ភ្ញាក់ផ្អើល! សេដ្ឋវិទូល្បីឈ្មោះថា ជប៉ុនដែលជាមហាអំណាចសេដ្ឋកិច្ចទី៣លើលោក នឹងធ្លាក់ក្នុងវិបត្តិ នៅឆ្នាំ២០២៣
SOKLY SODECEMBER 8 20221.1 K views

នៅក្នុងកម្មវិធី Squawk Box Asia របស់ទូរទស្សន៍ CNBC សេដ្ឋវិទូជាន់ខ្ពស់ជនជាតិជប៉ុន មកពីក្រុមហ៊ុន Capital Economics លោក​ Marcel Thieliant បានលើកឡើងថា សេដ្ឋកិច្ចរបស់ប្រទេសជប៉ុន នឹងធ្លាក់ចូលទៅក្នុងវិបត្តិ នៅពេលណាមួយក្នុងឆ្នាំក្រោយនេះ

លោក Marcel បានបញ្ជាក់ថា មានកត្តាជាច្រើនដែលធ្វើឱ្យលោកលើកឡើងច្បាស់ៗបែបនេះ ចំពោះសេដ្ឋកិច្ចប្រទេសជប៉ុនរបស់ខ្លួន។ ក្នុងនោះមូលហេតុសំខាន់បំផុតរួមមាន ជប៉ុនកំពុងជួបប្រទះនឹងឱនភាពពាណិជ្ជកម្ម ការនាំចេញថយចុះ ការនាំចូលកើនឡើង អតិផរណាខ្ពស់ GDP ធ្លាក់ចុះ២ត្រីមាសជាប់គ្នា រួមទាំងបញ្ហាគោលនយោបាយហិរញ្ញវត្ថុរបស់ធនាគារកណ្ដាលជប៉ុនថែមទៀត។

របាយការណ៍ទាក់ទងនឹងពាណិជ្ជកម្មរបស់ជប៉ុន បានបង្ហាញឱ្យឃើញថា កំណើននៃការនាំចេញនៅក្នុងខែតុលាមានត្រឹម ២៥.៣% ទាបជាងខែកញ្ញាដែលមាន ២៨.៩%។ ចំណែកឯកំណើននៃការនាំចូលនៅក្នុងខែតុលាមានដល់ ៥៣.៥% ខ្ពស់ជាងខែកញ្ញាដែលមានត្រឹម ៤៥%។

ដោយឡែក អតិផរណាស្នូលរបស់ជប៉ុននៅក្នុងខែវិច្ឆិកាមានរហូតទៅដល់ ៣.៦% ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៤០ឆ្នាំចុងក្រោយ ហើយចំនួននេះវាលើសគោលដៅឆ្នាំ២០២២ របស់រដ្ឋាភិបាលដល់ទៅ ២%។

បន្ថែមពីនេះ អ្នកវិភាគដែលត្រូវបានស្ទង់មតិដោយ Reuters បានរំពឹងថា GDP របស់ជប៉ុននៅក្នុងត្រីមាសទី៣នៃឆ្នាំ២០២២ នឹងមានការធ្លាក់ចុះ ១.១% សម្រាប់ពីខែកក្កដាដល់ខែកញ្ញា។ ការវិភាគនេះ មានន័យថា ពួកគេបានកំណត់រួចហើយថា វាជាការឈានជើងចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចរបស់ជប៉ុន ព្រោះតែពេលនេះស្ថានភាពទាំងមូល កំពុងតែមានកំណើនអវិជ្ជមានក្នុងរយៈពេល ២ត្រីមាសជាប់ៗគ្នា។

សេដ្ឋវិទូជាន់ខ្ពស់ Marcel បានបន្តទៀតថា ធនាគារកណ្ដាលជប៉ុនកំពុងតែរក្សាគោលនយោបាយហិរញ្ញវត្ថុជ្រុលនិយមរបស់ខ្លួន ដោយមិនអើពើនឹងការដំឡើងអត្រាការប្រាក់សោះ ទោះជាកំពុងប្រឈមជាមួយនឹងវិបត្តិក៏ដោយ។ ជាក់ស្ដែងពេលនេះ អត្រាការប្រាក់របស់ប្រទេសជប៉ុន គឺជាការប្រាក់អវិជ្ជមាន -០.១% ស្របពេលដែលសហរដ្ឋអាមេរិកដំឡើងដល់ទៅ ៤%ទៅហើយ។ អត្រាការប្រាក់ដ៏ទាបរបស់ជប៉ុន កំពុងតែធ្វើឱ្យតម្លៃលុយរបស់ជប៉ុនធ្លាក់ចុះ ធៀបនឹងលុយដុល្លារអាមេរិក។

លោក Marcel Thieliant បានគូសបញ្ជាក់ផងដែរថា ឆ្នាំ២០២២នេះ សេដ្ឋកិច្ចរបស់ជប៉ុនបានធ្លាក់ចុះច្រើនផ្នែកពេកហើយ ​ហេតុនេះនៅឆ្នាំបន្ទាប់ជប៉ុនពិតជាពិបាកនឹងគេចឱ្យផុតពីវិបត្តិសេដ្ឋកិច្ចខ្លាំងណាស់

អត្ថបទដោយ៖ សូ សុខលី

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia