គិតត្រឹមដើមខែមករា ឆ្នាំ២០២៦នេះ សម្រេចបាន ៥៤,២០% ហើយ បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
យោងតាមការចេញផ្សាយដោយក្រសួងសាធារណការ និងដឹកជញ្ជូន គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៥ សម្រេចបាន ៥៤,២០ % លឿនជាងផែនការ ៣,៤៥% ដោយក្នុងនោះ ៖ ១/ ផ្នែកគ្រឹះស្ពាន សម្រេច ១០០%។ ២/ រចនា សម្ព័ន្ធ ក្រោមស្ពានសម្រេចបាន៨៩% (ជញ្ជាំងក្បាលស្ពាន ចំនួន៤ សម្រេចបាន ២ ក្បាលសសរស្ពានចំនួន៤ សម្រេចបាន ២ តួសសរស្ពាន ១២ រួចរាល់ សសរស្ពាន៥២ រួចរាល់ និងធ្នឹមភ្ជាប់ក្បាលសសរទទឹងស្ពាន ចំនួន៣៤ សម្រេចបាន៣០ ធ្នឹម )។ ៣/ រចនាសម្ព័ន្ធលើស្ពាន សម្រេចបាន២៩% ( ធ្នឹមT តម្លើង ១៨០ ដើម សម្រេចបាន ៨៣ និងធ្នឹម T ចាក់នៅកន្លែង ១៨០ ដើម សម្រេចបាន ៦៦ )។ ៤/បណ្តាញ ផ្លូវសម្រេចបាន ៣១,៣០ % (តភ្ជាប់ ប្រវែង ៨០៤,៣០ម. សម្រេចបាន ២៩% និងផ្លូវបង្វែរទិស( Ram) ប្រវែង ១,៥៤ម. សម្រេចបាន ៣៦%)។

សូមជម្រាបជូនថា គម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់-ចាក់អង្រែក្រោម មានប្រវែងសរុប ១.៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ, ទទឹងផ្លូវ២៧ម៉ែត្រ,ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ម៉ែត្រ, ទទឹងធម្មតាផ្លូវ ២០ម៉ែត្រ)។ ស្ពាននេះសាងសង់ដោយក្រុមហ៊ុន សំណង់សៀងហៃ,ទីប្រឹក្សាគម្រោង ដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន ដែលមានតម្លៃប្រមាណ ៦០លានដុល្លារអាមេរិក ត្រូវប្រើរយៈពេលសាងសង់ ៤២ខែ។

នៅពេលសាងសង់រួច ស្ពានថ្មីនេះនឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្ស ឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ នៅខណ្ឌច្បារអំពៅ ជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ កាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមដងទន្លេបាសាក់ និងជួយពន្លឿនការអភិវឌ្ឍតំបន់នោះ ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ៕



