ការបាត់សាច់ប្រាក់នៅក្នុងអាជីវកម្ម គឺជាបញ្ហាមួយដែលអ្នករកស៊ីភាគច្រើនតែងតែបារម្ភ និងមិនចង់ឱ្យកើតមាននៅក្នុងកន្លែងរបស់ខ្លួនឡើយ។ ប៉ុន្តែទោះជាយ៉ាងណា ដើម្បីឱ្យបញ្ហាបែបនេះអូសបន្លាយរហូតក្លាយជាដំបៅធ្ងន់ធ្ងរ គឺតម្រូវឱ្យម្ចាស់អាជីវកម្មរកដំណោះស្រាយឱ្យបានលឿនបំផុតតាមដែរអាចធ្វើទៅបាន។
ពាក់ព័ន្ធនឹងរឿងសំខាន់មួយនេះដែរ លោក សាន ឫទ្ធី នាយកគ្រប់គ្រង នៃក្រុមហ៊ុន Acclime Cambodia បានចែករំលែកនៅក្នុងកិច្ចសម្ភាសន៍ជាមួយនឹង Business Cambodia ថា «ដើម្បីអាចដោះស្រាយបញ្ហាបាន គឺតម្រូវឱ្យយើងស្គាល់ឫគល់នៃបញ្ហាជាមុនសិន»។ ទន្ទឹមនឹងនោះលោកបានប្រាប់ថា មូលហេតុដែលនាំឱ្យអាជីវកម្មមួយ ចេះតែបាត់សាច់ប្រាក់ គឺកើតឡើងដោយសារតែកត្តាធំៗ៣ ដូចតទៅ៖
១. វប្បធម៌៖ ពេលខ្លះមនុស្សចូលធ្វើការងារកន្លែងមួយ ហើយប្រព្រឹត្តិការលួចបន្លំ ពុករលួយ ស៊ីសំណូកសូកប៉ាន់ កិបកេងស្ថាប័ន ដោយមិនដឹងខ្លួនថាកំពុងខុស។ នេះគឺដោយសារតែវប្បធម៌កន្លែងមួយនោះ គែគេធ្វើបែបនោះតៗគ្នា រហូតដល់យល់ខុសថាជារឿងធម្មតា។ ឧទាហណ៍ដូចជា វប្បធម៌ជាក់ស្ដែងមួយដូចជា ការដែលបុគ្គលិកស្ថាប័នទទួលលុយពីអតិជន ឬឈានដល់ការនិយាយប្រាប់ភ្ញៀវឱ្យបង់លុយបន្ថែម ដើម្បីទទួលបានសេវាកម្មលឿនជាងអ្នកដទៃជាដើម។ សកម្មភាពបែបនេះជាការធ្វើឱ្យខូចដល់ឈ្មោះស្ថាប័ន ហើយជាទង្វើខុសខ្លាំង ប៉ុន្តែអ្នកខ្លះគាត់មិនដឹងខ្លួន គាត់និយាយថា ឃើញគេធ្វើតែអីចឹង ខ្ញុំធ្វើតាមគេដែរ។
២. សម្ពាធ៖ មនុស្សទៀងមិនឈ្នះទាល់ សម្ពាធផ្ទាល់ខ្លួន ឬសម្ពាធគ្រួសារ ទាក់ទងនឹងបញ្ហាលុយកាក់អាចធ្វើឱ្យបុគ្គលិក ហ៊ានធ្វើរឿងខុសដើម្បីបានប្រាក់មកដោះស្រាយបញ្ហា។ ហើយសម្ពាធធំមួយដែលថ្នាក់ដឹកនាំក្រុមហ៊ុនតែងមើលរំលងនោះគឺ សម្ពាធរង្វាន់។ លោក ឫទ្ធី ប្រាប់ថា សម្ពាធរង្វាន់ច្រើនកើតទៅលើបុគ្គលិកផ្នែកលក់ នៅពេលដែលក្រុមហ៊ុនដាក់ Target ថាបើលក់បានដល់កម្រិតមួយនឹងទទួលបាន Bonus ឬប្រាក់រង្វាន់ពិសេស។ អ្នកលក់ហេតុតែចង់បានប្រាក់រង្វាន់ សុខចិត្តទៅចរចាជាមួយនឹងអតិថិជនឱ្យបញ្ជាទិញទំនិញ ដើម្បីបានតួលេខរាយការណ៍ទៅថ្នាក់លើយករង្វាន់។ លុះពេលបានរង្វាន់រួចអតិថិជនក៏លុបការបញ្ជាទិញបាន ជាហេតុធ្វើឱ្យប៉ះពាល់ដល់ ចំណូលក្រុមហ៊ុន។
៣. ឱកាស៖ មនុស្សនិងលុយ ប្រៀបដូចស្រមោចនឹងស្ករ ហើយក៏មិនខុសពីមាន់និងស្រូវឡើយ គ្មានមាន់ណាភ្លើ ឃ្លានហើយមិនស៊ីស្រូវក្បែរខ្លួននោះទេ។ មនុស្សនឹងចេះកិបកេងលុយនៅពេលដែលមានឱកាស ហើយឱកាសជាទូទៅកើតមានបានដោយសារតែការធូររលុងរបស់ថ្នាក់ដឹកនាំនៅក្នុងស្ថាប័ន។ ជួនកាលអាចមកពីហាងគ្មានប្រព័ន្ធគ្រប់គ្រងច្បាស់លាស់ លក់ដូរទំនិញគ្មាន System កត់ត្រាត្រឹមត្រូវ ចង់បុគ្គលិកដាក់លុយចូលឬមិនដាក់ចូលក៏គ្មានអ្នកដឹង។ មួយផ្នែកទៀតគឺគ្មានការចងនិងអនុវត្តច្បាប់នៅក្នុងក្រុមហ៊ុនឱ្យបានត្រឹមត្រូវ។
ជាការពិតណាស់រាល់បញ្ហាដែលកើតមាននៅក្នុងស្ថាប័នគឺត្រូវតែមានការចេញមុខដោះស្រាយពីថា្នក់ដឹកនាំ។ ចំពោះ២ករណីដំបូង លោកឫទ្ធី ណែនាំឱ្យម្ចាស់អាជីវម្ម ចាប់ផ្ដើមដោះស្រាយដោយការធ្វើការសិក្សាពីអារម្មណ៍ និងតម្រូវការរបស់បុគ្គលិក តាមដានជានិច្ចដើម្បីកុំឱ្យមានវប្បធម៌សូកប៉ាន់នៅក្នុងស្ថាប័ន។ ចំពោះករណីចុងក្រោយវិញ លោកឫទ្ធី លើកទឹកចិត្តឱ្យម្ចាស់អាជីវកម្មដោះស្រាយដោយប្រើច្បាប់ ក៏ដូចជាបច្ចេកវិទ្យា ចងជាប្រព័ន្ធច្បាស់លាស់ ដើម្បីបញ្ឈប់ឱកាសកុំឱ្យកើតមានបន្តទៀត។
សូមជម្រាបផងដែរថា លោក សាន ឫទ្ធី មានបទពិសោធន៍ជិត ២០ឆ្នាំ ទៅលើជំនាញគណនេយ្យ ពន្ធដា និងការគ្រប់គ្រងហិរញ្ញវត្ថុនៅក្នុងអាជីវកម្ម ហើយលោកក៏ជាម្ចាស់ក្រុមហ៊ុន Acclime Cambodia ផងដែរ។ Acclime ផ្ដល់សេវាកម្មលើការរៀបចំប្រព័ន្ធគ្រប់គ្រងគណនេយ្យនៅតាមក្រុមហ៊ុនក្នុងស្រុកឱ្យប្រកបទៅតាមស្ដង់ដារ និងមានភាពល្អប្រសើរ។