ចង់វិនិយោគលើអចលនទ្រព្យ! អ្នកជំនាញល្បីៗប្រាប់ក្បួនពិសេស ប្រើដើមទុនតិចតែអាចទាញចំណូលបានមហាសាល
Pov SaruMARCH 2 2026161 views

ចង់រកស៊ីខាងអចលនទ្រព្យ តើដឹងអត់ថាទោះបីអ្នកមានដើមតិចតួចនៅក្នុងដៃក៏អាចធ្វើបានដែរ ប៉ុន្តែអ្វីដែលអ្នកត្រូវមានជាចាំបាច់គឺចំណេះដឹងបច្ចេកទេស វិន័យហិរញ្ញវត្ថុ និងការទាញយកផលចំណេញពីឱកាសទីផ្សារដែលអ្នកដទៃមើលរំលង។ នេះបើតាមលោក Robert Kiyosaki អ្នកនិពន្ធសៀវភៅហិរញ្ញវត្ថុដ៏ល្បីល្បាញតែងបង្រៀនថា "មិនត្រូវការលុយផ្ទាល់ខ្លួនដើម្បីបង្កើតលុយទេ"។ 

 

ដោយគាត់បានលើកទឹកចិត្តឱ្យអ្នកវិនិយោគប្រើប្រាស់ OPM ឬលុយរបស់អ្នកដទៃ ដែលសំដៅលើកម្ចីធនាគារមកជំនួស។ សម្រាប់អ្នកដែលមានដើមទុនតិច ការសន្សំលុយឱ្យគ្រប់តម្លៃផ្ទះទាំងមូលគឺចាយពេលយូរ តែបើប្រើទុនតិចតួចដែលមានក្នុងដៃ ធ្វើជាប្រាក់កក់ រួចបង់រំលស់ជាមួយធនាគារ គឺជួយឱ្យអ្នកក្លាយជាម្ចាស់ទ្រព្យនោះបានលឿន។ ប៉ុន្តែត្រូវប្រាកដថា ទ្រព្យនោះអាចបង្កើតចំណូលឱ្យអ្នកបានវិញតាមរយៈការជួលដើម្បីយកមកទូទាត់ការប្រាក់ឱ្យខាងធនាគារវិញ ដែលបំណុលនេះគេហៅថាជា "បំណុលល្អ"។ 

 

ដោយឡែកសម្រាប់លោក Grant Cardone មហាសេដ្ឋីអចលនទ្រព្យអាមេរិកបានបង្ហើបនូវយុទ្ធសាស្ត្រពិសេសមួយ សម្រាប់អ្នកចង់បង់រំលស់ផ្ទះ។ លោកថា "កុំទិញផ្ទះសម្រាប់តែរស់នៅ តែត្រូវទិញសម្រាប់ជួល"។ ពិសេសអ្នកមានទុនតិច ការយកលុយទៅបង់រំលស់ផ្ទះសម្រាប់រស់នៅខ្លួនឯងគឺជាបន្ទុក តែបើយកលុយនោះទៅវិនិយោគលើខុនដូ ឬផ្ទះដែលស្ថិតក្នុងតំបន់មានតម្រូវការជួលខ្ពស់ នោះនឹងអាចរកចំណូលបានមកវិញធ្វេដង។ ហើយបើកាលណាតម្លៃនៃទ្រព្យនោះចាប់ផ្ដើមឡើងអ្នកអាចលក់ចេញដើម្បីយកចំណេញ ឬប្រើវាជាទ្រព្យបញ្ចាំដើម្បីទិញអចលនទ្រព្យទីពីរ ឬទីបីទៀត។ 

 

ក្រៅពីយុទ្ធសាស្ត្រប្រើប្រាស់កម្ចី ការវិនិយោគលើដីនៅតំបន់ជាយក្រុងដែលកំពុងអភិវឌ្ឍ ក៏ជាច្រកចេញដ៏ឆ្លាតវៃសម្រាប់អ្នកវិនិយោគផងដែរ។ មហាសេដ្ឋីវិនិយោគលោក Warren Buffett ធ្លាប់បានលើកឡើងថា "ចូរទិញទ្រព្យសកម្មណាដែលអ្នកដទៃមិនទាន់មើលឃើញតម្លៃ" ដូចជាការសម្លឹងមើលដីឡូត៍ ឬដីធំៗនៅតំបន់ដែលមានគម្រោងផ្លូវក្រវាត់ក្រុង ឬតំបន់សេដ្ឋកិច្ចពិសេសដែលទើបតែចាប់ផ្ដើម នោះគឺជាឱកាសមាស។ 

 

សម្រាប់អ្នកមិនមានទុនគ្រប់គ្រាន់អាចចាប់ផ្ដើមដោយការ "រួមទុន" ជាមួយបងប្អូន ឬមិត្តភក្តិដែលទុកចិត្តបាន ដើម្បីមានកម្លាំងទិញដីកាន់តែធំ និងកាត់បន្ថយហានិភ័យម្នាក់ឯង។ ការរួមទុននេះអនុញ្ញាតឱ្យអ្នកមានចំណែកក្នុងអចលនទ្រព្យដែលកើនតម្លៃខ្លាំង ទោះបីជាអ្នកចូលរួមត្រឹមតែ ២០% ឬ ៣០% នៃដើមទុនសរុបក៏ដោយ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia