ឆ្នាំ២០២៣ មានទុនត្រឹម១ពាន់$ តែចង់ចេញរកស៊ី នេះជាមុខរបរសាមញ្ញាទាំង៥ អាចរកចំណូលបានរាល់ថ្ងៃ
ធី ស្រីល័ក្ខDECEMBER 9 20228.4 K views

នៅឆ្នាំ២០២៣ ខាងមុខនេះ ប្រសិនជារវល់តែខ្លាចរវល់តែសុញរវល់តែគិតថាខ្លួនមានដើមទុនតិចពេក មិនហ៊ានចេញរកស៊ីច្បាស់ណាស់ប្រាកដជាមានអ្នកយកមុខរបរមុនយើងបាត់ហើយ។ មែនទែនទៅ សម្រាប់ការរកស៊ីមិនចាប់បាច់ទាំងមានម៉ឺនដុល្លារទើបអាចបង្កើតមុខរបរបានទេ អ្នកមានលុយក្រោម១ពានដុល្លារក៏អាចចាប់ផ្តើមធ្វើបានដែរ។ ខាងក្រោមនេះជាមុខរបរទាំង៥ ប្រភេទដែលចាបក្រហមនឹងយកមកបង្ហាញ ដូច្នេះលោក លោកស្រីអាចពិចារណាធ្វើបាន៖

១. ធ្វើវេបសាយលក់ឡាន១ទឹក

ស្ថាបនិកចាបក្រហមលោក សំ កុសល បានមានប្រសាសន៍ថា វេបសាយលក់ឡាននៅថ្ងៃអនាគតគឺមានទីផ្សារល្អណាស់ ដោយសារសម័យនេះជាសម័យបច្ចេកវិទ្យាគ្រប់មនុស្សទាំងអស់នៅពេលគេចង់បានអ្វីមួយគឺគេឆែកតាមទូរស័ព្ទហើយ មិនតែប៉ុណ្ណោះមុខរបរនេះជាឱកាសល្អមួយសម្រាប់និស្សិតផ្នែក IT គួរតែរៀនសរសេរវេបសាយលក់ឡានពេលទំនេរនៅពេលយប់។

បើក្រឡកទៅមើល នៅប្រទេសជប៉ុនវិញវេបសាយលក់ឡានគឺកំពុងតែពេញនិយមខ្លាំងណាស់ ហើយបើយើងក្រឡេកមកមើលប្រទេសកម្ពុជាយើងវិញក៏មានប្រជាជនជាច្រើនជិះឡានផងដែរ។ ដូច្នេះនៅពេលដែលនរណាម្នាក់គេចង់ដូរឡានថ្មីគេប្រាកដជាចង់លក់ឡានចាស់ បែបនេះនៅពេលដែលយើងចាប់អារម្មណ៍ចង់ធ្វើវេបសាយលក់ឡាន១ទឹក យើងត្រូវតែចេះទំនាក់ទំនងឱ្យបានច្រើនព្រោះនៅពេល យើងស្គាល់មនុស្សកាន់តែច្រើនយើងអាចបង្ហើបប្រាប់គេថាយើងមានវេបសាយលក់ឡាន១ទឹកឬបង្ហោះតាមបណ្តាញសង្គមឱ្យបានច្រើន ងាយស្រូលនៅពេលដែលអ្នកណាចង់លក់ឡានគេប្រាកដជាទាក់ទងមកយើង ហើយអ្វីដែលកាន់តែពិសេសនោះក្នុងនាមយើងជាអ្នករកស៊ីត្រូវតែមានភាពស្មោះត្រង់ដើម្បីឱ្យគេមានទំនុកចិត្តជាមួយយើង។

២. ធ្វើនំបាញ់ឌុកកូនកាត់លក់

អ្នកនាង ម៉ីសៀក គាត់ជាស្រ្តី១រូបដែលបានធ្វើបង្អែមបាញ់ឌុកឬតយខ្ទិះលក់ ដោយចំណាយទុនត្រឹមតែ១០ម៉ឺនរៀលប៉ុណ្ណោះក្នុងការបង្កើតមុខរបរនេះ ប៉ុន្តែក្នុងមួយខែគាត់អាចលក់ដាច់បានរហូតដល់ទៅខ្ទង់ម៉ឺនកែវឯណោះ។

អ្នកនាងម៉ីសៀក បានបន្តថា នៅពេលដែលចាប់ផ្តើមធ្វើនំបាញ់ឌុកកូនកាត់នៅឆ្នាំ២០២១ ដំបូងអ្នកនាងចាយទុនត្រឹមតែ១០ម៉ឺនរៀលប៉ុណ្ណោះ ព្រោះអំឡុងពេលនោះយើងធ្វើលក់សាកល្បងត្រឹមតែ ៥០កែវទេ ប៉ុន្តែនៅពេលធ្វើលក់ភ្លាម អ្នកនាងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនព្រោះនំបាញ់ឌុករបស់អ្នកនាងធ្វើមកពីគ្រឿងផ្សំថ្លៃ ហើយជាពិសេសនោះអ្នកនាងធ្វើមិនរិះថាំគ្រឿងទេ ពោលសូម្បីតែគ្រឿងផ្សំដូចជាស្លឹកតយគឺយករបស់ធម្មជាតិមក ចំណែកខ្ទិះដូងវិញអ្នកនាងបានប្រើខ្ទិះសុទ្ធៗតែម្តង ចំណែកល្ងវិញគឺលីងៗថ្មីសម្រាប់ដាក់លើបង្អែមជូនអតិថិជន។

ដោយសារតែមានការសរសើរពីអតិថិជន និងមានការគាំទ្រកាន់តែខ្លាំង បានធ្វើឱ្យអ្នកនាង ម៉ីសៀក កាន់តែមានកម្លាំងចិត្តក្នុងការបន្តមុខរបរនេះទៅមុខបន្តរហូតដោយពីមួយថ្ងៃទៅមួយថ្ងៃនំបាញ់ឌុកកូនកាត់របស់អ្នកលក់ដាច់ខ្លាំងណាស់ ប្រសិនជាគ្មានភ្លៀងអ្នកនាងអាចលក់បានពី១ពាន់កែវទៅ១ពាន់៥រយកែវក្នុងមួយថ្ងៃ ហើយនៅក្នុងនោះសម្រាប់នំបាញ់ឌុកកូនកាត់បើគិតក្នុងខែអ្នកនាងអាចលក់ដាច់រហូតបានទៅដល់១ម៉ឺន៥ពាន់កែវ ដល់១ម៉ឺន៧ពាន់កែវឯណោះ។

៣. ចិញ្ចឹមចង្រិត

លោក ញឿក ភារម្យ ម្ចាស់កសិដ្ឋានចិញ្ចឹមចង្រិត Cricket Raising Farm បាននិយាយក្នុងបទសម្ភាសន៍ថា របរនេះលោកចំណាយដើមទុនប្រមាណជា ១ពាន់ដុល្លារប៉ុណ្ណោះ ដោយលោករៀនពីវិធីចិញ្ចឹមចង្រិតតាមរយៈយូធូប បន្ទាប់ពីឃើញវីដេអូចិញ្ចឹមចង្រិតនៅក្នុងយូធូបហើយនោះ លោកក៏បានសិក្សាស្រាវជ្រាវពីរបៀបចិញ្ចឹម និងការថែទាំផ្សេងៗ ដែលអាចធ្វើឱ្យការចិញ្ចឹមចង្រិតបានល្អ និងឆាប់ធំ។ ហើយនៅពេលនោះ លោកក៏បានយកលុយសន្សំ ១ពាន់ដុល្លាររបស់លោក សាកល្បងចិញ្ចឹមចង្រិត ដោយធ្វើការសង់ទ្រុងជាស៊ីម៉ង់ ទំហំ ២ម៉ែត្រគុណនិង ៨ម៉ែត្រការ៉េ និងបន្តមើលពីរបៀបចិញ្ចឹមតាមយូធូបរហូត លោកអាចចិញ្ចឹមបានល្អ។

បើតាមការបញ្ជាក់ពីលោក ញឿក ភារម្យ បច្ចុប្បន្ននេះ លោកមិនមែនចិញ្ចឹមតែម្នាក់ឯងនោះទេ ពោលគឺលោកបានបានប្រមូលកូនសិស្សរបស់លោក ចងជាសហគមន៍ ដែលអាចលក់ចង្រិតចេញទៅក្រៅពី១ថ្ងៃ ១០០គីឡូ រហូតដល់១០០០គីឡូឯណ្ណោះ។ ហើយអ្វីដែលពិសេសជាងនេះ គឺកសិដ្ឋាន Cricket Raising Farm របស់លោក ចិញ្ចឹមចង្រិតផ្គត់ផ្គង់ឱ្យភ្ញៀវសឹងមិនទាន់នោះឡើយ។

៤. ចិញ្ចឹមកណ្តុរ

លោក មុយ ចម្រើន ដែលជាម្ចាស់កសិដ្ឋានចិញ្ចឹមកណ្តុរ សុវណ្ណរចនា មានទីតាំងនៅខេត្តបាត់ដំបង បាននិយាយថា មុននឹងបង្កើតកសិដ្ឋានចិញ្ចឹមកណ្តុរនៅស្រុកខ្មែរ ដំបូងឡើយលោកធ្វើការចិញ្ចឹមនៅប្រទេសថៃ ព្រោះពេលនោះលោកកំពុងបម្រើការងារជាកម្មករសំណង់នៅទីនោះ លុះក្រោយមកទើបលោករៀបគម្រោងមកចិញ្ចឹមនៅខ្មែរ។

សម្រាប់ក្បួននៃការចិញ្ចឹមនេះគឺលោករៀនបច្ចេកទេសតាមរយៈ YouTube ហើយនឹងបានទិញពូជមកពីប្រទេសថៃដើម្បីបង្កាត់ ក្រោយមើលយល់ និងបានរៀនចេះហើយលោកចាប់ផ្តើមអនុវត្តតែម្តង ដោយកាលនោះលោកចិញ្ចឹមសាកក្នុងលូនៅឯប្រទេសថៃ រហូតក្រោយមកទើបលោកត្រឡប់ពីប្រទេសថៃមកចាប់ផ្តើមធ្វើនៅឯប្រទេសខ្មែរ។

លោក ចម្រើន បញ្ជាក់ថា របរចិញ្ចឹមសត្វកណ្តុរនេះ លោកអាចរកចំណូលបានចន្លោះពី២០០ទៅ ៣០០ដុល្លារក្នុង១ខែ និងចំណាយពេលត្រឹមតែ២ទៅ៣ម៉ោងប៉ុណ្ណោះ នៅក្នុងមួយថ្ងៃ។

៥. កសិដ្ឋានចិញ្ចឹមខ្យង

តាមរយៈការផ្ដល់បទសម្ភាសន៍ លោក ហាច ឆន ម្ចាស់កសិដ្ឋាន៤០០ បានមានប្រសាសន៍ថា ចាប់ផ្ដើមដំបូងមានអាងចិញ្ចឹមត្រឹមតែ ៣ អាងប៉ុណ្ណោះ ប៉ុន្ដែបច្ចុប្បន្នអាងចិញ្ចឹមរបស់លោកមានរហូតដល់ ៤០ ទាំងតូចនិងធំ និងមានគម្រោងពង្រីកឲ្យបានដល់១០០អាងនាពេលខាងមុខ។

ម្ចាស់កសិដ្ឋាន ៤០០ ខាងលើបានឲ្យដឹងទៀតថា ជារៀងរាល់ថ្ងៃកសិដ្ឋានរបស់លោកមិនទាន់មានលទ្ធភាពផ្គត់ផ្គង់ខ្យងសាច់លើទៅផ្សារនៅឡើយទេ ព្រោះលោកផ្ដោតលើការផ្គត់ផ្គង់ខ្យងពូជទៅកាន់កសិករសិន។ ដោយហេតុថាតម្រូវការពូជខ្យងកាន់តែឡើង ព្រោះកសិករងាកមកចាប់របរចិញ្ចាមខ្យងនេះ។ ក្នុងនោះដែរ តម្លៃខ្យងពូជមួយគីឡូក្រាមតម្លៃ ៣០,០០០រៀល និងខ្យងសាច់តម្លៃ ២៥,០០០រៀល (ករណីបងប្អូនទិញក្រោម១០គីឡូក្រាម)។ តែបើទិញដល់១០០គីឡូក្រាម តម្លៃ ២០.០០០រៀល ក្នុងមួយគីឡូក្រាម ករណីទិញដល់ ១តោន ខាងកសិដ្ឋាននឹងលក់ជូនក្នុងតម្លៃ ១៥,០០០រៀល ក្នុងមួយគីឡូក្រាម៕

អត្ថបទ៖ ធី ស្រីល័ក្ខ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia