ដំណឹងល្អសម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្ដស្ទឹងត្រែង ខណៈនៅឆ្នាំ២០២៦ ខាងមុខនេះ គម្រោងសណ្ឋាការលំដាប់ផ្កាយ៥ និងសាកលវិទ្យាល័យថ្មីមួយ នឹងលេចរូបរាងឡើងនៅក្នុងខេត្ដភូមិភាគឦសានមួយនេះ។ នេះបើតាមការឲ្យដឹងពីលោក មាន សុខគឿន អនុប្រធានមន្ទីរទេសចរណ៍ ខេត្ដស្ទឹងត្រែង។

យោងតាមការចេញផ្សាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកអនុប្រធានមន្ទីរបានសរសេរថា “នៅឆ្នាំក្រោយ និងមានសណ្ឋាគារលំដាប់ផ្កាយ៥ កម្ពស់ ១១ ជាន់ និងសាកលវិទ្យាល័យ IU កម្ពស់ ៥ ជាន់ និងមានលេចរូបរាងនៅក្នុងទឹកដីខេត្តស្ទឹងត្រែង”។

សូមជម្រាបថា ខេត្ដស្ទឹងត្រែង គឺជាខេត្ដមួយក្នុងចំណោមខេត្ដទាំងបួនរួមមាន៖ ស្ទឹងត្រែង ក្រចេះ រតនគីរី និងមណ្ឌលគីរី ដែលនៅក្នុងតំបន់ភូមិភាគឦសាន។ ខណៈការលពីពេលកន្លងទៅនេះ រាជរដ្ឋាភិបាលទើបបានប្រកាសសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ ២០២៥-២០២៨» ដើម្បីជំរុញឱ្យមានការវិនិយោគឯកជន កាន់តែសកម្ម បង្កើតជាចរន្តសេដ្ឋកិច្ច បង្កើតការងារ និងភាពទាក់ទាញ ប្រមូលផ្តុំប្រជាជនយើងឱ្យទៅប្រកបអាជីវកម្ម និងរស់នៅកាន់តែច្រើនឡើងនៅក្នុងតំបន់នេះ។
ក្នុងនោះដែរគិតត្រឹមថ្ងៃទី៣១ ខែតុលាឆ្នាំ ២០២៥ តំបន់ភូមិភាគឦសានទទួលបានសំណើគម្រោងវិនិយោគចំនួន ២១ ដែលមានទំហំទុនវិនិយោគសរុបប្រមាណ ៧០០ លានដុល្លារអាមេរិក។ ប៉ុន្តែក្នុងនោះ គម្រោងវិនិយោគចំនួន ១១ ក្រោមទុនវិនិយោគសរុប ៤០០ លានដុល្លារ និងអាចបង្កើតការងារ ៨០០ កន្លែង នៅភូមិភាគឦសានទទួលបានការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាល៕



