លេចមុខសារជាថ្មី ខ្លាចាស់ Jack Ma ប្រកាសចេញ AI ថ្មីល្បីថាខ្លាំងជាង DeepSeek ខណៈនេះជាវេបសាយចូលប្រើ
Ping Chou EngFEBRUARY 27 2025407 views

បន្ទាប់ពីបាត់មុខមួយរយៈ​ មេធំក្រុមហ៊ុន Alibaba មហាសេដ្ឋី Jack Ma បានត្រឡប់មកវិញព្រមទាំងបញ្ចេញ AI ថ្មីរបស់ខ្លួន មានឈ្មោះថា Qwen 2.5 ល្បីពេញប្រទេសចិនថាខ្លាំងជាង Ai DeepSeek ដែលមានការទទួលស្គាល់យ៉ាងខ្លាំងកាលពីខែមករាកន្លងទៅ។

 

ស្ថិតក្រោមក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ Alibaba Group Holding វេបសាយ AI Qwen គឺជាគំរូភាសាធំមួយដែលត្រូវបានបង្កើតឡើងដោយ Alibaba Cloud  ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៤​​ និងដាក់ឱ្យប្រើប្រាស់នៅចុងខែមករា ឆ្នាំ២០២៥។

 

AI Qwen មានបំពាក់នូវមុខងារធំៗដូចជា បង្កើតរូបភាព កូដកុំព្យូទ័រ ធ្វើផែនការ ប្រាប់ព័ត៌មាន បង្កើតវីដេអូ វិភាគរូបភាព សង្ខេបអត្ថបទ ផ្តល់ដំបូន្មាន ជួយសរសេរ បំផុសគំនិត និងមើលវត្ថុបុរាណជាដើម។ លើសពីនេះក៏មានមុខងារមួយចំនួនទៀត ដែលមិនទាន់ដាក់ឱ្យដំណើរការផងដែរ។

 

យ៉ាងណាមិញកាលពីពេលថ្មីៗនេះមានសេចក្តីថ្លែងការណ៍មួយរបស់ក្រុមហ៊ុន Alibaba បានបញ្ជាក់ថា ក្រុមហ៊ុន Alibaba គ្រោងនឹងវិនិយោគយ៉ាងហោចណាស់៣៨០ពាន់លានយន់ ស្មើនឹង៥៣ពាន់លានដុល្លារ ក្នុងរយៈពេល ៣ឆ្នាំខាងមុខ ដើម្បីជំរុញដំណើរការហេដ្ឋារចនាសម្ព័ន្ធ AI។

 

សូមរំលឹកថាមហាសេដ្ឋី Jack Ma ស្ថាបនិក Alibaba ធ្លាប់បាត់មុខអស់រយៈពេលជាច្រើនឆ្នាំ ពោលគិតចាប់តាំងពីឆ្នាំ២០២០ ពេលដែលនិយាយរិះគន់អំពីនិយតករហិរញ្ញវត្ថុប្រទេសចិន។ មហាសេដ្ឋីរូបនេះក៏ធ្លាប់បាននិយាយពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិត (AI) ថារយៈពេល ២០ ឆ្នាំខាងមុខ AI នឹងនាំមកនូវការផ្លាស់ប្តូរលើសពីការគិត៕

 

អត្ថបទដោយ៖ ពីង ជូអេង

 

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia