អាកាសយានដ្ឋានចំនួនប្រាំនៅភាគកណ្តាលប្រទេសវៀតណាមត្រូវបានបិទជាបណ្តោះអាសន្ននៅថ្ងៃអង្គារ និងថ្ងៃពុធ ដោយសារក្តីបារម្ភថាព្យុះ Noru អាចរំខានដល់ប្រតិបត្តិការយ៉ាងធ្ងន់ធ្ងរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNEXPRESS កាលពីពេលថ្មីៗនេះ។
ក្រសួងធនធានទឹក និងឧតុនិយម បានរាយការណ៍ថា ខ្យល់ព្យុះ Noru គឺជាព្យុះមួយក្នុងចំណោមព្យុះដែលមានកម្លាំងខ្លាំងបំផុតក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ ជាមួយនឹងល្បឿនខ្យល់ ១៤៩ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយវាអាចនឹងបោកបក់ទៅកាន់តំបន់ប្រជំុកោះ Paracel ហើយបន្តបោកបក់ទៅភាគខាងលិចប្រទេសវៀតណាម ក្នុងល្បឿនប្រហែល ២០-២៥ គីឡូម៉ែត្រក្នុងមួយម៉ោង។
ស្របគ្នានេះដែរ អាជ្ញាធរអាកាសចរណ៍វៀតណាមបានសម្រេចបិទព្រលានយន្តហោះចំនួន ៥ ភ្លាមៗក្នុងនោះរួមមាន អាកាសយានដ្ឋាន Chu Lai ក្នុងខេត្ត Quang Nam ត្រូវបិទចាប់ពីម៉ោង ៧ ព្រឹកថ្ងៃទី២៧ ខែកញ្ញា រហូតដល់ម៉ោង ៧ព្រឹកថ្ងៃទី២៨ ខែកញ្ញា។ ហើយព្រលានយន្តហោះ Quang Na, Phu Bai, Phu Cat និង ព្រលានយន្តហោះ Pleiku ត្រូវបិទចាប់ពីថ្ងៃទី២៧ ខែកញ្ញា រហូតដល់ម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី២៨ ខែកញ្ញា។
គួរជម្រាបផងដែរថា ព្យុះនេះត្រូវបានគេព្យាករណ៍ថា នឹងចាប់ផ្តើមចុះខ្សោយទៅវិញ នៅវេលាម៉ោង៧យប់ ថ្ងៃស្អែកនេះ។
អត្ថបទដោយ៖ នៅ ថាត់សណា