គិតត្រឹម១ខែ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅនេះ មានក្រុមហ៊ុនធំបរទេសជាច្រើន បានបង្ហាញចំណាប់អារម្មណ៍ចង់មកបោះទុនវិនិយោគរកស៊ីជាមួយក្នុងខេត្តទាំង៣ ខាងក្រោមនេះ៖
១.ខេត្តតាកែវ
កាលពីដើមខែវិច្ឆិកា កន្លងទៅនេះ ក្រុមហ៊ុន Danong Development Group ដែលមកពីប្រទេសចិន បានសម្រេចជ្រើសរើសខេត្តតាកែវ ដើម្បីវិនិយោគនៅក្នុងវិស័យកសិកម្ម នាពេលឆាប់ៗខាងមុខនេះផងដែរ។
នៅក្នុងជំនួបជាមួយ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ និង លោក Zhao Shujie ប្រធានក្រុមហ៊ុន Danong Development Group ក៏បានជម្រាបជូនអំពីគោលបំណង និងទិសដៅនៃគម្រោងវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដែលក្នុងនោះក្រុមហ៊ុនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងវិនិយោគនៅក្នុងខេត្តតាកែវ ដែលជាខេត្តដ៏មានសក្តានុពលមួយ លើវិស័យកម្ម នៅក្នុងចំណោមបណ្ដាខេត្តផ្សេងៗ របស់ប្រទេសកម្ពុជា ។
២.ខេត្ដកំពង់ស្ពឺ
កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមហ៊ុន Golden Intergrity International Investment Group បានបើកការដ្ឋានសាងសង់ គម្រោងសួនឧស្សាហកម្មវាយនភណ្ឌបៃតងកម្ពុជា ដែលមានទីតាំងស្ថិតនៅក្នុងភូមិឈើនាង ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ដែលគម្រោងដ៏សំខាន់មួយនេះត្រូវបានសាងសង់នៅលើផ្ទៃដីសរុប ៥០០ ហិកតា មានទុវិនិយោគប្រមាណ ៥ លានដុល្លារ។
គម្រោងអភិវឌ្ឍន៍សួនឧស្សាហកម្មវាយនភណ្ឌបៃតងកម្ពុជានេះផ្តោតលើការបង្កើតឱ្យបាន នូវសួនឧស្សាហកម្មវាយនភណ្ឌលំដាប់ជាតិកម្ពុជា និងបន្តអភិវឌ្ឍន៍ឱ្យក្លាយជាមូលដ្ឋានផលិតកម្ម ផ្គត់ផ្គង់ដ៏សំខាន់លើ ឧហ្សាហកម្ម បោះពុម្ភ ជ្រលក់ពណ៍ និងអេឡិចកូប្លាតីងស្បែក ក្នុងតំបន់អាស៊ានផងដែរ។
៣. ខេត្តមណ្ឌលគិរី
កាលពីដើមខែវិច្ឆិកា ថ្មីៗនេះក្រុមហ៊ុន Zhongjiao Tongli ដែលមានមូលដ្ឋាននៅក្រុងស៊ីអាន (Xi'an) បានបង្ហាញចំណាប់អារម្មណ៍ចង់វិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ជាពិសេសគឺចង់វិនិយោគក្នុងខេត្តមណ្ឌលគិរី។
ក្រុមហ៊ុន Zhongjiao Tongli មានមូលដ្ឋាននៅក្រុងស៊ីអាន (Xi'an) និងមានប្រតិបត្តិការអាជីវកម្មលើវិស័យពាណិជ្ជកម្ម កសិកម្ម ថាលពលស្អាត និងប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ។ ក្រុមហ៊ុនក៏បាននិងកំពុងវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដែលមានដូចជា ដំណាំចេក និងស្វាយ នៅតាមបណ្ដាខេត្តមួយចំនួន ដូចជា ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែងផងដែរ៕