ថ្មីៗនេះលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានលើកឡើងថា កម្ពុជាបានរកឃើញកូវីដ១៩ អូមីក្រុងបំប្លែងខ្លួនថ្មី BA4 និង BA5 ខណៈតាមការបញ្ជាក់ពីអ្នកវិទ្យាសាស្រ្ដ កូវីដ១៩ អូមីក្រុងបំប្លែងខ្លួនថ្មីពីរនេះ មានលទ្ធភាពឆ្លងលឿនជាងកូវីដ១៩ធម្មតា។ ហើយអ្វីដែលយើងទាំងអស់គ្នាត្រូវមានការប្រុងប្រយ័ត្នខ្ពស់នោះគឺវាអាចមានលទ្ធភាពបញ្ជ្រាតខ្លួនរបស់វា ចូលទៅក្នុងប្រព័ន្ធភាពស៊ាំរបស់យើង ដែលធ្វើឲ្យប្រព័ន្ធភាពស៊ាំរបស់យើងឆាប់ចុះខ្សោយ។ នេះបើតាមបញ្ជាក់ពីលោកជំទាវ។
លោកជំទាវបានបន្ដថា ចំពោះអ្នកជំងឺដែលឆ្លងអូមីក្រុងបំប្លែងថ្មី BA4 និងBA5 នេះ គឺមានរោគសញ្ញាមិនខុសប្លែកគ្នាពី ប្រភេទកូវីដ ជំនាន់មុនៗនោះទេ។ ដោយរោគសញ្ញាមានដូចជា ក្ដៅខ្លួន ក្អក ឈឺបំពង់ក ហៀរសំបោរ មានភាពស្រដៀងទៅនឹងជំងឺផ្ដាសាយអ៊ីចឹងដែរ។
លោកជំទាវបន្ថែមថា អង្គការសុខាភិបាលលោក (WHO) បានណែនាំទៅដល់បណ្ដាប្រទេសនៅលើពិភពលោក យកចិត្ដទុកដាក់នៅក្នុងការដូសជំរុញទៅដល់ប្រជាជបរបស់ខ្លួន ហើយការចាក់ដូសជំរុញនេះក៏មានការពន្យល់ថា ត្រូវចាក់ក្នុងគម្លាតពី ៣ ខែឡើងទៅផងដែរ។
យ៉ាងដើម្បីការពារខ្លួនពីជំងឺនេះ លោកជំទាវរដ្ឋលេខាធិការ បានអំពាវនាវយ៉ាងទទូចឲ្យប្រជាពលរដ្ឋ បន្ដការថែរក្សាអនាម័យ អនុវត្ដវិធានការសុខាភិបាល ជាពិសេសសូមអញ្ជើញទៅចាក់វ៉ាក់សាំងបង្ការជំងឹកូវីដ១៩ឲ្យបានគ្រប់ៗគ្នាទាំងដូសមូលដ្ឋាន និងដូសជំរុញ (ដូសទី៣ ទី៤ និងទី៥) អញ្ជើញទៅចាក់ឲ្យបានគ្រប់ៗ។ បច្ចុប្បន្ននេះ កម្ពុជាក៏កំពុងផ្ដល់ការចាក់វ៉ាក់សាំងនេះដល់កុមារា កុមារី ដែលមានអាយុចាប់ពី ៣ ឆ្នាំឡើងទៅផងដែរ៕
អត្ថបទ៖ កឹម ប៊ុនធឿន