គិតមកដល់ពេលនេះគម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន ៥១%ហើយ បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមការចេញផ្សាយដោយក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥។ តាមការបញ្ជាក់បច្ចុប្បន្នគម្រោងនេះសម្រេចបានដូចជា៖
១/ ផ្នែកគ្រឹះស្ពាន បានប្រមាណ ៩១,៦២% ក្នុងនោះសសរគ្រឹះចំនួន ១៥៦ដើម សម្រេចបាន ១៤៨ ដើម ២០ជើងតាង សម្រេចបានចំនួន១៦ និងធ្នឹមភ្ជាប់ក្រោមចំនួន១២ សម្រេចបាន ១០០%
២/ រចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន ៦៨.៩១% រួមមានតួសរសរស្ពាន១២ សម្រេចបាន១០០% សរសរស្ពាន ៥២ សម្រេចបាន៤០ និងធ្នឹមភ្ជាប់ក្បាលសរសរទទឹងស្ពានចំនួន៣៤ សម្រេចបាន២៣ ធ្នឹម
៣/ រចនាសម្ព័ន្ធផ្នែកលើស្ពានសម្រេចបានប្រមាណ ២៣ %
៤/ការងារផ្លូវតភ្ជាប់ សម្រេចបាន ១,៧ % និង
៥/ ការងារផ្លូវបង្វែរទិសចរាចរណ៍ សម្រេចបាន៤% ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។ រយៈពេលសាងសង់គិតត្រឹមខែឧសភា ឆ្នាំ២០២៥នេះ សម្រេចបាន ២០ខែហើយ ស្មើនឹង ៤៧ ,៦២% នៃផែនការសាងសង់ ៤២ខែ ដោយមិនមានការយឺតយ៉ាវជាងកម្មវិធីការងារដែលគ្រោងទុកទេ ដែលត្រៀមបញ្ចប់នៅចុងឆ្នាំ២០២៧។
សូមជម្រាបថា គម្រោងស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា នេះ មានប្រវែងសរុប ១ ៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ, ទទឹងផ្លូវ២៧ម៉ែត្រ,ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ម៉ែត្រ, ទទឹងផ្លូវ ២៧ម៉ែត្រ) ត្រូវប្រើរយៈពេលសាងសង់ ៤២ខែ និងសាងសង់ដោយក្រុមហ៊ុន សំណង់សៀងហៃ និងមានក្រុមហ៊ុនក្វាងចូវវ៉ានអានជាទីប្រឹក្សាគម្រោង៕





