អ្នកនៅខេត្តសល់ដី ១ហិកតា មិនដឹងយកទៅធ្វើអ្វី អាចយកមកធ្វើរឿងទាំងនេះធ្វើហើយមិនខ្វល់រឿងខ្វះខាត
ធី ស្រីល័ក្ខJANUARY 26 20231.1 K views

សម្រាប់បងប្អូនប្រជាកសិករដែលសល់ដី ១ហិកតា ជាពិសេសនោះគឺអ្នកនៅតាមខេត្តតែម្តង ប្រសិនជាសល់ដីសូមកុំទុកឱ្យដុះស្មៅចោល ដោយយើងអាចច្នៃដីដែលទំនេរយកមកធ្វើរឿងទាំងនេះ ធ្វើហើយមិនបាច់ភ័យរឿងខ្វះខាតទៀតឡើយ។ ថ្ងៃនេះ​ចាបក្រហម នឹងលើកយកចំណុចមួយចំនួន ​ដែលធ្វើឱ្យដីរបស់លោកអ្នកជួយរកចំណូលមកឱ្យបាន​។

១. ដាំដំណាំនិងការចិញ្ចិមសត្វ ដែលជាតម្រូវការទីផ្សារ

ពេលដែលអ្នកមានដី ហើយច្នៃដីនោះសម្រាប់ដាំដំណាំ ឬចិញ្ចឹមសត្វ នោះវានឹងជួយបង្កើតចំណូលដល់អ្នកពុំខាន។ ក៏ប៉ុន្ដែប្រសិនបើដាំដំណាំហើយមិនគិតរឿងទីផ្សារវាក៏មិនមែនជារឿងល្អនោះដែរ។ ដូច្នេះរឿងដែលចំបាច់បំផុតគឺលោកអ្នកគួរមើលថា តើទីផ្សារបច្ចុប្បន្នកំពុងតែ ពេញនិយមទៅលើវិញ។ ហើយចំពោះការចិញ្ចឹមសត្វក៏ដូចគ្នា គឺត្រូវមើលទៅលើតម្រូវការរបស់ទីផ្សារ។ ជាក់ស្ដែងតម្រូវការដែលកំពុងពេញនិយមសព្វថ្ងៃគឺ ការដាំទុរេ​ រីឯការចិញ្ជិមសត្វគោក៏កំពុងមានទីផ្សារយ៉ាងសកម្មផងដែរ។

១

២. ដាំមៀន និង ចិញ្ចឹមឃ្មុំ

កន្លងមកធ្លាប់មានបងប្អូនប្រជាកសិករយើងធ្លាប់ធ្វើបានជោគជ័យរួចទៅហើយ ដោយពួកគាត់បានដាក់ដាំដំណាំមៀនហើយពេលមៀនចាប់ផ្តើមចេញផ្កា គាត់ក៏បន្តចិញ្ចឹមឃ្មុំដើម្បីឱ្យវាក្រេបលម្អងផ្កាហើយបង្កើតជាទឹកឃ្មុំ។ការធ្វើបែបនេះ ក្រៅពីទទួលបានទិន្នផលពីផ្លែមៀនហើយ ប្រជាកសិករក៏អាចទទួលផលបានពីទឹកឃ្មុំដូចគ្នា។ហើយចំពោះទឹកឃ្មុំនិងដំណាំផ្លែមៀនសុទ្ធតែជាដំណាំដែលមានទីផ្សារដូចៗគ្នា រីឯតម្លៃវិញក៏មិនថោកប៉ុន្មានដែរសម្រាប់ទីផ្សារនាពេលបច្ចុប្បន្ននេះ ហេតុនេះសម្រាប់បងប្អូនអាចធ្វើការពិចារណាបាន។

២

៣. យកដីទាំងនោះធ្វើជាប្រព័ន្ធកសិកម្មចម្រុះ

ប្រព័ន្ធកសិកម្មចម្រុះមានន័យថា គឺជាការអនុវត្តបច្ចេកទេសផ្សេងគ្នានៅលើដីតែមួយ។ មានដូចជាការចិញ្ចឹមត្វ ការដាំដំណាំចម្រុះជាដើម។ ហើយការអនុវត្តកសិកម្មចម្រុះគឺមានច្រើនសណ្ឋានដោយផ្អែកទៅតាមលក្ខណៈ អាកាសធាតុ ដី និង ធនធានដែលកសិករមាន។ ជាក់ស្ដែងមានកសិករមួយចំនួនបានអនុវត្តប្រព័ន្ធនេះ កំពុងទទួលបានភាពជោគជ័យផងដែរ។ ដោយក្នុងដី ១ ហិតា គេបានបែងចែកដី ជាផ្នែកៗសម្រាប់ការធ្វើកសិកម្មរបស់ខ្លួន មានដូចជាសួនបន្លែចម្រុះ រោងចិញ្ចឹមសត្វ   ផ្លែឈើហូបផ្លែ និងផ្នែកសំខាន់មួយទៀតគឺ ជីកស្រះចិញ្ចឹមត្រី។

៣

៤. ដាំដូងនិងជីកស្រះចិញ្ចឹមត្រី

ក្រៅពីរបរខាងលើ យើងក៏អាចយកដីទំនេរនោះដាំដូង ឬ ដាំដំណាំផ្លែឈើផ្សេងទៀត បន្ទាប់មកចន្លោះដីដែលទំនេរយើងអាចដាំដំណាំក្រោមដូចចំណុចទី២ ឬ មួយវិធីទៀតយើងអាចជីកជាស្រះវែងតាមបណ្តោយដី ដើម្បីចិញ្ចឹមត្រី ឬអាចដាំដំណាំលើទឹកផ្សេងៗបានដូចជាត្រកួន កញ្ឆែតជាដើម។

គួរបញ្ជាក់ផងដែរថា នេះជាគំនិតខ្លះៗដែលក្រុមការងារ Business Cambodia បានចែករំលែកតាមរយៈបទពិសោធន៍ដែលប្រជាកសិករយើងធ្លាប់បានធ្វើ ហើយសង្ឃឹមថាគំនិតនេះក៏នឹងអាចជួយឱ្យបងប្អូនដទៃទៀតរៀនសូត្រនិងអនុវត្តបានផងដែរ៕

៤

អត្ថបទ៖ ធី ស្រីល័ក្ខ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia