ដឹងហើយប្រាប់តគ្នាផង! នេះជាក្បួនវិនិយោ.គឆបោ.កដ៏ពេញនិយមដែលធ្លាប់បោកពលរដ្ឋខ្មែរអស់រាប់ពាន់រាប់ម៉ឺ.នដុល្លារ
Toeuy HongMARCH 15 20241.2 K views

ប្រទេសជាច្រើនលើពិភពលោកមានគម្រោងវិនិយោគឆបោកដែលធ្វើឲ្យប្រជាជនជាច្រើនចាញ់បោកក្នុងការវិនិយោគអស់លុយរាប់ពាន់រាប់ម៉ឺនដុល្លារ។ ក្បួនវិនិយោគឆបោកដែលពេញនិយមបំផុតគឺមានឈ្មោះថា Ponzi Scheme ដែលជាការវិនិយោគឆបោកពេញនិយមទូទាំងពីភពលោកហើយក្បួននេះក៏ត្រូវបានគេប្រើបោកប្រជាជនខ្មែរតាំងពីយូររហូតមកដល់សព្វថ្ងៃអស់លុយរាប់ម៉ឺនដុល្លារ។

តើក្បួនវិនិយោគឆបោគ Ponzi មានលក្ខណៈដូចម្ដេចទើបអាចឆបោកគេបានច្រើនយ៉ាងនេះ?

តាមពិតទៅក្បួនវិនិយោគឆបោកPonzi នេះត្រូវបានបង្កើតឡើងដំបូងដោយលោក Charles Ponzi សញ្ជាតិអ៊ីតាលីតាំងពីឆ្នាំ១៩២០មកម៉្លេះ។ ក្បួនវិនិយោគឆបោកនេះគឺម្ចាស់គម្រោងឬអ្នកឆបោកបានប្រមូលលុយពីអ្នកវិនិយោគជាច្រើនដោយសន្យាជាមួយអ្នកដាក់លុយវិនិយោគថាបានប្រាក់ចំណេញខ្ពស់ហើយមិនមានហានិភ័យ។

ក្បួននេះម្ចាស់គម្រោងឆបោកខិតខំប្រមូលលុយឲ្យបានច្រើនដោយសន្យាផ្ដល់ជាប្រាក់ចំណេញឬការប្រាក់ខ្ពស់ប្រចាំខែ។  តាមពិតទៅក្បួននេះគឺធ្វើឲ្យមើលទៅឲ្យអ្នកវិនិយោគជឿមែនព្រោះពួកគាត់ទទួលបានការប្រាក់ប្រចាំខែខ្ពស់ដូចការសន្យា។

 យ៉ាងណាមិញការប្រាក់ប្រចាំខែដែលផ្ដល់ឲ្យអ្នកវិនិយោគគឺបានមកពីលុយរបស់អ្នកវិនិយោគថ្មីៗហើយម្ចាស់គម្រោងយកលុយនេះបង្វិលឲ្យអ្នកវិនិយោគចាស់ៗ។ ត្រង់នេះដំបូងៗអ្នកវិនិយោគទទួលបានការប្រាក់ឬប្រាក់ចំណេញប្រចាំខែពិតមែន ប៉ុន្ដែមិនយូរប៉ុន្មាននៅពេលដែលគ្មានអ្នកវិនិយោគថ្មីមកដាក់លុយវិនិយោគ គម្រោងវិនិយោគនេះចាប់ផ្ដើមគាំងគ្មានសាច់ប្រាក់បង់ការប្រាក់ទៅឲ្យអ្នកវិនិយោគហើយទីបំផុតគម្រោងវិនិយោគនេះត្រូវដួលរលំអ្នកដែលដាក់លុយវិនិយោគ លែងបានការប្រាក់ហើយប្រាក់ដើមក៏ខាតបង់។

 ខាងក្រោមនេះគឺជាលក្ខណៈសំគាល់សំខាន់ៗនៃគម្រោងការបោកប្រាស់ Ponzi Scheme អាចមានជាច្រើនចំណុចគួរឱ្យសង្ស័យរួមមាន៖

១. ធានាប្រាក់ចំណេញខ្ពស់ ជាមួយនឹងអត្រាហានិភ័យទាប ឬមិនមានហានិភ័យតែម្ដង។ ត្រូវចាំថាការវិនិយោគពិតប្រាកដកម្រមានការធានាហានិភ័យ១០០%ណាស់ ព្រោះរកស៊ី វិនិយោគតិចឬច្រើនតែងមានហានិភ័យជានិច្ច។

២. ក្រុមហ៊ុនវិនិយោគមិនបានចុះបញ្ជី ឬមិនមានអាជ្ញាបណ្ណទទួលស្គាល់ដោយក្រសួងពាក់ព័ន្ធនានា។

៣. យុទ្ធសាស្ត្រវិនិយោគរបស់គេមានភាពស្មុគស្មាញពិបាកយល់ និងមិនសូវមានព័ត៌មានគ្រប់គ្រាន់ពេញលេញ

៤. សាំញ៉ាំ ស្មុគស្មាញ រាល់ពេលដែលអ្នកវិនិយោគចង់ធ្វើការដកប្រាក់ចេញ ព្រោះគោលដៅពួកគេមិនចង់ឱ្យមានអ្នកវិនិយោគណាម្នាក់ដកប្រាក់ចេញនោះទេ។ ដូច្នេះគេក៏សន្យាផ្ដល់ផលចំណេញកាន់តែខ្ពស់ ជាថ្នូរនឹងការបន្តរក្សាប្រាក់វិនិយោគសិន មិនទាន់ដកចេញជាដើម។

៥. មិនមានលិខិតបញ្ជីស្នាមច្បាស់លាស់ត្រឹមត្រូវ ជាពិសេសរបាយការណ៍ហិរញ្ញវត្ថុជាដើម។

ចំណុចទាំង ៥ខាងលើនេះ គ្រាន់តែជាចំណុចសំគាល់មួយចំនួនតែប៉ុណ្ណោះ ហើយវានៅមានចំណុចសង្ស័យជាច្រើនទៀត។ គម្រោងវិនិយោគបោកប្រាស់ Ponzi Scheme ក៏ត្រូវបានគេបំប្លែងជាច្រើនទម្រង់ ប្រើក្នុងគម្រោងវិនិយោគវិស័យនានាជាច្រើនផងដែរ។

ជាចុងក្រោយជាគន្លឹះដើម្បីចៀសវាងចាញ់បោកគេគឺបងប្អូនមិនគួរដាក់លុយវិនិយោគជាមួយគម្រោងវិនិយោគដែលសន្យាផ្ដល់ការប្រាក់ខ្ព​ស់ប្រចាំខែនោះទេ ដូចជាការប្រាក់ ១០% ២០% ឬ៣០%ក្នុងមួយខែជាដើម។ មិនថាឡើយផ្ដល់ការប្រាក់១០%ក្នុងមួយខែ សូម្បីតែផ្ដល់ការប្រាក់ត្រឹម៣ទៅ៤%ក្នុងមួយខែក៏មានហានិភ័យខ្ពស់ ហើយគម្រោងវិនិយោគបែបនេះគឺមានហានិភ័យខ្ពស់ដែលភាគច្រើនគឺត្រូវបានចាត់ទុកថាជាគម្រោងវិនិយោគឆបោកតែម្ដង៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia