មានវិបត្តិក៏មិនព្រួយរឿងលុយ! ចំណូលក្រៅម៉ោង អ្នកគួរធ្វើ បើមិនចង់តឹងទ្រូងព្រោះលុយពេលមានវិបត្តិ
Toeuy HongDECEMBER 9 2022701 views

គេថាពេលមានលុយ កុំចាយខ្ជះខ្ជាយពេក ព្រោះពេលយើងជួបបញ្ហាខ្វះខាតលុយ ទើបដឹងថាពិបាកប៉ុនណា ពោលគឺពេលយើងជួបបញ្ហាជីវិតធ្លាក់ដល់សូន្យ សុំខ្ចីគេមួយរៀល ក៏គេមិនចង់ឲ្យយើងផង។ ដូច្នេះរកលុយបានត្រូវចេះចាត់ចែង ទើបជីវិតរស់នៅរបស់អ្នកមិនស្រ្តេសរឿងលុយកាក់។

ទាក់ទងនឹងរឿងលុយកាក់នេះដែរ ថ្ងៃនេះ ខ្ញុំសូមចែករំលែកនូវរឿងមួយចំនួនដែលអ្នកអាចឆ្លៀតពេលធ្វើដើម្បីបង្កើតចំណូលបន្ថែមក្រៅពីការងារពេញម៉ោង ចៀសវាងពឹងតែលើប្រាក់ខែ ពេលជួបវិបត្តិសេដ្ឋកិច្ច អ្នកនឹងខ្ចះខ្វាយលុយ។

. ដាក់ប្រាក់សន្សំនៅធនាគារ

តាមពិតការដាក់ប្រាក់សន្សំនៅធនាគារ ក៏ចាត់ទុកជាការវិនិយោគដែរ ព្រោះលុយរបស់អ្នកកាន់តែកើនឡើងតាមរយៈទទួលបានការប្រាក់សន្សំពីធនាគារដែលអ្នកបានដាក់លុយ។ ត្រូវចាំថាមនុស្សម្នាក់ៗគួរតែមានប្រាក់សន្សំជាប្រចាំ ពោលគឺកុំទម្លាប់ចាយលុយអស់ៗពីខ្លួន ព្រោះមានរឿងហេតុមួយចំនួនដែលអាចកើតឡើងក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក ដូចជាគ្រោះថ្នាក់ផ្សេងៗ ការឈឺថ្កាត់ និងការបាត់បង់ការងារជាដើម ហើយរឿងទាំងនេះសុទ្ធតែត្រូវការលុយជាចាំបាច់។ ដូច្នេះបើអ្នកមិនមានទម្លាប់សន្សំលុយទេនោះច្បាស់ជាជួបបញ្ហាលុយកាក់មិនខាន។ អ៊ីចឹងរកលុយបានត្រូវដកមួយផ្នែកនៃចំណូលសរុបមកសន្សំហើយសន្សំជាប្រចាំទើបជីវិតមិនជួបហានិភ័យ។

. លក់ផលិតផលតាមអនឡាញ

បច្ចុប្បន្នពិភពលោកយើងគឺដើរដល់សេដ្ឋកិច្ចឌីជីថល ដូច្នេះមានរឿងជាច្រើនដែលយើងអាចធ្វើបាននៅលើអ៊ុនធើណេត។ អ៊ីចឹងអ្នកអាចឆ្លៀតពេលនិងច្នៃលក់ផលិតផលតាមអនឡាញបាន។ យ៉ាងណាមិញដើម្បីលក់ផលិតផលតាមអនឡាញ អ្នកត្រូវចេះលក់ខ្លួនឯងមុនសិន ពោលគឺត្រូវបង្កើតបណ្ដាញសង្គមនានាដូចជា Facebook page, Tik Tok, YouTube ហើយធ្វើការចែករំលែករឿងដែលមានប្រយោជន៍សម្រាប់ប្រជាជន។ ការធ្វើបែបនេះនឹងធ្វើឲ្យមនុស្សកាន់តែច្រើនស្គាល់អ្នក ជឿទុកចិត្តអ្នក ហើយបើកាលណាគេជឿទុកអ្នកនោះគេក៏នឹងជឿលើផលិតផលរបស់អ្នក។

ក្នុងការលក់ផលិតផលអនឡាញនេះទៀតសោត អ្នកត្រូវរៀនអង្កេតហើយជ្រើសរើសផលិតផលណាដែលជាតម្រូវការរបស់ប្រជាជនយើង ចៀសវាងជ្រើសរើសផលិតផលខុសដែលធ្វើឲ្យអ្នកខាតលុយនិងកប់លុយចោល។

. បង្រៀនតាមអនឡាញ

ដូចខ្ញុំបានរៀបរាប់ខាងលើអ៊ីចឹងថាសម័យឌីជីថល យើងអាចធ្វើរឿងជាច្រើនលើអនឡាញ ដូច្នេះបើអ្នកអ្នកមានជំនាញអ្វីមួយ អ្នកក៏អាចឆ្លៀតបង្រៀនតាមអនឡាញបានដែរ។ ឧទាហរណ៍បើអ្នកមានជំនាញភាសាអង់គ្លេស អ្នកអាចបង្រៀនអង់គ្លេសតាមអនឡាញបាន។ ក្រៅពីនេះក៏នៅមានជំនាញផ្សេងៗជាច្រើនទៀតដេលអ្នកអាចបង្រៀននិងប្រឹក្សាតាមអនឡាញដើម្បីបង្កើតចំណូលបម្ថែនក្រៅពីប្រាក់ខែ។

ជាក់ស្ដែង ខ្ញុំជាអ្នកធ្វើការពេញម៉ោង ខ្ញុំមានជំនាញវិនិយោគហ៊ុន ដូច្នេះខ្ញុំបង្កើតវគ្គរៀនវិនិយោគហ៊ុនតាមអនឡាញ ហើយវាជាប្រភពចំណូលបន្ថែមក្រៅពីប្រាក់ខែរបស់ខ្ញុំ។

. វិនិយោគលើផ្សារហ៊ុន

 បើអ្នកវិនិយោគលើផ្សារហ៊ុន ហើយវិនិយោគជាប្រចាំជាប់ជានិច្ច ហើយទិញហ៊ុនសន្សំទុកនោះអ្នកនឹងកាន់ហ៊ុនបានច្រើន  ហើយពេលមានកាន់ហ៊ុនច្រើន ពេលនោះអ្នកដេកលក់ក៏បានចំណូល ដើរលេងក៏លុយហូរចូល។ ឧទាហណ៍បើអ្នកវិនិយោគទិញហ៊ុន ធនាគារ អេស៊ីលីដានៅផ្សារមូលបត្រកម្ពុជា( ផ្សារហ៊ុនកម្ពុជា) ទទួលបានភាគលាភប្រចាំឆ្នាំចំនួន៣,០០០ដុល្លារ នោះមានន័យថាមួយខែអ្នកអាចរកចំណូលបានពីការវិនិយោគចំនួន២៥០ដុល្លារ ដោយមិនចាំបាច់ធ្វើអ្វីសោះ។

វិនិយោគលើភាគហ៊ុន បងប្អូននឹងទទួលបានចំណូលពីរផ្លូវ។ ចំណូលទីមួយគឺចំណេញមូលធន( capital gain) ដែលមានន័យហ៊ុនឡើងថ្លៃយើងអាចលក់ប្រាក់ចំណេញ។ ចំណែកទីពីរគឺចំណូលពីភាគលាភ។ ត្រង់នេះបើអ្នកទិញហ៊ុន អេស៊ីលី ពេលអេស៊ីលីដារកស៊ីចំណេញ នោះធនាគារ អេស៊ីលីដានឹងចែកភាគលាភទៅតាមចំនួនហ៊ុនដែលអ្នកកាន់កាប់។ ឧទាហរណ៍ បើអ្នកកាន់ហ៊ុន អេស៊ីលីដា៣,០០០ហ៊ុន ហើយអេស៊ីលីដាចែកភាគលាភ៨០០រៀលក្នុងមួយហ៊ុន នោះអ្នកនឹងបានភាគលាភជាង២លានរៀល។

 គ្រប់ការវិនិយោគទាំងអស់សុទ្ធតែមានហានិភ័យ ដូច្នេះបើចង់ចេះវិនិយោគហ៊ុន អាចតាមដាន Facebook page របស់ខ្ញុំ Toeuy Hong-ទឿយ ហុង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia