ចំពោះម្ចាស់អាជីវកម្មលក់គ្រឿងសមុទ្រនៅលើផ្លូវលេខ ៥៩៨ ក្នុងភូមិ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោកទាំងអស់ រដ្ឋបាលខណ្ឌទួលគោក បានប្រកាសឱ្យបញ្ឈប់ជាបន្ទាន់ក្នុងការប្រកបអាជីវកម្មលក់គ្រឿងសមុទ្ររំលោភលើចិញ្ចើមផ្លូវ និងទ្រូវផ្លូវឬសំយ៉ាបដំបូលផ្ទះរំលោភលើចិញ្ចើមផ្លូវ ព្រមទាំងធ្វើការផ្លាស់ប្តូរទីតាំងអាជីវកម្មទៅកន្លែងថ្មីដែលមានលក្ខណៈស្តង់ដារសមស្រប ដោយមិនប៉ះពាល់លើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈដោយទុករយៈពេលឱ្យចំនួន ៣ខែ(បីខែ) ចាប់ពីថ្ងៃទី២៣ ខែមករា រហូតដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ជាកំហិត។
យោងតាមការចេញផ្សាយដោយរដ្ឋបាលខណ្ឌទួលគោក បានប្រកាសឱ្យដឹងថា ចំពោះការឱ្យរុះរើនេះគឺដើម្បីចូលរួមសហការរក្សាសណ្តាប់ធ្នាប់តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈឱ្យមានរបៀបរៀបរយ ក្នុងន័យដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍និងលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញផងដែរ។
សូមបញ្ជាក់ថា ក្នុងករណី លោក លោកស្រី មិនអនុវត្តន៍តាមខ្លឹមសារសេចក្តីជូនដំណឹងនេះ រដ្ឋបាលខណ្ឌទួលគោក នឹងមានវិធានការចុះរុះរើនិងដកហូតដោយមិនទទួលខុសត្រូវរាល់ការបាត់បង់ ខូចខាចទ្រព្យសម្បត្តិ និងសម្ភារផ្សេងៗ ដែលមាននៅទីតាំងនោះឡើយ។ ករណីមានការរារាំង រឹងរូសមិនស្តាប់តាមការណែនាំ រដ្ឋបាលខណ្ឌទួលគោកនឹងអនុវត្តន៍វិធានការរដ្ឋបាលតាមផ្លូវច្បាប់៕
អត្ថបទ៖ ធី ស្រីល័ក្ខ