នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនិងលើកទិសដៅបន្ត ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានណែនាំ “ទៅដល់កងកម្លាំងអនុវត្តន៍ច្បាប់ទាំងអស់ថា បើសិនជាឃើញឡានកុងតឺន័រធំៗមួយចំនួន ដែលបានច្នៃស៊ីផ្លេ លេងភ្លើងខៀវក្រហម បិទស្តុតខ្មៅ ពេលឃើញឈប់ហៅអប់រំទៀត គឺចាប់ផាកពិន័យតាមច្បាប់តែម្តង”។
ថ្លែងនៅក្នុងកម្មវិធីខាងលើ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា មានប្រសាសន៍បន្តថា "កាលពីកន្លងទៅខ្ញុំធ្លាប់បានណែនាំទៅកាន់ស្នងការខេត្តថា នៅពេលដែលឃើញឡានធំៗធ្វើបែបនេះគ្រាន់តែដោះសម្ភារៈទុកហើយហៅអប់រំទៅបានហើយ ប៉ុន្តែពេលនេះយើងគួរតែមានវិធានការផាកពិន័យហើយបើមិនអញ្ចឹងទេគឺនៅតែបន្តមានច្រើនជាងមុន”។
ឯកឧត្ដមលើកឡើងទៀតថា នៅពេលដែលឯកឧត្តមធ្វើដំណើរលើផ្លូវជាតិលេខ ៥,៦ ពេលយប់គឺឃើញច្រើនណាស់ប្រភេទឡានធំៗដែលបានច្នៃស៊ីផ្លេ ជាពិសេសនោះគឺឡានដែលលេងភ្លើងខៀវក្រហមដែលការលេងបែបនេះធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានការភ័ន្តច្រឡំថាឡានសមត្ថកិច្ចឬឡានអ្វីផ្សេងព្រោះឡានធំៗមួយចំនួនពេលធ្វើដំណើរពេលយប់គឺបើកភ្លើងខៀវក្រហមតែម្តង។
ជាមួយគ្នានោះ ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រីក៏បានណែនាំឱ្យកងកម្លាំងសមត្ថកិច្ចរបស់យើងទាំងអស់ សូមយកចិត្តទុកដាក់ឱ្យបានខ្ពស់លើរឿងនេះ ហើយក៏សូមឱ្យពិនិត្យមើលឱ្យច្បាស់ថាតើឡានណាដែលមានសមត្ថភាពឬមួយមានសមត្ថកិច្ចប្រើភ្លើងនឹង ព្រោះឥលូវនេះពេលឯកឧត្តមធ្វើដំណើរពេលយប់ឃើញមានច្រើនណាស់៕