នៅប៉ុន្មានថ្ងៃមុននេះ ហាងឆេងមាសនៅលើទីផ្សារអន្តរជាតិបានហក់ឡើងដល់២៧០០ដុល្លារក្នុងមួយអោន( ស្មើនឹង៣២៥៣ដុល្លារក្នុងមួយតម្លឹង) ប៉ុន្ដែនៅថ្ងៃនេះហាងឆេងមាសបានធ្លាក់ចំនួន៣៣ដុល្លារក្នុងមួយអោនមកត្រឹម២៦៨៧ដុល្លារក្នុងមួយអោន។
ហាងឆេងមាសបានចាប់ផ្ដើមធ្លាក់ថ្លៃគំហុកខ្លាំងដោយសារតែទិន្នន័យអតិផរណានៅសហរដ្ឋអាមេរិក។ ជាក់ស្ដែងទិន្នន័យតម្លៃទំនិញប្រើប្រាស់បានកើនឡើង ២.៧% ទៅតាមការរំពឹងទុក។ ទិន្នន័យអតិផរណាទៅតាមការរំពឹងនេះជាសញ្ញាល្អសម្រាប់សេដ្ឋកិច្ចអាមេរិកហើយកត្តានេះបានដាក់សម្ពាធលើហាងឆេងមាសឲ្យដាំក្បាលចុះ។
លើសពីនេះសន្ទស្សន៍ប្រាក់ដុល្លារបានចាប់ផ្ដើមឡើងថ្លៃក៏ជាកត្តាធំមួយផងដែរដែលដាក់សម្ពាធទៅលើហាងឆេងមានឲ្យចាប់ផ្ដើមធ្លាក់ថ្លៃគួរឲ្យកត់សម្គាល់។
ចំពោះហាងឆេងមាសនៅក្នុងស្រុកយើងវិញក៏មានការធ្លាក់ចុះដូចទីផ្សារអន្តរជាតិដែរ។ គិតត្រឹមថ្ងៃនេះមាសក្នុងស្រុកយើងធ្លាក់ចុះចំនួន២ដុល្លារក្នុងមួយជីមកត្រឹម៣២០ដុល្លារក្នុងមួយជី។
គួរបញ្ជាក់ផងដែរតម្លៃហាងឆេងមាសគឺស្ថិតចលនាចុះឡើងមិនទាន់មានលំនឹងនៅឡើយ។ ដូច្នេះបើបងប្អូនដែលចូលចិត្តវិនិយោគមាសសូមធ្វើការតាមដានឲ្យបានច្បាស់និងមើលព័ត៌មានពីស្ថានភាពសេដ្ឋកិច្ចពិភពលោកដើម្បីឆក់ឱកាសរកផលចំណេញពីការវិនិយោគមាស។