ការិយាល័យស៊ើបអង្កេតសហព័ន្ធអាមេរិក (FBI) បានចេញសេចក្តីព្រមានបន្ទាន់ដល់អ្នកប្រើប្រាស់ទូរស័ព្ទទំនើប ដោយក្រុមឧក្រិដជនបានធ្វើការឆបោកតាមរយៈការប្រើបច្ចេកទេសក្លែងបន្លំលេខ (Spoofing) ដូចជាលេខរបស់ធនាគារ, ក្រុមហ៊ុនធំៗ, ឬភ្នាក់ងាររដ្ឋាភិបាលស្របច្បាប់ ដោយអះអាងថាគណនីធនាគាររបស់អ្នកមានបញ្ហា, អ្នកជាប់បំណុលពន្ធ, ឬមានដីកាចាប់ខ្លួនជាដើម។ ។ នេះបើយោងតាមការចុះផ្សាយរបស់ទស្សនាវដ្តី Forbes នាថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ២០២៥។
ដើម្បីការពារខ្លួនពីការបោកប្រាស់ទាំងនេះ ការិយាល័យស៊ើបអង្កេតសហព័ន្ធអាមេរិក (FBI) ណែនាំកុំឲ្យឆ្លើយតបការហៅ (Call) ពីលេខដែលអ្នកមិនស្គាល់ដាច់ខាត។ ភ្នាក់ងាររដ្ឋាភិបាល ឬធនាគារពិតប្រាកដនឹងមិនទូរស័ព្ទមកដោយមិនបានស្នើសុំ ហើយទាមទារឱ្យអ្នកផ្ទេរប្រាក់ជាបន្ទាន់ ឬសុំលេខសម្ងាត់/លេខគណនីតាមរយៈទូរស័ព្ទឡើយ។ ការហៅទាំងនេះជាយុទ្ធសាស្ត្រដាក់សម្ពាធផ្លូវចិត្តដើម្បីឱ្យអ្នកធ្វើការសម្រេចចិត្តដោយភាពភ័យខ្លាច។
ចំណុចសំខាន់មួយទៀត គឺការផ្ទៀងផ្ទាត់ដោយខ្លួនឯង។ ប្រសិនបើអ្នកទទួលបានការហៅទូរស័ព្ទដែលអះអាងថាមានបញ្ហាជាមួយគណនីធនាគាររបស់អ្នក សូមចុចផ្ដាច់ការហៅនោះភ្លាម។ បន្ទាប់មក សូមហៅត្រឡប់ទៅលេខទូរស័ព្ទផ្លូវការរបស់ធនាគារ (ដែលមានលើគេហទំព័រផ្លូវការ ឬនៅលើកាតធនាគាររបស់អ្នក) ដើម្បីសាកសួរបញ្ហានោះដោយផ្ទាល់ ជៀសវាងការចាញ់បោក។
គួរជម្រាបផងដែរថា យោងតាមមជ្ឈមណ្ឌលបណ្តឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត បានបញ្ជាក់ថា សកម្មភាពឆបោកខាងលើនេះភាគច្រើនកើតឡើងលើ បុគ្គល អាជីវកម្ម អង្គភាពគ្រប់ទំហំ និងស្ទើរគ្រប់វិស័យទាំងអស់ ដែលធ្វើឲ្យខាតបង់ទ្រព្យសម្បត្តិជាង ២៦២ លានដុល្លារចាប់តាំងពីដើមឆ្នាំ ២០២៥មក ខណៈទទួលបានពាក្យបណ្តឹងដល់ទៅជាង ៥,១០០ ឯណោះ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម
https://t.me/BusinessCambodiaBook


