ស្របពេលកាន់តួនាទីថ្មីក្នុងក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល មហាសេដ្ឋី Elon Musk ក៏កំពុងព្យាយាមធ្វើឲ្យមានតុល្យភាពក្នុងនាមជាអ្នកដឹកនាំនៅ SpaceX, Tesla (NASDAQ: TSLA ), X និងក្រុមហ៊ុនផ្សេងទៀត ខណៈភាគហ៊ុនរបស់ក្រុមហ៊ុនកំពុងដាំក្បាលចុះ។ នេះបើយោងតាម Yahoo Finance ចុះនាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥។
នៅក្នុងបទសម្ភាសន៍ជាមួយ Al Arabiya News កាលពីខែវិច្ចិកា ឆ្នាំ២០២៤ លោក Errol Musk ឪពុកបង្កើតលោក Elon Musk បានសម្តែងការព្រួយបាម្ភខ្លាំងចំពោះកូនប្រុស ក្នុងការបំពេញភារកិច្ចរដ្ឋាភិបាល ដោយនិយាយថា៖ «វាជាក្តីបារម្ភដ៏ធំបំផុតមួយ ប្រសិនបើគាត់ត្រូវចាកចេញពីកិច្ចប្រជុំក្រុមប្រឹក្សាភិបាល និងការដឹកនាំក្រុមហ៊ុន»។
លោក Errol Musk បានបន្តទៀតថា៖ «Elon មានភារកិច្ចដ៏អស្ចារ្យក្នុងដៃ។ គាត់មានបុគ្គលិករាប់សែននាក់ និងមានរឿងធ្ងន់ធ្ងរជាច្រើនដែលកំពុងកើតឡើងក្នុងជីវិតរបស់គាត់ ដូច្នេះគាត់ត្រូវមានពេលវេលាគ្រប់គ្រាន់សម្រាប់អ្វីៗទាំងអស់ដែលគាត់បានចាប់ផ្តើម គាត់មិនអាចគ្រាន់តែដើរចេញនោះទេ»។
យ៉ាងណាមិញ លោក Errol Musk បានទទួលស្គាល់ថាកូនប្រុសពិតជាមានភាពស័ក្តិសមក្នុងការបង្កើនប្រសិទ្ធភាពក្នុងរដ្ឋាភិបាល ប៉ុន្តែលោកក៏បានព្រមានផងដែរថា អាជីវកម្មទាំងអស់ត្រូវការការយកចិត្តទុកដាក់ពី Elon Musk បើពុំនោះទេនឹងជួបហានិភ័យ ឬអាចធ្លាក់ចូលក្នុងស្ថានភាពអាក្រក់បំផុត៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook