ចេញរកស៊ីដំបូងៗ មិនដឹងគួរធ្វើបែបណា! មកស្គាល់គន្លឹះសំខាន់៤ បើកហាងដំបូងមានអ្នកស្គាល់ច្រើន
THATSORNA NOVNOVEMBER 19 2023105 views

ការរកស៊ីជួញដូរជួនមានភ្ញៀវតិច ជួនមានភ្ញៀវច្រើនជារឿងធម្មតា ប៉ុន្តែរឿងមិនធម្មតានោះគឺ ភ្ញៀវតិចស្ទើរតែរាល់ថ្ងៃ ដូច្នេះប្រសិនបើយើងមិនស្វាត់ស្វែងរកវិធីដោះស្រាយទៀតនោះ មិនយូរមិនឆាប់អាជីវកម្មរបស់អ្នកនឹងដួលជាមិនខាន។ ទាក់ទងទៅនឹងបញ្ហាមិនសូវមានភ្ញៀវនេះ ថ្ងៃនេះ Business Cambodia សូមបង្ហើបរឿងសំខាន់៤ បើកហាងមានអ្នកស្គាល់ច្រើន។ ដោយក្នុងនោះរួមមាន៖

ទី១. គួរផ្តោតលើសោភ័ណ្ឌភាពទៅលើអ្វីដែលយើងលក់៖ បើសិនជាលក់អនឡាញ គួរផ្តោតលើការដាក់ឈ្មោះ និងធ្វើ Logo ឱ្យបានស្អាត។ បន្ថែមពីនេះ គួរផ្តោតលើការវេបខ្ចប់ឱ្យបានស្អាត ពីព្រោះនៅក្នុងសម័យប្រកួតប្រជែង មនុស្សត្រូវការភាពស្អាត ប្រណិត ទំនើបទាក់ភ្នែក។ ដោយឡែក បើអ្នកបើកហាង គួរផ្តោតលើបរិយាកាសក្នុងហាង ទាំងការដេគ័រ សម្លៀកបំពាក់បុគ្គលិកផ្សេងៗជាដើម។ ជារួមអ្នកគួរចំណាយធនធានលើការរៀបចំអ្វីដែលអ្នកលក់ឱ្យបានល្អបំផុត ដើម្បីទាក់ភ្នែកភ្ញៀវ។

8a07b20b E12f 4d46 B7ca 5bdaddd769de

ទី២. ខ្ចីដៃអ្នកជំុវិញខ្លួន៖ អ្នកគួរខ្ចីដៃឪពុកម្តាយ បងប្អូន មិត្តភក្តិ និងអ្នកស្គាល់ ឱ្យមកជួយញ៊ាំ ជួយប្រើ ជួយផ្សព្វផ្សាយ ជួយណែនាំភ្ញៀវបន្ត។ បន្ថែមពីអ្នកអាចជួលអ្នកល្បី Influencer ឬបុគ្គលដែលមានគេគោរពស្រលាញ់ច្រើន ឱ្យមកជួយផ្សព្វផ្សាយផលិតផល ឬសេវាកម្មរបស់អ្នក។ លើសពីនេះ បើអ្នកមានលទ្ធភាពច្រើន អាចជួលមេឌា ទូរទស្សន៍ ឬដាក់ប៉ានណូផ្សេងៗជាដើម។

ទី៣. ធ្វើការប្រម៉ូលសិន៖ អ្នកគួរគិតអំពីការធ្វើប្រម៉ូសិនពិសេសអ្វីមួយ ដើម្បីទាក់ទាញភ្ញៀវឱ្យមកសាកប្រើ ឬទិញផលិតរបស់អ្នក។ ការធ្វើប្រម៉ូសិនអាចផ្តោតលើការទិញមួយថែមមួយ ឬក៏ការផ្តល់សេវាកម្មពិសេសសម្រាប់អ្នកទិញនៅថ្ងៃបើកហាងដំបូងៗជាដើម។

ទី៤. អ្នកគួរផ្តោតលើអតិថិជនដែលមកហាងផ្ទាល់៖ ដោយអ្នកព្យាយាមផ្តល់សេវាកម្មឱ្យគាត់ពេញចិត្ត និងស្រលាញ់ម៉ាកយីហោរបស់អ្នក បន្ទាប់មកអ្នកអាចស្នើសុំគាត់ឱ្យជួយផុស ជួយផ្សាយ ជួយណែនាំមិត្តភក្តិ បងប្អូន ឬអ្នកស្គាល់ មកហាងរបស់អ្នកបន្ត។ ចំណុចទាំងអស់នេះហើយ ដែលអ្នកអាចទាញភ្ញៀវមកហាងរបស់អ្នកដំបូងៗបាន៕