រដ្ឋបាលលោក Donald Trump កំពុងដាក់សំណើរទៅកាន់ទីភ្នាក់ងារហិរញ្ញវត្ថុលំនៅឋានសហព័ន្ធ (FHFA) ដើម្បីពង្រីកលក្ខខណ្ឌកម្ចីទិញផ្ទះពី ៣០ ឆ្នាំទៅ ៥០ ឆ្នាំវិញ។ ដោយការធ្វើបែបនេះគេជឿថាអាចធ្វើឱ្យការកាន់កាប់ផ្ទះមានលទ្ធភាពកាន់តែប្រសើរសម្រាប់ជនជាតិអាមេរិករាប់លាននាក់ ស្របពេលតម្លៃផ្ទះកំពុងកើនឡើង និងកង្វល់កាន់តែខ្លាំងឡើងអំពីលទ្ធភាពទិញ។ នេះបើយោងតាមការចេញផ្សាយដោយ FORTUNE កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥។

គោលដៅចម្បងពង្រីកលក្ខខណ្ឌកម្ចីនេះគឺដើម្បីបង្កើនលទ្ធភាពទិញផ្ទះ ជាពិសេសសម្រាប់យុវជននិងអ្នកទិញផ្ទះដំបូង ដែលកំពុងប្រឈមនឹងតម្លៃលំនៅឋានខ្ពស់ និងអត្រាការប្រាក់កម្ចី។ មួយវិញទៀតជួយកាត់បន្ថយការបង់ប្រចាំខែ ព្រោះថាការពង្រីករយៈពេលកម្ចីដល់ ៥០ ឆ្នាំនឹងធ្វើឱ្យ ការបង់ប្រចាំខែមានកម្រិតទាបជាង កម្ចីរយៈពេល ៣០ ឆ្នាំ។ នេះអាចជួយឱ្យជនជាតិអាមេរិកកាន់តែច្រើនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់កម្ចី ឬអាចទិញផ្ទះដែលមានតម្លៃថ្លៃជាងមុន។
សម្រាប់អ្នកគាំទ្រ អះអាងថា កម្ចីទិញផ្ទះរយៈពេល ៥០ ឆ្នាំ គឺជាការផ្លាស់ប្តូរទាំងស្រុង ដែលផ្តល់ជម្រើសផ្ទាល់ខ្លួន និងគាំទ្រដល់ក្តីស្រមៃនៃការធ្វើជាម្ចាស់ផ្ទះ។ ជាក់ស្ដែងលោក Bill Pulte នាយកទីភ្នាក់ងារហិរញ្ញវត្ថុលំនៅឋានសហព័ន្ធ (Federal Housing Finance Agency) បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃសៅរ៍កន្លងទៅ អរគុណដល់ប្រធានាធិបតី Donald Trump សម្រាប់ផែនការកម្ចីទិញផ្ទះរយៈពេល ៥០ ឆ្នាំនេះ។

ប៉ុន្ដែយ៉ាងណាសម្រាប់អ្នករិះគន់ ក៏បានជំទាស់យ៉ាងខ្លាំងដោយលើកឡើងថា ទោះបីជាការបង់ប្រចាំខែទាបក៏ដោយ ក៏កម្ចី ៥០ ឆ្នាំនេះនឹងធ្វើឱ្យអ្នកខ្ចី បង់ការប្រាក់សរុបច្រើនជាងទ្វេដង ក្នុងរយៈពេលកម្ចីទាំងមូល ហើយអាចនឹងជាប់បំណុលពេញមួយជីវិត។ វាក៏ធ្វើឱ្យការបង្គរមូលធនកម្ម (equity accumulation) យឺតជាងមុនផងដែរ។
យ៉ាងណាមកដល់ពេលបច្ចុប្បន្ននេះ ផែនការកម្ចីទិញផ្ទះរយៈពេល ៥០ ឆ្នាំ មិនទាន់ត្រូវបានអនុម័ត ហើយក៏ មិនទាន់ដាក់ឱ្យប្រើប្រាស់ ជាផ្លូវការដែរ ដោយរង់ចាំការសម្រេចពីនាយកទីភ្នាក់ងារហិរញ្ញវត្ថុលំនៅឋានសហព័ន្ធ៕


