ក្រុមហ៊ុនលក់រាយប្រេង និងឧស្ម័នPTT Oil and Retail Business Plc របស់ប្រទេសថៃ បានប្រកាសថា ខ្លួនគ្រោងបោះទុនវិនិយោគ៩០០លានដុល្លារនៅឆ្នាំនេះ ដើម្បីពង្រីកអាជីវកម្មក្នុងស្រុក និងក្រៅប្រទេស។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ។
ប្រភពដដែលបានឱ្យដឹងថា ក្រុមហ៊ុន PTT Oil and Retail ដែលជាបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុនថាមពលដ៏ធំរបស់រដ្ឋ PTT Plc បានអះអាងថា “២២%នៃថវិកាសរុប នឹងត្រូវបានប្រើប្រាស់ ដើម្បីពង្រីកបណ្តាញស្ថានីយបញ្ចូលហ្គាស និងរថយន្តអគ្គិសនី (EV) របស់ខ្លួន”។
ក្នុងនោះលោក Disathat Panyarachun ជាអ្នកគ្រប់គ្រងក្រុមហ៊ុនខាងលើថា “នៅឆ្នាំនេះ ខ្លួនគ្រោងនឹងបន្ថែមស្ថានីយហ្គាសចំនួន១២២កន្លែង ហាងកាហ្វេចំនួន៤០០កន្លែង និងស្ថានីយ EV ចំនួន៥០០កន្លែង ហើយក្រុមហ៊ុនក៏បាននិងកំពុងស្វែងរកការរួមបញ្ចូលគ្នា និងការទិញយកផងដែរ”។
តាមរបាយការណ៍ បច្ចុប្បន្ន ក្រុមហ៊ុននេះបានដំណើរការ ស្ថានីយប្រេងឥន្ធនៈជាង២.១០០កន្លែង ស្ថានីយសាក EVចំនួន៣០០កន្លែង និងហាងកាហ្វេប្រហែល៣.៩០០ហាងផងដែរ។ ខណៈការពង្រីកនេះកើតឡើង ស្របពេលដែលអ្នកបើកបររថយន្តថៃកំពុងឆ្ពោះ ទៅរកការផ្លាស់ប្តូរជាបណ្តើរៗ ទៅប្រើប្រាស់រថយន្ត EV ដែលមានការឧបត្ថម្ភធនរបស់រដ្ឋាភិបាល និងការកាត់បន្ថយតម្លៃពីក្រុមហ៊ុនផលិត។
តាមការបញ្ជាក់សម្រាប់ឆ្នាំ ២០២៣ នេះក្រុមហ៊ុននឹងពង្រីកបន្ថែមស្ថានីយប្រេងឥន្ធនៈចំនួន ១២២ទីតាំង ហាងកាហ្វេចំនួន៤០០ និងស្ថានីយបញ្ចូលថាមពលអគ្គិសនីចំនួន ៥០០ទីតាំង នៅទូទាំងប្រទេសថៃ និងក្រៅប្រទេស៕
អត្ថបទដោយ៖ ឌឿក ស្រីនុត