កាលពីពេលថ្មីៗនេះ កម្ពុជាទើបនឹងដាក់ឲ្យដំណើរការអាកាសយានដ្ឋានអន្ដរជាតិតេជោ ដែលជាអាកាសយានដ្ឋានដ៏ទំនើប និងធំជាងគេនៅក្នុងប្រទេស។ ដោយអាកាសយានដ្ឋានថ្មីនេះ មានទំហំ ២ ៦០០ ហិកតា មានទីតាំងស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល ចម្ងាយប្រមាណ ២០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។

យ៉ាងណាក្រៅពីអាកាសយានដ្ឋានអន្ដរជាតិតេជោ រាជរដ្ឋាភិបាលក៏មានផែនការនៅក្នុងការអភិវឌ្ឍគម្រោងអាកាសយានដ្ឋានថ្មីៗមួយចំនួនបន្ថែមទៀតផងដែរ។ ហើយថ្ងៃនេះយើងនឹងនាំប្រិយមិត្ដមកស្គាល់គម្រោងអាកាសយានដ្ឋានចំនួន ៣ ដែលរាជរដ្ឋាភិបាលគ្រោងនឹងអភិវឌ្ឍឡើងនៅក្នុងពេលអនាគត។
១. អាកាសយានដ្ឋានមណ្ឌលគិរី
យោងតាមផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ បានឲ្យដឹងថា គម្រោងអាកាសយានដ្ឋានមណ្ឌលគិរីថ្មីនេះ នឹងត្រូវសាងសង់ជាមួយលំដាប់ថ្នាក់ 4C។ ហើយតាមការប៉ាន់ស្មានគម្រោងនេះត្រូវការទុនវិនិយោគប្រមាណ ១៥០ លានដុល្លារ។ ខណៈគម្រោងនេះគឺជារបៀងដឹកជញ្ជូនរងភាគឦសានផងដែរ។

បើតាមការបញ្ជាក់ពីឯកឧត្ដម ងិន សុវិមាន អភិបាលរងខេត្ដមណ្ឌលគិរី បានឲ្យដឹងថា កន្លងមកនេះមានក្រុមហ៊ុន FOCUS Consortium និងក្រុមហ៊ុន China Power បានចុះមកសិក្សាប៉ុន្ដែក៏បាត់ដំណឹងទៅវិញ។ ប៉ុន្ដែកាលពីពេលថ្មីៗនេះ ក៏មានក្រុមហ៊ុនកូរ៉េ ដែលវិនិយោគលើវិស័ហអាកាសចរណនេះ ថានឹងចុះមកសិក្សាក្នុងពេលឆាប់ៗផងដែរ។
២. គម្រោងអាកាសយានដ្ឋានប៉ោយប៉ែតថ្មី
យោងតាមផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ ដដែលបានឲ្យដឹងថា គម្រោងសាងសង់អាកាសយានដ្ឋានប៉ោយប៉ែតថ្មីនេះ រចនាឡើងជាប្រភេទលំដាប់ 4C ពង្រឹងកម្រាលផ្លូវរត់យន្ដហោះ ពង្រីកផ្លូវរត់ឲ្យបានប្រវែង ២ ៥០០ ម៉ែត្រ និងសាងសង់អាគារស្ថានីយដែលមានផ្ទៃក្រឡា ៦០០ ម៉ែត្រការ៉េ ព្រមទាំងបំពាក់បរិក្ខាបន្ថែម។ តាមការប៉ាន់ស្មានគម្រោងនេះ ត្រូវការទុនវិនិយោគចំនួន ៤៥ លានដុល្លារ។

៣. គម្រោងអាកាសយានដ្ឋានរតនគិរី
កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងរដ្ឋបាលខេត្ដរតនគិរី បានបើកកិច្ចប្រជុំតាមរយៈប្រព័ន្ធ Zoom ស្តីពីវឌ្ឍនភាព និងនីតិវិធីបន្ទាប់សម្រាប់ការជម្រុញដល់ការអភិវឌ្ឍគម្រោងអាកាសយានដ្ឋានរតនគិរីនេះ។
គម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានរតនគិរីនេះ គឺមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រភូមិថ្មី ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ដែលមានផ្ទៃដីសរុបជាង ១៩០០ ហិកតា។ នេះបើតាមការបញ្ជាក់ពីឯកឧត្ដម ញែម សំអឿន អភិបាលខេត្ដរតនគិរី កាលពីពេលកន្លងទៅ៕




