កុំទុកលុយចោល! នេះជារឿងសំខាន់ទាំង៦ ដែលអ្នកអាចធ្វើពេលលុយក្នុងកុងសល់ ១ម៉ឺន$
SOKLY SOMARCH 20 2023276 views

ការបង្កើតទម្លាប់សន្សំលុយគឺជារឿងដ៏ល្អមួយ ព្រោះថាការសន្សំអាចជួយឱ្យមនុស្សមានទម្លាប់ល្អជាមួយលុយកាក់ ព្រមទាំងសល់លុយទៀតផង។ ចុះបន្ទាប់ពីសល់លុយ តើគេនឹងធ្វើអ្វីទៀត ដើម្បីជំនួសឱ្យការទុកលុយចោល ឬការពារកុំឱ្យចាយអស់វិញ?

ថ្ងៃនេះដែរ Business Cambodia សូមលើកយកនូវរឿងសំខាន់៦យ៉ាង ដែលអ្នកអាចធ្វើ នៅពេលដែលអ្នកមានលុយសល់ ឬលុយក្នុងកុងរបស់អ្នកមានដល់១ម៉ឺនដុល្លារហើយ។ រឿងទាំង៦នោះរួមមាន៖

១. ដោះបំណុល

ប្រសិនបើអ្នកកំពុងមានបំណុល សូមប្រញាប់យកលុយទាំងនោះទៅសងគេសិន ព្រោះអ្នកមិននៅជំពាក់គេយូរពេកទេ។ ដោយសារតែបំណុលគឺជាឧបសគ្គមិនល្អមួយ ដូច្នេះអ្នកត្រូវលៃយ៉ាងណា បញ្ចប់វាឱ្យអស់ បានកាន់តែឆាប់កាន់តែល្អ អ្នកមានលុយសល់ពិតមិនសូវមានន័យប៉ុន្មានទេដរាបណាអ្នកមិនទាន់អស់បំណុល។

២. ទុកលុយដោះទាល់

អ្នកក៏អាចទុកលុយទាំងនោះនៅកន្លែងដែលងាយដក សម្រាប់ធ្វើជាប្រាក់បម្រុងសម្រាប់ដោះស្រាយបញ្ហាដែលអ្នកអាចនឹងជួបប្រទះនៅពេលណាមួយស្មានមិនដល់។ អ្នកអាចជ្រើសទុកនៅក្នុងគណនីសន្សំធម្មតាដើម្បីងាយស្រួលដកប្រើពេលមានការ ប៉ុន្តែត្រូវប្រាកដថាអ្នកមិនច្រឡំដកចាយផ្ដេសផ្ដាស។

៣. វិនិយោគ

ប្រសិនបើករណី អ្នកគ្មានបំណុល ហើយមិនទាន់មានតម្រូវការចាំបាច់សម្រាប់ប្រើ អ្នកអាចជ្រើសរើសធ្វើការវិនិយោគ ដោយការទិញភាគហ៊ុននៅលើផ្សារមូលបត្រកម្ពុជាទុក ឬក៏ទិញទ្រព្យសម្បត្តិដូចជា ដី តូបក្នុងផ្សារ ឬក៏អ្វីផ្សេងទៀតសម្រាប់ដាក់ជួលក៏ ឬទុកលក់ពេលឡើងថ្លៃក៏បាន។

៤. ប្ដូរគណនីសន្សំ

បើអ្នកមិនចង់វែងឆ្ងាយ ឬមិនចង់ស្មុគស្មាញ និងមិនទាន់ត្រូវការលុយរយៈពេលយូរទៀត អ្នកអាចជ្រើសរើសបង្កើតគណនីសន្សំមានកាលកំណត់នៅធនាគារ​ ដែលអាចផ្ដល់អត្រាការប្រាក់ល្អ។ ធ្វើបែបនេះប្រសើរជាងទុកលុយចោល លុយក៏មានសុវត្ថិភាព ហើយចំណេញការប្រាក់រាល់ឆ្នាំថែមទៀត។

៥. បែងចែកលុយ

ជាមួយនឹងលុយ ១ម៉ឺនដុល្លារឬលើសនេះ លោកអ្នកក៏អាចបង្កើតគណនីសន្សំទី២ផងដែរ ដោយទី១ទុកជាគណនីសង្គ្រោះបន្ទាន់ រីឯគណនីទី២គឺទុកសម្រាប់ចំណាយលើគោលដៅដែលអ្នកចង់បានដូចជា ទិញរបស់អ្វីមួយដែលសំខាន់សម្រាប់អ្នកជាដើម។

ការបំបែកគណនីសន្សំគឺសម្រាប់អ្នកដែលមានគោលដៅចង់ធ្វើនេះចង់ធ្វើនោះច្រើន គណនីអាចមានលើសពី២ព្រោះមនុស្សម្នាក់ៗមានរឿងចង់ធ្វើច្រើន។ ទោះយ៉ាងណាក្នុងចំណោមគណនីទាំងអស់ត្រូវមានគណនីសង្រ្គោះបន្ទាន់មួយ ហើយការបំបែកបែបនេះអាចជួយឱ្យយើងមានទឹកចិត្តសន្សំលុយកាន់តែច្រើន។

៦. ចាត់ចែងឱ្យកូន

បើអ្នកមានគ្រួសារហើយ លុយ១ម៉ឺនដុល្លារ ក៏អាចដាក់ចូលទៅក្នុងគណនីសន្សំអាណាព្យាបាល អ្នកអាចទុកលុយនោះសម្រាប់ឱ្យកូនៗប្រើប្រាស់ពេលពួកគេឈានជើងចូលរៀននៅមហាវិទ្យាល័យនៅថ្ងៃខាងមុខ ធ្វើបែបនេះអ្នកនឹងលែងភ័យខ្លាចចំពោះការខ្វះខាតថ្ងៃបង់សាលាឱ្យកូន។

អត្ថបទដោយ៖ សូ សុខលី

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia