សម្តេច ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យក្រុមហ៊ុនបច្ចេកវិទ្យាល្បីរបស់ចិន ឱ្យមកវិនិយោគវិស័យធំ១នៅកម្ពុជា
ធី ស្រីល័ក្ខSEPTEMBER 15 2023832 views

កាលពីថ្មីៗកន្លងទៅនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក លាំង ហ័រ (Liang Hua) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Huawei Technology Co., Ltd ចូលជួបសម្ដែងការ​គួរសម និងពិភាក្សាការងារ។

នៅក្នុងជំនួបនេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុន Huawei Technology Co., Ltd ពិនិត្យលទ្ធភាពវិនិយោគលើវិស័យផ្សេងៗទៀត ដូចជាការវិនិយោគការផលិតសម្ភារគ្រឿងបង្គុំអេឡិកត្រូនិកនៅកម្ពុជាជាដើម ។

ជាមួយគ្នានោះដែរ សម្ដេចធិបតី និង ​​លោក​ លាំង ហ័រ ក៏​បានពិភាក្សា​អំពីការ​បណ្ដុះបណ្ដាលធនធានមនុស្សលើជំនាញឌីជីថល ដោយក្រុមហ៊ុន Huawei Technology Co., Ltd បានបង្ហាញចំណាប់អារម្មណ៍លើ​ការ​បណ្ដុះបណ្ដាល​ជំនាញនេះ ដោយចាប់ផ្តើម​ពីកម្រិតបឋមសិក្សា​​ រហូត​ដល់កម្រិត​សាកល​វិទ្យាល័យ ​​។ ​កន្លង​មកនេះ ​ក្រុមហ៊ុន​ Huawei Technology Co., Ltd ក៏​បាន​សហការ​ជាមួយ​ដៃគូ នៅតាមសាកលវិទ្យាល័យ​មួយចំនួននៅកម្ពុជា​ ​លើការងារបណ្ដុះបណ្ដាលធនធានមនុស្សលើ​វិស័យ​ឌីជីថលផងដែរ​ ។

សម្តេចធិបតីហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់សារ​ជាថ្មីម្តងទៀតនូវជំហរស្វាគមន៍ និងការគាំទ្ររបស់រាជរដ្ឋាភិបាល ចំពោះដំណើរការអាជីវកម្ម និងវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ដែលស្របតាមតម្រូវការសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា និងគោលនយោបាយរបស់រាជរដ្ឋាភិបាល៕

១៩

អត្ថបទ៖ ធី ស្រីល័ក្ខ