កាលពីពេលថ្មីៗកន្លងទៅនេះ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យ សម្រេចឲ្យមានការបង្កើតក្រុងថ្មីចំនួន ២ នៅក្នុងខេត្ដកណ្ដាល ដែលក្នុងនោះរួមមាន៖ ក្រុងអរិយក្សត្រ និងក្រុងសំពៅពូន។ យ៉ាងណាក្រោយការប្រកាសបង្កើតក្រុងថ្មីទាំង ២ ខាងលើ ខេត្ដកណ្ដាលក៏ចាប់ផ្ដើមទទួលបានគម្រោងវិនិយោគជាបន្ដបន្ទាប់ពីក្រុមហ៊ុនធំៗទាំងនៅក្នុងស្រុក និងក្រៅស្រុកផងដែរ។
ជាក់ស្ដែងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នេះក្រុមហ៊ុនធំចំនួន ២ បានបោះទុនវិនិយោគសរុបជាង ១០ លានដុល្លារបង្កើតរោងចក្រនៅក្នុងខេត្ដមួយនេះ ខណៈរោងចក្រទាំង ២ នេះក៏នឹងបង្កើតឱកាសការងារជូនពលរដ្ឋនៅក្នុងតំបន់បានជាង ៣ ពាន់កន្លែងផងដែរ។ យោងតាមការចុះផ្សាយពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្រុមហ៊ុនដែលបោះទុនវិនិយោគនោះរួមមាន៖
១. ក្រុមហ៊ុន “GOLDEN ISLAND GARMENTS (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃមាន ឃុំព្រៃពួច ស្រុកអង្គស្នួល មានទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.១៣៥កន្លែង។
២. ក្រុមហ៊ុន “JIN LONG QUAN (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំសម្លៀកបំពាក់ ស្បែកជើង កាបូប និងមួក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ មានទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៨៨៣កន្លែងផងដែរ៕
អត្ថបទ៖ កឹម ប៊ុនធឿន