សុភាសិតខ្មែរពោលថា “សម្តីជាអាថ៌កន្លង បានសុខទុក្ខផង ព្រោះសម្តី” ចម្រើន ឬចង្រៃ គឺអាស្រ័យលើមាត់។ ខាងក្រោមនេះ គឺជាពាក្យសម្តីទាំង៥ឃ្លា បើឧស្សាហ៍និយាយ បង្ហាញថាអ្នកជាមនុស្សនៅក្បែរកក់ក្តៅ ពូកែយល់ចិត្ត និងប៉ិនប្រសព្វក្នុងការធ្វើទំនាក់ទំនង ដោយយោងតាមការសិក្សាផ្នែកចិត្តសាស្ត្រ៖
១/. ខ្ញុំយល់អារម្មណ៍របស់អ្នក៖ ការរស់នៅប្រចាំថ្ងៃ យើងតែងជួបមនុស្សដែលបង្ហាញពីអារម្មណ៍ច្រើនដូចជា ភាពរីករាយ រំភើប ទុក្ខសោក ខកចិត្ត ឬខឹងសម្បារជាដើម។ សញ្ញាសម្គាល់នៃ ភាពវៃឆ្លាតខាងផ្នែកអារម្មណ៍ខ្ពស់ គឺជាសមត្ថភាពក្នុងការទទួលស្គាល់ និងអាចចូលដល់អារម្មណ៍របស់អ្នកដទៃ។ វាពិតជាមានសារៈសំខាន់ណាស់ក្នុងការកសាងទំនុកចិត្ត និងរឹតបន្តឹងចំណងទំនាក់ទំនង។
២/. ខ្ញុំពេញចិត្តចំពោះទស្សនៈរបស់អ្នក៖ ការស្រាវជ្រាវបង្ហាញថា ទង្វើសាមញ្ញនៃការទទួលស្គាល់ទស្សនៈរបស់អ្នកដទៃអាចកាត់បន្ថយជម្លោះ និងលើកកម្ពស់ការដោះស្រាយបញ្ហាកាន់តែប្រសើរឡើង។ វិធីសាស្ត្រនេះជំរុញឲ្យមានបរិយាកាសសហការគ្នាកាន់តែខ្លាំង ធ្វើឲ្យការពិភាក្សាប្រកបដោយផលិតភាពខ្ពស់ ចៀសជាងការជជែកវែកញែតឹងសរសៃកដាក់គ្នា។
៣/. ខ្ញុំនឹងនៅទីនេះសម្រាប់អ្នក៖ ពេលខ្លះរឿងដ៏មានឥទ្ធិពលបំផុតដែលអ្នកអាចធ្វើបានសម្រាប់នរណាម្នាក់ គឺគ្រាន់តែនៅទីនោះសម្រាប់ពួកគេ។ ការប្រើឃ្លានេះ អ្នកកំពុងលើកដៃគាំទ្រ នៅពេលដែលនរណាម្នាក់កំពុងឆ្លងកាត់ពេលវេលាដ៏លំបាក ដោយបង្ហាញថាពួកគេមិននៅម្នាក់ឯងឡើយ ហើយពួកគេអាចពឹងផ្អែកលើការគាំទ្រផ្លូវចិត្តពីអ្នកបានគ្រប់ពេល។
៤/. តើខ្ញុំអាចគាំទ្រអ្នកដោយរបៀបណា? ការផ្តល់ជំនួយដល់អ្នកដទៃប្រកបដោយបញ្ញា គឺជាសញ្ញាពិតនៃភាពវៃឆ្លាតខាងផ្លូវចិត្ត។ វាបង្ហាញពីការយល់ចិត្ត ការអាណិតអាសូរ និងបំណងប្រាថ្នាពិតប្រាកដ ដើម្បីធ្វើឱ្យអ្វីៗកាន់តែប្រសើរឡើងសម្រាប់អ្នកដទៃ។
៥/. វាមិនអីទេក្នុងការមានអារម្មណ៍បែបនេះ៖ វាជាការរំលឹកថា អារម្មណ៍ ទោះបីជាមិនស្រួលប៉ុណ្ណាក៏ដោយ គឺជាផ្នែកមួយនៃការធ្វើជាមនុស្ស ហើយវាមិនអីទេក្នុងការទទួលបានបទពិសោធន៍ទាំងនោះ។ ប្រសិនបើអ្នកឧស្សាហ៍ប្រើឃ្លានេះ វាបង្ហាញថាអ្នកយល់ពីសារៈសំខាន់នៃការទទួលស្គាល់ និងសុពលភាពនៃអារម្មណ៍ ដែលមានសារៈសំខាន់សម្រាប់សុខុមាលភាពផ្លូវចិត្ត និងទំនាក់ទំនងដែលមានសុខភាពល្អ។
យ៉ាងណាមិញ ពាក្យចាស់ខ្មែរបុរាណពោលថា “មនុស្សយកសម្តី ដំរីយកភ្លុក” ចូរប្រើពាក្យសម្តីប្រកបដោយបញ្ញា ក្តីមេត្តា និងជាប្រយោជន៍សម្រាប់ខ្លួនឯង អ្នកដទៃ សង្គមជាតិ និងមនុស្សជាតិ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។
បញ្ជាទិញតាម https://t.me/BusinessCambodiaBook



