រកស៊ីយូរៗបាត់ទាំងដើម បាត់ទាំងចុង! នេះជាមូលហេតុធំ៣ នៅពីក្រោយដែលម្ចាស់អាជីវកម្មឆាប់កែចេញជាបន្ទាន់
ធី ស្រីល័ក្ខOCTOBER 29 2025610 views

ជាការពិតណាស់ ការរកស៊ីតែងតែជួបនៅបញ្ហាតូចធំចៀសមិនផុតនោះឡើយ មិនថាជាអ្នករកស៊ីយូរឆ្នាំឬតិចឆ្នាំនោះទេគឺបញ្ហាតែងតែជួបជានិច្ច ប៉ុន្តែសម្រាប់អ្នករកស៊ីថ្មីថ្មោងគឺជួបបញ្ហាខ្លាំងជាងអ្នករកស៊ីយូរឆ្នាំទៅទៀត ជាពិសេសនោះគឺបញ្ហាលុយកាក់ឬរកស៊ីយូរៗបាត់ទាំងដើមបាត់ទាំងចុងចំណែកការរកស៊ីក៏លែងទៅមុខផងដែរ។ ខាងក្រោមនេះជាមូលហេតុធំ៣ នៅពីក្រោយដែលម្ចាស់អាជីវកម្មបើសិនជាកំពុងជួបហើយឆាប់កែចេញជាបន្ទាន់៖

 

១. រកស៊ីគ្មានភាពច្បាស់លាស់

មែនទែនទៅ ការរកស៊ីដែលគ្រោះថ្នាក់ហើយហានិភ័យបំផុតនោះគឺការរកស៊ីដែលគ្មានផែនការច្បាស់លាស់ឬគ្មានក្បួនខ្នាតត្រឹមត្រូវ ពោលឱ្យតែឃើញគេរកស៊ីអ្វីគឺទៅធ្វើតាមគេ គ្មានភាពជាខ្លួនឯង ចេះតែចំណាយទុនផ្តេសផ្តាស់នៅក្នុងអាជីវកម្ម នឹកឃើញអ្វីធ្វើនឹង គ្មានទិសដៅច្បាស់លាស់ នេះហើយគឺជាគ្រោះថ្នាក់ធំបំផុតដែលធ្វើឱ្យម្ចាស់អាជីវកម្មមួយចំនួនរកស៊ីយូរៗអស់លុយហើយរកស៊ីលែងទៅមុខផងដែរ។

ហេតុនេះហើយ ដើម្បីក្លាយជាអ្នករកស៊ីដ៏ពូកែម្នាក់ហើយមានអាជីវកម្មនៅក្នុងដៃដ៏រឹងមាំកុំចេះតែរកស៊ីតាមគេ មុននឹងចាប់ផ្តើមអាជីវកម្មត្រូវគិតពីផែនការឱ្យបានច្បាស់លាស់និងត្រូវតែរៀបចំផែនការហិរញ្ញវត្ថុឱ្យបានច្បាស់ ហើយត្រូវរៀបចំយុទ្ធសាស្រ្តរកស៊ីបែបឌីជីថល ដើរឱ្យទាន់សម័យការ បើមិនដូចនេះទេការរកស៊ីនឹងបាត់ចុងបាត់ដើម។

 

២. មិនចេះអភិវឌ្ឍន៍ខ្លួន

បញ្ហាធំទី២ ដែលម្ចាស់អាជីវកម្មមួយចំនួនរកស៊ីចេះតែមិនទៅមុខនោះ ភាគច្រើនរវល់នឹងរឿងកុំប៉ិកកុំប៉ុកច្រើនពេករហូតគ្មានពេលគិតយុទ្ធសាស្រ្តថ្មីៗនៅក្នុងអាជីវកម្ម និងភ្លេចគិតដល់ការអភិវឌ្ឍន៍សមត្ថភាពខ្លួនឯងបន្ថែមទៀត នេះហើយគឺជាកំហុសធំណាស់របស់អ្នករកស៊ីត្រូវតែគិតពិចារណាឡើងវិញ បើមិនដូច្នេះទេគឺយើងរកស៊ីមិនទាន់គេនោះទេ ហើយថែមទាំងខាតទាំងលុយខាតពេលទៀតថែមទៀតផង។ ព្រោះជាធម្មតា អ្នកដែលរកស៊ីដែលពូកែគេចំណាយពេលអភិវឌ្ឍខ្លួនខ្លាំងណាស់ ព្រោះមានតែការរៀនសូត្របន្ថែម ការអភិវឌ្ឍសមត្ថភាពបន្ថែមទេទើបធ្វើឱ្យយើងមិនទាល់ផ្លូវ។

 ដូចនេះហើយ ស្របពេលដែលកំពុងរកស៊ីខាត មានបញ្ហា ឬមិនទាន់មានបញ្ហាក៏ដោយ ម្ចាស់អាជីវកម្មថ្មីថ្មោងគួរចាយពេលរៀនជំនាញថ្មីៗចូលវគ្គបណ្តុះបណ្តាល អានសៀវភៅ ឬចូលរួមសិក្ខាសាលានានាដើម្បីបង្កើតទំនាក់ទំនង រៀនជំនាញថ្មីពីសហគ្រិនដទៃៗទៀតឱ្យបានច្រើនផងដែរ។

 

៣. ខ្វះភាពតស៊ូ អត់ធ្មត់ 

មូលហេតុធំចម្បងមួយទៀត ដែលនាំឱ្យម្ចាស់អាជីវកម្មភាគច្រើនរកស៊ីបរាជ័យនោះគឺរកស៊ីដោយគ្មានចិត្តអំណត់តស៊ូ រកស៊ីខាតបន្តិចបន្តួចក៏ឆាប់ចុះចាញ់ រកស៊ីខាតជិតអស់លុយប្តូរឈប់ធ្វើបន្ត ឬក៏ឈប់រកស៊ីតែម្តង។ យើងត្រូវចាំថាពេលជិតអស់លុយជាពេលដែលលំបាកបំផុតហេតុនេះតម្រូវឱ្យយើងត្រូវតស៊ូ មិនមែនរកស៊ីកំពុងតែធ្លាក់ហើយទម្លាក់ដៃថែមហើយប្តូរមុខរបរគោលដៅថ្មីនោះទេ។

ជាដំណោះស្រាយដែលល្អគឺត្រូវបន្តតស៊ូកុំលែងដៃឱ្យសោះ ហើយស្វះស្វែងរកជំនួយតាមរយៈការគៀងគរទុន និងប្តូររបៀបរកស៊ីថ្មីៗ បើធ្លាប់តែជួលបុគ្គលិកមកលក់ឱ្យសាកល្បងប្តូរមកលក់ខ្លួនឯង ធ្វើខ្លួនឯង រកដៃគូចែកចាយ រកទីផ្សារខ្លួនឯង ទាំងនេះហើយជាផ្លូវដែលយើងត្រូវធ្វើ ធ្វើវាឱ្យអស់លទ្ធភាពប្រឹងឱ្យអស់ពីសមត្ថភាព ទោះមិនបានផ្លែផ្កាជាដុំកំភួនតែក៏ជួយឱ្យការរកស៊ីប្រសើរឡើងវិញដែរ៕

២៦

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia