គម្រោងវិនិយោគដែលមានមានទុនសរុបប្រមាណ ៧៤,៣លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ៤,៤ពាន់កន្លែង បានបោះទីតាំងនៅក្នុងរាជធានី-ខេត្ដចំនួន ៤ រួមមាន៖ ភ្នំពេញ តាកែវ កំពង់ស្ពឺ និងកំពង់ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ប្រភពដដែលបានបញ្ជាក់ថា គម្រោងទាំង ៨ នេះមានមុខសញ្ញាវិនិយោគក្នុងវិស័យកសិ-ឧស្សាហកម្មចំនួន១គម្រោង (កែច្នៃកសិផល និងផលិតចំណីអាហារពីកសិផល) និងវិស័យឧស្សាហកម្មចំនួន៧គម្រោង (ផលិតឧបករណ៍តេស្ត (អគ្គិសនី និងសីតុណ្ហភាព) និងឧបករណ៍រង្វាស់, ផលិតសម្ភារៈសត្វចិញ្ចឹម (ពីប្លាស្ទិក), ផលិតសម្ភារៈបរិក្ខារប្រើប្រាស់ក្នុងផ្ទះបាយគ្រប់ប្រភេទ, ផលិតសម្ភារៈបន្ទាប់បន្សំរថយន្ត និងកប៉ាល់, ផលិតប្រដាប់ប្រដារក្មេងលេង, និងផលិតសម្ភារៈបន្ទាប់បន្សំសម្រាប់ចង្ក្រាន្ត និងទូចង្ក្រាន្ត (ពីលោហធាតុកែច្នៃ)។

គួរបញ្ជាក់ដែរថា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ នេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទាំង ៨ ខាងលើ ដែលមានការអញ្ជើញចូលរួមក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ព្រមទាំងតំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្តពាក់ព័ន្ធផងដែរ។

សូជម្រាបថា ក្នុងរយៈពេល៩ខែនៃ ឆ្នាំ២០២៥នេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចុះបញ្ជីគម្រោងវិនិយោគចំនួន ៥៤៦គម្រោង ក្នុងទំហំទុនវិនិយោគសរុប ប្រមាណ ៧.៨ ពាន់លានដុល្លារ។ ដោយក្នុងនោះមានការកើនឡើងចំនួន ២៣១គម្រោង ស្មើនឹងប្រមាណ ៧៣% ខណៈទុនវិនិយោគមានការកើនឡើងប្រមាណ ២.៥ ពាន់លានដុល្លារ ស្មើនឹង ប្រមាណ ៤៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤៕



