសិនដែលមានគុណភាព គឺជាប្រម៉ូសិនដែលកម្រ ប្រម៉ូសិនដែលអាចបង្កើតអារម្មណ៍ពិសេសជូនអតិថិជន។ កុំយកការធ្វើប្រម៉ូសិនដើម្បីដោះស្រាយបញ្ហាលក់មិនដាច់ តែគួរសម្លឹងមើលគុណភាពផលិតផល គុណភាពសេវាកម្ម និងកត្តាផ្សេងៗនៅក្នុងអាជីវកម្មរបស់អ្នកវិញ ថាមានចំណុចណាខ្វះខាតឬទេ? ហេតុអ្វីបានលក់លែងដាច់?

ប្រម៉ូសិនដែលល្អគួរតែធ្វើឡើងនៅក្នុងឱកាសកម្រដូចជាថ្ងៃឆ្លងឆ្នាំ ពិធីបុណ្យទានសំខាន់ៗ ពេលបើកទីតាំងថ្មី ឬបំបែកសាខាថ្មីជាដើម។ ការធ្វើប្រម៉ូសិនពេលបើកហាងថ្មីជាការធ្វើទីផ្សារដ៏ល្អ នាំឱ្យអតិថិជនឆាប់ស្គាល់អ្នក។ យូរៗធ្វើប្រម៉ូសិនម្ដងទើបភ្ញៀវឱ្យតម្លៃ យូរៗបញ្ចុះតម្លៃម្ដងទើបថ្ងៃដែលលក់តម្លៃធម្មតានៅតែមានអ្នកគាំទ្រ៕