ខែទីបី នៃឆ្នាំ២០២៥ នេះ មានក្រុមហ៊ុនធំៗចំនួន២ បានជ្រើសខេត្តស្វាយរៀង និងខេត្តកំពត ដើម្បីសាងសង់រោងចក្រផលិតបរិក្ខារពេទ្យនិងរោងចក្រផលិតសំបងកង់រថយន្ត ខណៈគម្រោងទាំង២ នេះត្រូវបានរំពឹងថានឹងបង្កើតឱកាសការងាររាប់ពាន់កន្លែងជូនដល់ពលរដ្ឋដែលនៅក្នុងតំបន់នោះផងដែរ។
ក្រុមហ៊ុន KENPAX ដែលជាក្រុមហ៊ុនផលិតគ្រឿងបរិក្ខាពេទ្យ (ផលិតផលវេជ្ជសាស្រ្ត) របស់ប្រទេសចិន គ្រោងនឹងមកបើករោងចក្រនៅក្នុងភូមិព្រៃថ្មី ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត ខាងមុខនេះ នៅពេលដំណើរការរោងចក្រនេះគឺត្រូវការកម្លាំងពលកម្មប្រមាណ ៣០០០នាក់។ រោងចក្រនេះគ្រោងនឹងបើកការដ្ឋានសាងសង់នៅពាក់កណ្តាលខែមីនា ហើយគ្រោងនិងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៥ខាងមុខនេះហើយ។
នៅក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកទឹកចិត្តដល់ក្រុមហ៊ុនឱ្យធ្វើការជ្រើសរើសកម្មករដែលរស់នៅក្បែរតំបន់ដែលសាងសង់រោងចក្រជាជម្រើសទី១ និងបន្តជ្រើសរើសតាមបណ្តាក្រុង-ស្រុក ក្នុងខេត្តកំពតក្នុងន័យដើម្បីបង្កើនការងារជូនប្រជាពលរដ្ឋក្នុងខេត្តកំពត។
ក្រុមហ៊ុន KENPAX គឺជាក្រុមហ៊ុនផលិតនូវផលិតផលផ្នែកវេជ្ជសាស្រ្ត ដែលបច្ចុប្បន្នបានធ្វើការចែកចាយ និងផ្គត់ផ្គង់នៅជាង ៤០ប្រទេសនៅលើពិភពលោក។
២. ខេត្ដស្វាយរៀង
កាលពីថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន វ៉ាន់លី ថាយអឺ (ខេមបូឌា) ឯ.ក បានបើកការដ្ឋានសាងសង់រោងចក្រផលិតសំបកកង់រថយន្តរបស់ខ្លួនដែលមាន គម្រោងនេះមានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីនបាវិត ក្នុងក្រុងបាវិត នៃខេត្តស្វាយរៀង មានវិសាលភាពគ្របដណ្តប់លើផ្ទៃដីប្រមាណ ៣២ហិកតា ជាមួយទំហំទុនវិនិយោគរហូតដល់ប្រមាណ ៥០០ លានដុល្លារអាម៉េរិក សម្រាប់ទាំងដំណាក់កាលទី១ និងទី២ ដែលរំពឹងថានឹងបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋបានចំនួនប្រមាណ ១ ០០០ កន្លែងផងដែរ៕