កាលពីខែតុលា ឆ្នាំ២០២៥ គណៈកម្មាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានសម្រេចចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ២៩ ដែលមានទុនវិនិយោគសរុប ១,៤ ពាន់លានដុល្លារ។ អ្វីដែលចាប់អារម្មណ៍ការចុះបញ្ជីគម្រោងវិនិយោគនេះ ក៏មានគម្រោងវិនិយោគសាងសង់ និងប្រតិបត្ដិការព្រែកជីកហ្វូណនតេជោផងដែរ ដែលមានទីតាំងនៅតាមបណ្ដោយខេត្ដកណ្ដាល តាកែវ កំពត និងកែប។
តាមការបញ្ជាក់ពី CDC គម្រោងវិនិយោគនេះមានទុនសរុប ១,២ ពាន់លានដុល្លារ និងអាចបង្កើតឱកាសការងារបានចំនួន ៣ ១៩៩ កន្លែងជូនពលរដ្ឋនៅក្នុងតំបន់ផងដែរ នៅពេលគម្រោងនេះបើកដំណើរការ។
សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ មានប្រវែងសរុប ១៨០គីឡូម៉ែត្រ ដែលតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់រួចចូលតាមព្រែកតាហ៊ឹង នៃទន្លេបាសាក់ក្នុងស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប។
ដោយក្នុងនោះ សម្រាប់ការសាងសង់ត្រូវបានចែកចេញជា ២ ដំណាក់កាលគឺ ដំណាក់កាលទី១ ជាកំណាត់ផ្លូវទឹក «ព្រែកតាកែវ-ព្រែកពោធិ៍» មានចម្ងាយ ២១គីឡូម៉ែត្រ និងផ្នែកទី២ ជាកំណាត់ផ្លូវទឹក «ទន្លេបាសាក់ត្រង់ចំណុចព្រែកពោធិ៍-សមុទ្រខេត្តកែប» មានចម្ងាយ ១៥៩គីឡូម៉ែត្រ។ តាមការគ្រោងទុកគម្រោងនេះនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៨៕





