ក្រោយត្រាំជាប់ឆ្នោត មហាសេដ្ឋី Elon Musk បានកាន់កាប់អង្គភាពប្រសិទ្ធិភាពរដ្ឋាភិបាល ហៅថាកាត់ថា DOGE ដើម្បីគ្រប់គ្រងចំណាយរបស់រដ្ឋភិបាលសហព័ន្ធ។ ដូច្នេះក្នុងនាមលោក Elon Musk ជាអ្នកទទួលបន្ទុកការងារនេះ តើគាត់នឹងទទួលបានប្រាក់ខែប៉ុន្មាន ពីការងាររដ្ឋមួយនេះ?
ពិតណាស់បើតាមរបាយការណ៍ពីសេតវិមាន លោក Elon Musk មិនទទួលបានប្រាក់ខែសម្រាប់តួនាទីរបស់គាត់ នៅក្នុងការងារបច្ចុប្បន្ននេះទេ ព្រោះគាត់មានតួនាទី ជាទីប្រឹក្សារបស់លោក Donald Trump ដោយគ្មានប្រាក់បំណាច់មុខងារ និងត្រូវបានចាត់ថ្នាក់ជា “បុគ្គលិករដ្ឋាភិបាលពិសេស” កើតចេញពីការចាត់តាំង ដែលអនុញ្ញាតឱ្យបុគ្គលធ្វើការឱ្យរដ្ឋាភិបាលជាបណ្តោះអាសន្ន។
ខណៈតួនាទីបុគ្គលិករដ្ឋប្រភេទនេះជាធម្មតាត្រូវបានកំណត់ពេលត្រឹម១៣០ថ្ងៃក្នុងមួយឆ្នាំ តាមច្បាប់ដែលបានចែងនៅក្នុងឆ្នាំ១៩៦២ ដើម្បីអនុញ្ញាតឱ្យអ្នកជំនាញផ្នែកឯកជនចូលរួមចំណែកក្នុងការងាររបស់រដ្ឋាភិបាល។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Newsweek បានបញ្ជាក់បន្ថែមថា Elon Musk មិនមានសិទ្ធិអំណាចពិតប្រាកដឬផ្លូវការក្នុងការសម្រេចចិត្តរបស់រដ្ឋាភិបាលណាមួយដោយខ្លួនឯងនោះទេ ហើយបើតាមច្បាប់សេតវិមានបច្ចុប្បន្ន លោកក៏មិនមែនជាអ្នកគ្រប់គ្រងបច្ចេកទេសអង្គភាព DOGE នោះដែរ។
សូមជម្រាបថាអង្គភាពកាត់ចំណាយរដ្ឋាភិបាល DOGE បានបង្កើតឡើងតាមរយៈបទបញ្ជាប្រតិបត្តិរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ដោយមានគោលដៅលុបបំបាត់ការចំណាយខ្ជះខ្ជាយរបស់រដ្ឋាភិបាលសហព័ន្ធ៕
អត្ថបទដោយ៖ ពីង ជូអេង