នេះគឺជាដំណឹងដ៏រីករាយមួយសម្រាប់ប្រជាជនកម្ពុជា ខណៈក្រុមហ៊ុន Farm Fresh Group ដែលជាក្រុមហ៊ុនដ៏ធំមួយរបស់ប្រទេសម៉ាឡេស៊ី ត្រៀមចាប់ដៃគ្នាជាមួយក្រុមហ៊ុនខ្មែរ Alpha Group ដើម្បីបើករោងចក្រផលិតទឹកដោះគោឆៅកំប៉ុងនៅខ្មែរនាពេលឆាប់ៗខាងមុខនេះ។
ជាក់ស្តែង កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ កន្លងទៅនេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងជំនួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយគណៈប្រតិភូ ក្រុមហ៊ុន Farm Fresh Berhad ដឹកនាំដោយ លោក Loi Tuan Ee សហស្ថាបនិក, នាយកគ្រប់គ្រង និងជានាយកប្រតិបត្តិក្រុមហ៊ុន។

បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សាការងារខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញជាអធិបតី ក្នុងពិធីផ្លាស់ប្តូរចុះអនុស្សរណៈលើការយោគយល់គ្នា រវាងក្រុមហ៊ុន Alpha Group របស់កម្ពុជា តំណាងដោយ អ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមហ៊ុន ជាមួយនឹងក្រុមហ៊ុន Farm Fresh Berhad របស់ម៉ាឡេស៊ី តំណាងដោយ លោក Loi Tuan Ee។

លើសពីនេះទៅទៀត តាមរយៈការចាប់ដៃគូរវាងក្រុមហ៊ុនទាំងពីរ នឹងបង្កើតការបោះទុនវិនិយោគដើម្បីបង្កើតកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ និងបង្កើតរោងចក្រផលិតទឹកដោះគោឆៅកំប៉ុងនៅកម្ពុជា ខណៈដែល Farm Fresh Group គឺជាក្រុមហ៊ុនធំជាងគេនៅប្រទេសម៉ាឡេស៊ីដែលមានកសិដ្ឋាន ចិញ្ចឹមគោយកទឹកដោះដោយមានគោប្រមាណ១ម៉ឺន ៤ពាន់ក្បាល។
គូសបញ្ជាក់ថា ការវិនិយោគរបស់ក្រុមហ៊ុន Farm Fresh Berhad មកកាន់ប្រទេសកម្ពុជា ដែលពាក់ព័ន្ធនឹងខ្សែចង្វាក់ផលិតកម្មផលិតផលចេញពីទឹកដោះគោស្រស់ នឹងចូលរួមបំពេញតម្រូវការទីផ្សារនៅក្នុងប្រទេសកម្ពុជា៕



