ការវិវត្តន៍របស់AI នៅក្នុងទីផ្សារបច្ចុប្បន្នកំពុងតែគំរាមគំហែងដល់ការងារមួយចំនួននៃទីផ្សារកាងារទូទាំងសកលលោក ដោយក្នុងនោះដែរ AI ក៏អាចចូលមកជំនួសការងារមួយចំនួននៅក្នុងវិស័យធនាគារដែលធ្វើឲ្យការងារខ្លះនៅក្នុងវិស័យនេះត្រូវបានកាត់ចេញហើយជំនួសវិញដោយAIតែម្ដង។
បើយោងតាមរបាយការណ៍ Bloomberg Intelligence ដែលបានធ្វើការស្ទង់មតិប្រធានធនាគារធំៗរួមមានធនាគារ CitiGroup, JPMorgan និង Goldman Sachs បានឲ្យដឹងថា នៅ៣ទៅ៥ឆ្នាំខាងមុខទៀត AI អាចកាត់ការងាររបស់មនុស្សចំនួន២០ម៉ឺនកន្លែងនៃទីផ្សារការងារក្នុងវិស័យធនាគារជាសកល។
តាមរយៈការស្ទង់មតិនេះដែរ ប្រធានធនាគារធំៗបានបង្ហើបថាខ្លួននឹងកាត់បុគ្គលិកជាមធ្យម៣%នៃបុគ្គលិកសរុបខណៈដែលAI អាចជួយការងារដោយស្វ័យប្រវត្តិកាន់តែច្រើន។ ប្រធានធនាគារមួយក្នុងចំណោម៥នាក់បានបង្ហើបថា ការងារកាន់តែច្រើនពោលគឺជាងមធ្យមអាចនឹងត្រូវកាត់ចេញ អាចប្រមាណ៥ទៅ១០%នៃការងារសរុបត្រូវបានកាត់ចេញ។
លោក Tomazs Noetzel អ្នកវិភាគជាន់ខ្ពស់នៃ Bloomberg Intelligence បានឲ្យដឹងថាចំពោះការងារទាំងឡាយណាដែលធ្វើកិច្ចការដដែលៗជាទម្លាប់គឺប្រឈមនឹងហានិភ័យត្រូវកាត់ចេញខ្លាំងជាងគេបំផុត។
នៅក្នុងនោះដែរ លោកក៏បានបង្ហើបថាបុគ្គលិកដែលធ្វើការនៅផ្នែកខាងក្រោយនៃការិយាល័យ(Back office) ផ្នែកកណ្ដាល( Middle office) និងមានតួនាទីប្រតិបត្តិការ( Operation Roles) គឺមានឱកាសខ្ពស់ដែលត្រូវបានកាត់ចេញ។ យ៉ាងណាមិញលោក Tomazs Noetzel ថាAI មិនអាចចូលមកជំនួសបានទាំងស្រុងភ្លាមៗនោះទេន្ដែ AI អាចធ្វើឲ្យមុខតំណែងការងារមួយចំនួនមានការផ្លាស់ប្ដូរខ្លាំង៕