រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមហ៊ុន CBRE Cambodia បានរៀបចំព្រឹត្តិការណ៍ព្យាករណ៍ប្រចាំឆ្នាំរបស់ខ្លួនគឺ Fearless Forecast 2026 នៅក្នុងសណ្ឋាគារ Shangri-La Phnom Penh។ ព្រឹត្ដិការណ៍ប្រចាំឆ្នាំនេះបានប្រមូលផ្តុំអ្នកដឹកនាំឧស្សាហកម្ម អ្នកអភិវឌ្ឍន៍ អ្នកវិនិយោគ និងភាគីពាក់ព័ន្ធសំខាន់ៗ ដើម្បីពិភាក្សាផ្លាស់ប្តូរទស្សនៈដ៏ស៊ីជម្រៅស្តីពីទស្សនវិស័យម៉ាក្រូសេដ្ឋកិច្ចកម្ពុជា និងនិន្នាការដែលត្រូវបានរំពឹងទុកក្នុងការកំណត់រូបរាងទីផ្សារអចលនទ្រព្យក្នុងឆ្នាំខាងមុខ។ ព្រឹត្តិការណ៍នេះបានផ្តល់ជូននូវការវិភាគផ្អែកលើទិន្នន័យ ការព្យាករណ៍ទីផ្សារ និងទស្សនវិស័យយុទ្ធសាស្ត្រ ដើម្បីជួយអ្នកចូលរួមក្នុងការស្វែងរកឱកាស និងដោះស្រាយបញ្ហាប្រឈមក្នុងឆ្នាំ ២០២៦ និងបន្តទៅមុខទៀត។

ជាក់ស្ដែងលោក MARC TOWNSEND ប្រធានក្រុមហ៊ុន CBRE Cambodia និងជាអ្នកជំនាញមានបទពិសោធន៍ជាង ៣០ ឆ្នាំ ក្នុងវិស័យវិនិយោគអចលនទ្រព្យ និងការអភិវឌ្ឍន៍ ក៏បានឡើងធ្វើបទបង្ហាញអំពីការវិភាគ និងព្យាករណ៍ទីផ្សារ ព្រមទាំងបញ្ហាប្រឈម រួមទាំងដំណោះស្រាយសម្រាប់ឆ្នាំ២០២៦ ខាងមុខផងដែរ។ លោកបានបញ្ជាក់ថា តាមការព្យាករណ៍ទីផ្សារអចលនទ្រព្យកម្ពុជាឆ្នាំ ២០២៦ នឹងមានការស្ទុះងើបឡើងវិញ ដោយអ្នកជំនាញរំពឹងថាវិស័យនេះនឹងទទួលបានសន្ទុះឡើងវិញនៅចន្លោះឆ្នាំ ២០២៦-២០២៧ ។

ក្នុងនោះដែរ តម្លៃអចលនទ្រព្យត្រូវបានព្យាករណ៍ថានឹងកើនឡើង បន្ទាប់ពីការជាប់គាំងអស់ជាច្រើនឆ្នាំ ។ រីឯលំនៅឋានតម្លៃសមរម្យ គឺមានតម្រូវការខ្លាំង និងជំរុញការអភិវឌ្ឍន៍ថ្មីៗបន្ថែម។ ក្រៅពីនោះការពង្រីកទីក្រុងភ្នំពេញ នឹងទាក់ទាញទាំងអ្នកទិញក្នុងស្រុក និងបរទេស ពិសេសវិនិយោគិនចិនដែលបានថមថយក្រោយការរាតត្បាតដោយជំងឺកូវីដ-១៩ ត្រូវបានរំពឹងថានឹងវិលត្រឡប់មកវិញជាបណ្តើរៗ។
ដោយឡែកអចលនទ្រព្យពាណិជ្ជកម្មដូចជា ការិយាល័យ និងទីតាំងលក់រាយ នឹងទទួលបានអត្ថប្រយោជន៍ពីការងើបឡើងវិញនៃសេដ្ឋកិច្ច។ ចំពោះការអភិវឌ្ឍន៍សណ្ឋាគារ និងរីសត នឹងពង្រីកនៅពេលដែលវិស័យទេសចរណ៍ងើបឡើងវិញ ខណៈអចលនទ្រព្យឧស្សាហកម្មដូចជា៖ ឃ្លាំង និងឡូជីស្ទិក ក៏នឹងមានកំណើនផងដែរ។

ក្នុងឱកាសនោះលោក MARC TOWNSEND ក៏បានបានបង្ហាញពីសញ្ញាសេដ្ឋកិច្ចចម្រុះនៅឆ្នាំ២០២៥ ផងដែរ។ ដោយក្នុងនោះសម្រាប់ត្រីមាសទី១៖ ពាណិជ្ជកម្មអន្តរជាតិកម្ពុជាបានកើនឡើង ១៥% បើធៀបនឹងឆ្នាំមុន។ នៅត្រីមាសទី២៖ ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចបានកើនឡើង ហើយធនាគារពិភពលោក បានទម្លាក់ការព្យាករណ៍ GDP កម្ពុជាមកត្រឹម ៤% ។ នៅត្រីមាសទី៣៖ ចំនួនខុនដូថ្មីដែលដាក់លក់កើនឡើង ៨.៥% (៣,៩០០ យូនីត) ប៉ុន្តែតម្លៃជួលការិយាល័យបានធ្លាក់ចុះ ២% បើធៀបនឹងឆ្នាំមុន ។ នៅត្រីមាសទី៤៖ អាកាសយានដ្ឋានអន្តរជាតិថ្មីតេជោដែលជាអាកាសយានដ្ឋានធំ និងទំនើបជាងគេនៅកម្ពុជាបានដាក់ឲ្យដំណើរការ ដែលធ្វើឲ្យវិស័យឧស្សាហកម្ម និងពាណិជ្ជកម្មអេឡិចត្រូនិក (E-commerce) មានកំណើន ហើយគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់បានកើនដល់៥៧៥គម្រោង មានទុនសរុប ៩.២ ពាន់លានដុល្លារ សម្រាប់រយៈពេល ១០ ខែឆ្នាំ២០២៥ ។

ក្នុងនោះលោកក៏បានលើកឡើងពីហានិភ័យមួយចំនួនដែលរារាំងកំណើនអចលនទ្រព្យនេះផងដែរ ដោយក្នុងនោះរួមមាន៖ បំណុលឯកជនខ្ពស់ និងកម្ចីមិនដំណើរការ (NPLs), ចំណង់វិនិយោគទាបសម្រាប់អចលនទ្រព្យរយៈពេលវែង, ភាពមិនច្បាស់លាស់ផ្នែកនយោបាយ, កំណើនទីផ្សារយឺត, កង្វះកម្លាំងពលកម្មជំនាញ និងថ្លៃដើមថាមពលខ្ពស់, ហេដ្ឋារចនាសម្ព័ន្ធមិនទាន់អភិវឌ្ឍន៍បានល្អ និងអត្រាការប្រាក់ខ្ពស់ជាដើម។
សូមជម្រាបជូនថា CBRE Cambodia ជាក្រុមហ៊ុនសេវាកម្មអចលនទ្រព្យអន្តរជាតិដំបូងគេដែលត្រូវបានបង្កើតឡើងក្នុងព្រះរាជាណាចក្រកម្ពុជា។ ដោយក្នុងនោះក្រុមហ៊ុនមានផ្តល់សេវាកម្មជាច្រើនផ្នែកដូចជា៖ ផ្នែកស្រាវជ្រាវ និងការប្រឹក្សា ផ្នែកវាយតម្លៃ និងការប្រឹក្សា ផ្នែកលក់-ជួលអចលនទ្រព្យ ផ្នែកគ្រប់គ្រងគម្រោង និងអចលនទ្រព្យ ផ្នែកវិនិយោគលើអចលនទ្រព្យ ផ្នែកឧស្សាហកម្ម និងភស្តុភារ ផ្នែកជួលអគារការិយាល័យ និងជួលទីតាំងលក់ទំនិញ។ សម្រាប់ព័ត៌មានបន្ថែមទាក់ទងសេវាកម្មខាងលើ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ 023 964 099 ឬ cambodia@cbre.com។
យ៉ាងណាចាប់ពីចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៦ តទៅ ក្រុមហ៊ុនមួយនេះក៏នឹងផ្លាស់ប្ដូរឈ្មោះថ្មីជា Advantage Property Services បន្ទាប់ពីប្រតិបត្តិការរយៈពេល ១៧ ឆ្នាំនៅកម្ពុជាក្រោមម៉ាកយីហោ CBRE Cambodia ។ ការផ្លាស់ប្តូរទៅកាន់ឈ្មោះថ្មី Advantage Property Services គឺជាការវិវត្តយុទ្ធសាស្ត្រដ៏សំខាន់ ដោយផ្តល់សិទ្ធិអំណាចពេញលេញដល់ថ្នាក់ដឹកនាំដើម្បីទាញយកប្រយោជន៍ពីកំណើនដែលកំពុងលេចចេញនៅក្នុងប្រទេសកម្ពុជា។ ភាពឯករាជ្យនេះអនុញ្ញាតឱ្យក្រុមហ៊ុនពង្រឹងការបម្រើអតិថិជនរបស់ខ្លួនយ៉ាងខ្លាំងក្លា តាមរយៈការបង្កើនភាពរហ័សរហួន និងនវានុវត្តន៍។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៥៕








