កាលពីថ្មីៗនេះ ក្រសួងពាណិជ្ជកម្មបានបង្ហាញពីរបាយការណ៍ ស្តីពីកិច្ចការពាណិជ្ជកម្មអន្តរជាតិដោយបានបង្ហាញថានៅក្នុងឆ្នាំ២០២៥ កន្លងទៅប្រទេសចិនស្ថិតនៅក្នុងលេខរៀងទី១ ដែលមានទំហំទឹកប្រាក់ចំនួន ១៩,៦៣ ពាន់លានដុល្លារអាមេរិក។ ខណៈនោះ អាស៊ាន ស្ថិតនៅលេខរៀងទី២ មានទំហំទឹកប្រាក់ ១៦,៣៧ ពាន់លានដុល្លារអាមេរិក ចំណែកសហរដ្ឋអាមេរិកនៅលេខរៀងទី៣ មានទំហំទឹកប្រាក់ ១៣,១៥ ពាន់លានដុល្លារអាមេរិក ។
បើតាមការដកស្រង់ចេញពីក្រសួងព័ត៌មាន បានឱ្យដឹងថា ចំពោះទំនិញសំខាន់ៗ ១០មុខរបស់កម្ពុជា រួមមាន៖ សម្លៀកបំពាក់, ស្បែកជើង, សម្ភារៈធ្វើដំណើរ និងកាបូប, អង្ករ, សំបកកង់រថយន្ត, គ្រាប់ស្វាយចន្ទី, គ្រឿងអេឡិចត្រូនិកនិងភាគបំបែក, ដំឡូងមី, កង់, ខ្សែភ្លើង និងបង្គំខ្សែភ្លើង ។
នៅក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងារ របស់ក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា សម្រាប់ឆ្នាំ២០២៥ ក្នុងនោះរួមមាន៖ ចិន ១៩,៧៣ ពាន់លានដុល្លារអាមេរិក, អាស៊ាន ១៦,៣៧ ពាន់លានដុល្លារអាមេរិក, សហរដ្ឋអាមេរិក ១៣,១៥ ពាន់លានដុល្លារអាមេរិក, សហភាពអ៊ឺរ៉ុប ៥,៨៧ ពាន់លានដុល្លារអាមេរិក, ជប៉ុន ២,៥៣ពាន់លានដុល្លារអាមេរិក, កាណាដា ១,៣៣ ពាន់លានដុល្លារអាមេរិក, ចក្រភពអង់គ្លេស ១,០៧ ពាន់លានដុល្លារអាមេរិក, សាធារណរដ្ឋកូរ៉េ ៩២៣,០៥ លានដុល្លារអាមេរិក, អូស្ត្រាលី ៦២៥,៨៧ លានដុល្លារអាមេរិក, ឥណ្ឌា ៥១០,៦៩ លានដុល្លារអាមេរិក និងអេមីរ៉ាត់អារ៉ាប់រួម ៩៨,៧៦ លានដុល្លារអាមេរិក ។

បើតាមការបញ្ជាក់ពី ក្រសួងពាណិជ្ជកម្ម បានបន្ថែមថា ការនាំចេញ-នាំចូលទំនិញ រវាងកម្ពុជាជាមួយដៃគូអន្តរជាតិទាំងអស់ មានទឹកប្រាក់សរុបចំនួន ៦៥,២៤ពាន់លានដុល្លារកើនឡើង១៨% បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤ មានចំនួន ៥៥,៤៥ពាន់លានដុល្លារ។
លោកជំទាវរដ្ឋមន្រ្តី ចម និម្មល បានមានប្រសាសន៍បញ្ជាក់ថា ការសម្រេចបាននូវសមិទ្ធផលជាច្រើនទាំងអស់នេះ ក្នុងនោះក្រសួងក៏បានធ្វើពិពិធកម្មទីផ្សារ ដោយបានបើកនូវទីផ្សារថ្មីៗ ដែលក្នុងនោះពាក់ព័ន្ធនឹងការនាំចេញផលិតផលកម្ពុជា ដោយបានកើនឡើងរហូតដល់ ១៦៩ប្រទេស នៅក្នុងឆ្នាំ២០២៥ ដែលកើនជាងឆ្នាំ២០២៤ ដែលមានចំនួន១៦៤ប្រទេស៕


